នៅក្នុងចំណាត់ការមួយដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងនយោបាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបណ្តេញលោក James Comey ចេញពីតំណែងជានាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI។
លោកប្រធានាធិបតីបានប្រាប់លោក Comey នៅក្នុងលិខិតមួយកាលពីថ្ងៃអង្គារថា លោក Comey «មិនអាចដឹកនាំការិយាល័យនេះប្រកបដោយប្រសិទ្ធភាពតទៅទៀតនោះទេ»។
លោក Trump បានថ្លែងថា ការសម្រេចចិត្តរបស់លោកគឺផ្អែកទៅតាមលិខិតដាច់ដោយឡែកសរសេរដោយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Jeff Sessions និងលោកអនុរដ្ឋមន្ត្រី Rod Rosenstein ដែលបានអំពាវនាវឲ្យបញ្ឈប់ការងាររបស់លោក Comey ដោយសារតែការងារស៊ើបអង្កេតរបស់លោកទៅលើអ៊ីម៉ែលរបស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Hillary Clinton ដែលបានចាញ់លោក Trump នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅ។
ប៉ុន្តែក្រុមតំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យដែលដឹកនាំដោយមេដឹកនាំសំឡេងភាគតិចនៅក្នុងសភាលោក Chuck Schumer នោះ បានចោទប្រកាន់ទាំងខឹងសម្បារថា ការដែលលោក Comey ត្រូវបានបញ្ឈប់ពីការងារគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបញ្ចប់ការស៊ើបអង្កេតទៅលើបទចោទប្រកាន់ពីទំនាក់ទំនងរវាងរស្ស៊ីជាមួយនឹងសមាជិកនៃក្រុមយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump។
«យើងដឹងថា សភាកំពុងធ្វើការស៊ើបអង្កេតទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតរបស់យើង ដែលផ្តល់ប្រយោជន៍ដល់យុទ្ធនាការរបស់លោក Trump។ យើងដឹងថា ព្រឹទ្ធសភាកំពុងធ្វើការស៊ើបអង្កេត ហើយយើងដឹងថាទីភ្នាក់ងារ FBI កំពុងស្វែងរកថាតើយុទ្ធនាការរបស់លោក Trump មានឃុបឃិតជាមួយរុស្ស៊ីដែរឬយ៉ាងណា។ នេះគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរមួយ។ តើការស៊ើបអង្កេតទាំងនេះប៉ះពាល់ដល់លោកប្រធានាធិបតីធ្ងន់ធ្ងរពេកឬយ៉ាងណា»?
លោក Schumer បានអំពាវនាវឲ្យក្រសួងយុត្តិធម៌តែងតាំងរដ្ឋអាជ្ញាពិសេសមួយដើម្បីបន្តការស៊ើបអង្កេតទៅលើបទចោទប្រកាន់ទៅលើទំនាក់ទំនងរវាងយុទ្ធនាការរបស់លោក Trump ជាមួយនឹងរុស្ស៊ី។
ក្រុមតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋមួយចំនួនបានបង្ហាញការខឹងសម្បាររបស់ខ្លួននិងបានបង្ហាញភាពស្រងាកចិត្តចំពោះការដែលលោកប្រធានាធិបតីបណ្តេញលោក Comey ចេញពីតំណែង។
លោក Comey កំពុងតែថ្លែងទៅកាន់ក្រុមបុគ្គលិក FBI នៅក្នុងទីក្រុង Los Angeles រដ្ឋ California នៅពេលដែលលោកដឹងថាលោកត្រូវបានបញ្ឈប់ពីការងារដោយលោកមើលសេចក្តីរាយការណ៍ព័ត៌មានតាមទូរទស្សន៍។ ប៉ុន្មានម៉ោងក្រោយមក លោកត្រូវបានហែរហមទៅកាន់អាកាសយានដ្ឋានដែលនៅក្បែរនោះដើម្បីវិលត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ។
សភាតំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យមួយចំនួនបានហៅសកម្មភាពរបស់លោក Trump ថា ជាសកម្មភាព «Nixonian» ដែលប្រៀបធៀបទៅលើសកម្មភាពរបស់លោកអតីតប្រធានាធិបតី Richard Nixon ដែលបានបញ្ឈប់ការងាររបស់ក្រុមមន្ត្រីដែលកំពុងស៊ើបអង្កេតទៅលើរូបលោក ក្នុងអំឡុងពេលរឿងអាស្រូវ Watergate កាលពីដើមទសវត្សរ៍ ១៩៧០។
ទូរទស្សន៍ CNN ក្រោយមកបានរាយការណ៍ថា ក្រុមប្រឹក្សាតុលាការថ្មីៗនេះបានចេញដីកាកោះហៅទាក់ទិននឹងការស៊ើបអង្កេតរបស់ទីភ្នាក់ងារ FBI ទៅលើរុស្ស៊ី ដើម្បីព្យាយាមស្វែងរកឯកសារនៃការធ្វើពាណិជ្ជកម្មពីសហការីរបស់លោក Michael Flynn ដែលលោក Trump បានបញ្ឈប់តួនាទីរបស់លោកជាទីប្រឹក្សាសន្តិសុខជាតិ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា