ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ក្រុម​សាស្ត្រាចារ្យ​ខ្មែរ​អាមេរិកាំង នឹង​ជំរុញ​ឲ្យ​មាន​ការ​ស្ញប់ស្ញែង​ថែម​ទៀត​អំពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ


ក្រុមសាស្ត្រាចារ្យនៃសាលា Middlesex Community College និង Lowell Public Schools ក្នុងទីក្រុងLowell រដ្ឋ ម៉ាសាជូសិតសហរដ្ឋអាមេរិក ថតរូបជុំគ្នា មុនដំណើរទស្សនកិច្ចសិក្សានៅក្នុងប្រទេសកម្ពុជា ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ក្រោមការគាំទ្រមូលនិធិពីកម្មវិធី Fulbright-Hays Group Projects Abroad Grant។ សាស្ត្រាចារ្យ Dona Cady ព្រឹទ្ធនារី នៃ Middlesex Community College (រូបទី៤ ជួរមុខ រាប់ពីឆ្វេងទៅស្តាំ) គឺ​ជា​អ្នក​ដឹកនាំ​កម្មវិធី​ទស្សនកិច្ចសិក្សានេះ។ (រូបថតផ្តល់​ឲ្យដោយ Dona Cady)
ក្រុមសាស្ត្រាចារ្យនៃសាលា Middlesex Community College និង Lowell Public Schools ក្នុងទីក្រុងLowell រដ្ឋ ម៉ាសាជូសិតសហរដ្ឋអាមេរិក ថតរូបជុំគ្នា មុនដំណើរទស្សនកិច្ចសិក្សានៅក្នុងប្រទេសកម្ពុជា ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ក្រោមការគាំទ្រមូលនិធិពីកម្មវិធី Fulbright-Hays Group Projects Abroad Grant។ សាស្ត្រាចារ្យ Dona Cady ព្រឹទ្ធនារី នៃ Middlesex Community College (រូបទី៤ ជួរមុខ រាប់ពីឆ្វេងទៅស្តាំ) គឺ​ជា​អ្នក​ដឹកនាំ​កម្មវិធី​ទស្សនកិច្ចសិក្សានេះ។ (រូបថតផ្តល់​ឲ្យដោយ Dona Cady)

ក្រុម​សាស្ត្រាចារ្យ​ខ្មែរ​និង​អាមេរិកាំង នឹង​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​៤​សប្តាហ៍ ចាប់​ពី​ដើម​ខែ​កក្កដា​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ស្ញប់ស្ញែង​អំពី​ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ​បន្ថែម​ទៀត​ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

កំណត់និពន្ធ៖ ក្រុម​សាស្ត្រាចារ្យ​ខ្មែរ​និង​អាមេរិកាំង​ជំនាញ​ខាង​សិល្បៈ​នៃ​មហា​វិទ្យាល័យ Middlesex Community College ​និង​សាលា​រដ្ឋ​ Lowell Public Schools ក្នុង​រដ្ឋ​ម៉ាសាជូសិត​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​៤​សប្តាហ៍ ចាប់​ពី​ដើម​ខែ​កក្កដា​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ស្ញប់ស្ញែង​អំពី​ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ​បន្ថែម​ទៀត​ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ លោក សាយ មុន្នី នៃ​VOA បាន​ជួប​សម្ភាសន៍តាម​ទូរស័ព្ទ​ជាមួយ លោកស្រី Dona Cady ព្រឹទ្វនារី​ឬ​អ្នក​ដឹកនាំ​ម្នាក់​នៃ​សាកល​វិទ្យាល័យ Middlesex Community College ​អំពី​ទស្សនកិច្ច​សិក្សា​នេះ។


VOA៖ បាទ​សូម​ជម្រាបសួរ លោកស្រី​សាស្ត្រាចារ្យ​ Dona Cady និង​សូម​អរគុណ ដែល​ចំណាយ​ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​វីអូអេ។

Dona៖ ចាស៎ ខ្ញុំ​រីករាយ​នឹង​ផ្ដល់​បទសម្ភាសន៍​នេះ។

VOA៖ តើ​លោកស្រី Dona ខ្ញុំ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​នៃ​ក្រុម​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​របស់​លោកស្រី ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ​កក្កដា​នេះ បាន​ទទួល​មូលនិធិគាំទ្រ​ឬ​Grant ពី​កម្មវិធី ​Fulbright-Hays Group Projects Abroad Program។ តើ​លោក​ស្រី អាច​ជម្រាប​លោក​អ្នក​ស្ដាប់​យើង បន្ថែម​ទៀត​បាន​ទេ​ ថា​តើនៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៃ​ក្រុម​របស់​លោក​ស្រី ផ្តោត​សំខាន់​ទៅ​លើ​អ្វី​ទៅ?

