សហរដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ស្រប​ពេល​ដែល​មាន​ភាព​តានតឹង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង

លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​មើល​ការ​បាញ់​បង្ហោះ​មីស៊ីល Hwasong-12 នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ចន្ទ​នេះ យោធា​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​កម្រិត​ខ្ពស់ និង​យន្តហោះ​ចម្បាំង​សម្ងាត់​ពី​លើ​ឧបទ្វីប​កូរ៉េ និង​នៅ​ជិត​ប្រទេស​ជប៉ុន នៅ​ក្នុង​សមយុទ្ធ​ជាមួយ​នឹង​យន្តហោះ​ចម្បាំង​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ដែល​ការ​ធ្វើ​សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល ៣ ថ្ងៃ ក្រោយ​មក​បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ហោះ​កាត់​ពី​លើ​ប្រទេស​ជប៉ុន។

យន្តហោះ​ចម្បាំង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​ហោះ​កាត់​ឧបទ្វីប​កូរ៉េ និង​ហាត់​សម​ការ​វាយ​ប្រហារ​ដោយ​បញ្ចេញ​នូវ​អាវុធ​ពិតៗ​នៅ​ឯ​កន្លែង​ហាត់​សម​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ យន្តហោះ​ចម្បាំង​អាមេរិក​ក៏​ធ្វើ​ការ​ហ្វឹកហាត់​ជាមួយ​នឹង​យន្តហោះ​ចម្បាំង​ជប៉ុន​លើ​ដែន​ទឹក​ជិត​កោះ Kyushu ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទី​បញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន។

សហរដ្ឋ​អាមេរិក​ជា​រឿយៗ​បញ្ជូន​យន្តហោះ​យោធា​ដ៏​មាន​ឥទ្ធិពល​ទៅ​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ដើម្បី​បង្ហាញ​ពី​កម្លាំង​របស់​ខ្លួន នៅ​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង។ កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​តឹងតែង​របស់​អង្គការ​សហប្រជាជាតិ​លើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៦ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៣ ខែ​កញ្ញា​កន្លង​ទៅ​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ បាន​ដក​ស្រង់​សម្ដី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ដែល​បាន​និយាយ​ថា គោល​បំណង​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ជើង​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្លាំង​ពិត​ប្រាកដ​របស់​កូរ៉េ​ខាង​ជើង​មាន​តុល្យភាព​ជាមួយ​នឹង​កម្លាំង​របស់​សហរដ្ឋ​អាមេរិក និង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ញញើត​ក្នុង​ការ​និយាយ​អំពី​ជម្រើស​យោធា​ដែល​នឹង​ប្រើ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង៕