អាមេរិក​ផ្តល់​ថវិកា​ជាង​១២​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​អភិរក្ស​បេតិកភណ្ឌ​​វប្បធម៌​ប្រវត្តិសាស្ត្រ

រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោកស្រី ភឿង សកុណា និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​គម្រោង​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក (AFCP) ជាង​១២ម៉ឺន​ដុល្លារ សម្រាប់​រយៈពេល​៣ឆ្នាំ​ក្នុងការរៀបចំ

​​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោកWilliam Heidt បាន​លើក​ឡើង​ថា​ មូលនិធិ​ឯក​អគ្គរដ្ឋទូត​អាមេរិក​គឺ​ជា​ការ​វិនិយោគ​មួយ​ទៅ​លើ​ប្រវត្តិសាស្រ្ត​វប្បធម៌​របស់​កម្ពុជា ជា​ពិសេស​​ជា​ការ​វិនិយោគ​លើ​​ប្រជាជន​កម្ពុជា ​ឲ្យ​ពួកគេ​ទទួល​បាន​ផល​ប្រយោជន៍​យូរ​អង្វែង​ពី​ការ​អភិរក្ស។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៦​ ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ និង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក (AFCP)​ ជាង​១២​ម៉ឺន​ដុល្លារ​ សម្រាប់រយៈពេល​៣ឆ្នាំ​ក្នុង​ការ​រៀបចំ​បញ្ជី​សារពើភណ្ឌ​នៃ​បេតិកភណ្ឌ​វប្បធម៌។​

ការ​ផ្តល់​ទឹក​ប្រាក់​នេះគឺ​ដើម្បី​ជួយ​ប្រជាជន​កម្ពុជាក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ប្រវត្តិសាស្ត្រ​ តាម​ទី​តាំង​ចំនួន​២៤​ ក្នុង​ខេត្តកំពង់ចាម​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ កំពត​ ព្រៃវែង​ តាកែវ​ និង​ខេត្ត​ត្បូងឃ្មុំ។​

រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោកស្រី ភឿង សកុណា និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​គម្រោង​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក (AFCP) ជាង​១២ម៉ឺន​ដុល្លារ សម្រាប់​រយៈពេល​៣ឆ្នាំ​ក្នុងការរៀបចំ

ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោកWilliam Heidt បាន​លើក​ឡើង​ថា​ មូលនិធិ​ឯក​អគ្គរដ្ឋទូត​អាមេរិក​គឺ​ជា​ការ​វិនិយោគ​មួយ​ទៅ​លើ​ប្រវត្តិសាស្រ្ត​វប្បធម៌​របស់​កម្ពុជា ជា​ពិសេសជា​ការ​វិនិយោគ​លើប្រជាជន​កម្ពុជា ​ឲ្យ​ពួកគេ​ទទួល​បាន​ផល​ប្រយោជន៍​យូរ​អង្វែង​ពី​ការ​អភិរក្ស។

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​មាន​ប្រសាសន៍​ថា៖

«យើង​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ក្រុម​អ្នកធ្វើ​ការ​ផ្នែក​អភិ​រក្ស​វប្បធម៌​ដែល​រួម​មាន​អ្នក​បូរាណវិទ្យា​ អ្នក​អភិរក្ស​ និង​បុគ្គលិក​កម្មករ។​ យើង​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​មនុស្ស​ដែល​រស់​នៅជិត​ប្រាសាទ​ទាំង​នេះ​ ហើយ​យើង​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​យុវជន​ដោយ​ធ្វើ​ការ​អភិរក្ស​ប្រាសាទ​ទាំង​នេះ​ដើម្បី​ឲ្យ​គេ​អាច​បង្រៀន​និង​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ជំនាន់​ក្រោយ»។​

លោក​បន្ថែម​ថា​ អាមេរិក​មាន​មោទនភាព​ក្នុង​ការ​ជួយ​ដល់​ការ​ខិតខំ​របស់​កម្ពុជា ​ដើម្បី​ការពារ​ ចងក្រងឯកសារ​និង​បង្ហាញ​ដល់​ក្រុម​មនុស្ស​ដទៃ​ទៀត​នូវ​បេតិកភណ្ឌ​ដ៏​ពិសេស​របស់​កម្ពុជា​និង​ជំរុញដល់​គោល​ដៅ​ដូច​មាន​ចែង​ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​សម្បត្តិ​វប្បធម៌​រវាង​អាមេរិក-កម្ពុជា​ឆ្នាំ​២០០៣។​

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោកស្រី​ ភឿង​ សកុណា​ ថ្លែង​ថា ​ប្រាសាទ​បុរាណ​គឺ​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ​ទាំង​មូល​ ដែល​ចាំ​បាច់​ត្រូវ​ចូល​រួម​ថែរក្សា​និង​ការពារ។​ លោកស្រី​បន្ថែម​ថា​ ថវិកា​ដែល​ទទួល​បាន​នេះនឹង​ប្រគល់​ទៅ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​ ដើម្បី​យក​ទៅ​អភិវឌ្ឍ​និង​ជួស​ជុល​ប្រាសាទ​នានា​តាម​ប្រាសាទ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា។​

លោកស្រី​ ភឿង​ សកុណា បញ្ជាក់​ថា៖

«យើង​បាន​ធ្វើ​រួមគ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ផ្ទាំង​ប៉ាណូ ផ្លាក​សញ្ញា​សម្រាប់​ទប់​ស្កាត់​នូវ​ការ​ជួញ​ដូរ និង​ការ​ចរាចរណ៍​វត្ថុ​បុរាណ​ខុស​ច្បាប់​ នៅ​តាម​ផ្លូវ​ច្រក​ព្រំដែន​នានា​ហើយ​ក៏​បាន​ផលិត​ខ្សែវីដេអូ​ខ្លីៗ​សម្រាប់​ផ្សព្វផ្សាយ​នៅ​តាម​សហគមន៍​នានា​ ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាជន​បាន​ដឹង​ពី​គ្រោះថ្នាក់​ ពី​ការ​បាត់បង់​ និង​ទប់​ស្កាត់ការ​ជួញ​ដូរ​វត្ថុ​បុរាណ​នៅ​តាម​ផ្លូវ​ដោយ​ខុស​ច្បាប់។​ យើង​ក៏​បាន​ធ្វើ​ផង​ដែរ​នូវ​ការធ្វើ​បញ្ជី​សារពើភណ្ឌតាម​វត្ត​ តាម​ប្រាសាទ​ តាម​ឃ្លាំង​ ដើម្បី​ឲ្យ​វត្ថុ​បុរាណ​ទាំង​នោះ​ចុះ​បញ្ជី​បាន​ត្រឹម​ត្រូវ»។

នេះ​ជា​ការ​ផ្តល់មូលនិធិ​ទី​១៨​ ក្នុង​រយៈពេល​១៥​ឆ្នាំ​ ដែល​អាមេរិក​បាន​ចំណាយ​ប្រាក់​ចំនួន​៣.៨​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​កម្មវិធី​ទ្រទ្រង់​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ ដូច​ជា​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​លួច​ប្លន់​វត្ថុ​បុរាណ​ ការ​វិភាគ​ទិន្នន័យ​ ការ​អភិរក្ស​នៅ​តាម​ទីតាំង​ប្រាសាទ​នានា​ ដូចជា​ភ្នំ​បាខែង​ និង​ប្រាសាទ​អង្គរ​ជាដើម៕