Dona៖ កម្មវិធី Fulbright-Hays មួយ​នេះ ផ្ដោត​ទៅ​លើ​សិល្បៈ និង​ក្រឡេក​ទៅ​មើល​ផ្នែក​សិល្បៈ​ក្នុង​ទីក្រុង Lowell និង​ក្នុង​ប្រទេស​កម្ពុជា ហើយ​មើល​ថា​តើ​ សិល្បៈ​ទាំង​នោះ អាច​មាន​និរន្តរភាព​យ៉ាង​ម៉េច​បាន​នៅ​ក្នុង​កន្លែង​ទាំង​ពីរ​ហ្នឹង។ យើង​ផ្តោត​សំខាន់​មែន​ទែន​ទៅ​លើ​ការ​ដែល​ថា​តើ​សិល្បៈ​ទាំង​នោះ អាច​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ ជា​ពិសេស​នៅ​សាលា Lowell Public Schools ដែល​យើង​សហការ​ជាមួយ​សម្រាប់​គម្រោង​គាំទ្រ​មូលនិធិ​នេះ យើង​ម៉េច​បាន ពីព្រោះ​យើង​មាន​សាស្ត្រាចារ្យចំនួន​៦​នាក់ ពី​មហាវិទ្យាល័យ Middlesex Community College និង​ ៦ នាក់​ទៀត ពី​សាលា Lowell Public Schools ដែល​ចូលរួម​ជាមួយ​គ្នា​ក្នុង​គម្រោង​នេះ។

យើង​មាន​ចំណាប់អារម្មណ៍​ផ្សេងៗ​ជា​ច្រើន ប៉ុន្តែ យើង​មាន​ការ​ផ្តោត​យ៉ាង​ស៊ីជម្រៅ​ទៅលើ​ផ្នែក​សិល្បៈ មាន​គ្រូ​ភ្លេង គ្រូ​សិល្បៈ ជាដើម។ យើង​ក៏​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​ផ្នែកនិរន្តរភាព បរិស្ថាន និង​សហគ្រិន​ភាព​ក្នុង​ចំណោម​របស់​យើង​ផងដែរ។

VOA៖ លោក​ស្រី​ លើកឡើងអំពី​សិល្បៈ តើ​លោកស្រី អាច​បញ្ជាក់​បាន​ទេ​ថា​តើ​ទម្រង់​សិល្បៈ​ជាក់លាក់​ណាមួយ​ ដែល​ក្រុម​របស់​លោក​ស្រី នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ទៅលើ ក្នុង​កម្មវិធី​នេះ?

​Dona៖ យើង​ចាប់អារម្មណ៍​ជាពិសេស​ទៅលើ​ភ្លេង ហើយ​នឹង​ទម្រង់​សិល្បៈ​ចម្លាក់ និង​សូន​រូប ជាដើម។ យើង​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​លើ​ទម្រង់​សិល្បៈ​ទាំង​នេះ។ ពួក​យើង មាន​ភ័ព្វ​សំណាង​មែន​ទែន ដែល​មាន លោក​ យ៉ារី លីវែន (Yary Livan ) ដែល​ជា​សិល្បករ​ស្នាក់​នៅ​រយៈពេល​យូរ​នៅ​សាកលវិទ្យាល័យ ហាវើដ ដែល​បាន​មកដល់​ទីក្រុង Lowell ហើយ​លោក​បង្រៀន​សិល្បៈ​សូន​រូប​នៅ​ក្នុង​មហាវិទ្យាល័យ Middlesex Community College ។ កាល​ពី​ឆ្នាំ​មុន លោក​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ដោយ​ទី​ភ្នាក់ងារ​សហព័ន្ធ​ដែល​លើកស្ទួយ​ស្នាដៃ​សិល្បៈ National Endowment of the Arts ក្នុង​នាម​ជា​អ្នក​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដែល​ជា​ការ​ទទួល​ស្គាល់​ថ្នាក់​ជាតិ​ដ៏​មាន​កិត្តិយស ចំពោះ​ស្នាដៃ​សិល្បៈ​ដ៏​ឆ្នើម​របស់​លោក។ លោក បាន​នាំ​មក​ជាមួយ​នូវ​កេរ្តិ៍មរតក​សិល្បៈ​និងវប្បធម៌​ខ្មែរ ហើយ​បាន​ប្រែក្លាយ​មរតក​នោះ​ទៅ​ជា​ទម្រង់​សិល្បៈ​ផ្សេងៗ។

ដូច្នេះ អ្វី​ដែល​យើង​នឹង​ធ្វើ គឺ​ក្រឡេក​មើល​ទៅ​សិល្បៈ​ប្រពៃណី​ខ្មែរ ហើយ​ស្វែង​រក​សិល្បករ​ ដែល​ចង់​បន្ត​ប្រពៃណី​នេះ ហើយ​មើល​ថា​តើ​យើង​អាច​នាំ​ប្រពៃណី​នេះ​ មក​កាន់​សហគមន៍​យើង ជាពិសេស សាលា​របស់​យើង បាន​យ៉ាង​ដូចម្ដេច​ខ្លះ។ សាលា​របស់​យើង ៩៥​ភាគរយ គឺ​មាន​លក្ខណៈ​ជា​ខ្មែរ ហើយ​គ្រូ​បង្រៀន​នៅ​ទី​នោះ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សិស្ស និស្សិត តាម​រូបភាព​ផ្សេងៗ។ ពួកគេ ចង់​យល់​ពី​វប្បធម៌ និង​ចង់​យល់​ពី​ទម្រង់​សិល្បៈ​ផ្សេងៗ​ផងដែរ។

ដូច្នេះ ទម្រង់​សិល្បៈ​ដែល​យើង​ នឹង​ផ្ដោត​ទៅលើ​នោះ មិន​ត្រឹម​គ្រាន់​តែ​ជា​សិល្បៈ​សូនរូប ចម្លាក់ ឬ​គំនូរ​នោះ​ទេ តែ​ថែម​ទាំង​ដូរ្យតន្ត្រី​ផង​ដែរ។

តាម​ពិត​ទៅ គម្រោង​មូលនិធិ​មួយ​របស់​យើង ដែល​យើង​បាន​ធ្វើ​ជាង​១​ឆ្នាំ​កន្លះ​ កន្លង​មក​ហើយ​នេះ គឺ​ការ​រក្សា​ភ្លេង​ប្រពៃណី​ខ្មែរ។

ដូច្នេះ កម្មវិធី​ទស្សនកិច្ច​សិក្សា​របស់​ទៅ​កាន់​ប្រទេស​កម្ពុជា ក្រោម​គម្រោង​គាំទ្រ​មូលនិធិ​ដោយ Fulbright-Hays Group Projects Abroad Program នេះ នឹង​ផ្ដោត​ទៅ​លើ​និរន្តរភាព​នៃ​សិល្បៈ​និង​សហគ្រិនភាព​នៃ​សិល្បៈ ដើម្បី​ឲ្យ​សិល្បៈ​ទាំង​នេះ អាច​មាន​ចិរភាព​បាន។

VOA៖ តើ​ហេតុ​អ្វី ចាំបាច់​ត្រូវ​រក្សា​សិល្បៈ​ប្រពៃណី​ខ្មែរ ឲ្យ​មាន​និរន្តរភាព​នៅ​ក្នុង​សហរដ្ឋ​អាមេរិក?

Dona៖ ខ្ញុំ​គិត​ថា វា​មាន​សារសំខាន់​ណាស់​នៅក្នុង​សហរដ្ឋ​អាមេរិក ក៏​ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ធ្វើ​ឲ្យ​មាន​និរន្តរភាព​នៃ​កេរ្តិ៍មរតក​សិល្បៈ​ប្រពៃណី​ខ្មែរ ពីព្រោះ​ទីក្រុង​Lowell មាន​ប្រជាជន​ខ្មែរ​រស់​នៅ​ជាង​៣ម៉ឺន​នាក់។ នេះ​គឺ​ចំនួន​ប្រជាជន​ខ្មែរ​ច្រើន​ជាង​គេ​ទី២ ដែល​រស់នៅ​ក្រៅ​ប្រទេស។

ហើយ​វា​មាន​សារសំខាន់​មិនមែន​សម្រាប់​តែ​សហគមន៍ Lowell របស់​យើង​ ក្នុងការ​ក្រឡេក​មើល​កេរ្ត៍​មរតក​វប្បធម៌ ដែល​មក​ជាមួយ​ជន​អន្តោប្រវេសន៍​ប៉ុណ្ណោះ​ទេ តែ​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា កេរ្ត៍​មរតក​វប្បធម៌​នេះ​ ត្រូវ​បាន​បន្ត​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ទៀត ដើម្បី​ឲ្យ​ប្រពៃណី​អាច​ស្ថិតស្ថេរ មិនមែន​ត្រឹម​តែ​នៅ​សហគមន៍​អន្តោប្រវេសន៍​ជាក់​លាក់​មួយ​នេះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​លើ​ពិភពលោក​ផង​ដែរ ពី​ព្រោះ​ពួកយើង​ទាំង​អស់ សុទ្ធ​តែ​ជា​ជនអន្តោប្រវេសន៍​ក្នុង​រូបភាព​ណាមួយ​នោះ ដូច្នេះ​បេតិកភណ្ឌ​របស់​យើង មាន​សារសំខាន់​សម្រាប់​យើង​គ្រប់ៗគ្នា។

VOA៖ ខ្ញុំ​ដឹង​ថា ក្រុម​របស់​លោកស្រី នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​៥​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​សីហា​ខាង​មុខ​នេះ។ តើ​លោកស្រី​ អាច​ជម្រាប​បាន​ទេ ថា​តើ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក្រុម​របស់​លោក​ស្រី នឹង​ទៅ​តំបន់​ណា​ខ្លះ និង​ជួប​នរណា និង​ធ្វើ​អ្វី​ខ្លះ​ឲ្យ​ពិតប្រាកដ?

​Dona៖ យើង​នៅ​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ ហើយ​យើង​នឹងទៅ​ខេត្ត​សៀមរាប បាត់ដំបង កំពង់ឆ្នាំង និង​កន្លែង​មួយ​ចំនួន​ទៀត ដោយ​ជួប​ជាមួយ​មនុស្ស​ជាច្រើន។​ យើង​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ ហើយ​យើង​ក៏​នឹង​ជួប​ជាមួយ​តំណាង​ខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ខ្លះ​ទៀត ដូចជា សាកល​វិទ្យា​អាមេរិកាំង​ក្នុង​ទីក្រុង​ភ្នំពេញ (American University of Phnom Penh) ដែល​មាន​ទំនាក់ទំនង​ជាមួយ​សាលា​របស់​យើង។ យើង​ក៏​នឹងទៅ​តាម​សាលារៀន​ផ្សេងទៀត រួម​ទាំង​សាលាបឋមសិក្សា​និង​ជួប​ខាង​តំណាង​ក្រុមហ៊ុន​ខាង​សិល្បៈ​ផងដែរ។

ដូច្នេះ យើង​សង្ឃឹម​ថា យើង​នឹង​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ទាំង​អស់​គ្នា ហើយ​រៀន​សូត្រ​អំពី​ប្រភេទ​សិល្បៈ​ផ្សេងៗ និង​គម្រោង​សិល្បៈ​នានា មិន​ថា​ជា​គម្រោង​សិល្បៈ​ខ្មែរ​អមត ឬ​ក៏​អង្គការ​សិល្បៈ​តូចជាង​នេះ​ទេ ។ ដូច្នេះ យើង​សង្ឃឹម​ថា នឹង​បាន​ជួប​ក្រុម​សិល្បៈ​ផ្សេងៗ​ជាច្រើន។

​VOA៖ តើ​លោក​ស្រី​រំពឹង​ថា ក្រុម​របស់​លោកស្រី នឹង​ទទួល​បាន​អ្វី​មក​វិញ​ ពី​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ប្រទេស​កម្ពុជា​នេះ។

​Dona៖ ការ​រំពឹង​ទុក​របស់​ក្រុម​យើង​គឺ​ថា សមាជិក​នៃ​ក្រុម​របស់​យើង​ នឹង​ត្រឡប់​មក​វិញ ដោយ​នាំ​មក​ជាមួយ​នូវ​គម្រោង​ផ្សេងៗ ដូចជា សកម្មភាព​ក្រៅ​កម្មវិធី​សិក្សា ​ឬ​ក៏​គម្រោង​កម្មវិធី សហគ្រិនភាព​ដែល​មាន​ចិរភាព ដែល​ពួកគេ​នឹង​ធ្វើ​ជាមួយ​កូនសិស្ស ហើយ​សិស្ស​ និស្សិត នឹង​អាច​ផលិត​សម្ភារៈ​សិក្សា ដែល​នឹង​មិន​ត្រឹមតែ​អាច​ប្រើប្រាស់​បាន​ក្នុង​ថ្នាក់រៀន​ជាក់លាក់​ណាមួយនោះ​ទេ តែ​នឹង​អាច​ប្រើប្រាស់​បាន​នៅក្នុង​កម្មវិធី​សិក្សា​ទាំង​មូល​បាន​ទៀត​ផង។

VOA៖ ជា​ចុងក្រោយ សូម​ជូនពរ​ឲ្យ​លោកស្រី និង​ក្រុម​របស់​លោក​ស្រី ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​និង​ទទួល​បាន​ជោគជ័យ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ប្រទេស​កម្ពុជា។

​Dona៖ សូមអរគុណ។ សូមជម្រាបលា៕

XS
SM
MD
LG