កាលពីថ្ងៃព្រហស្បតិ៍សហរដ្ឋអាមេរិកបានបន្តដាក់បម្រាមមិនឲ្យពលរដ្ឋអាមេរិកាំងធ្វើដំណើរទៅប្រទេសកូរ៉េខាងជើងរយៈពេលមួយឆ្នាំទៀត ដោយលើកហេតុផលថានៅមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងការធ្វើដំណើរទៅកាន់ទៅនោះ។
មន្រ្តីមកពីក្រសួងការបរទេសម្នាក់បានថ្លែងថា«សុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋអាមេរិកាំងនៅក្រៅប្រទេសគឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានា។ បម្រាមធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនៅតែមានប្រសិទ្ធភាពនៅឡើយ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើការព្រមានយ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិកាំងមិនឲ្យធ្វើដំណើរទៅកូរ៉េខាងជើង»។
បម្រាមធ្វើដំណើរនេះត្រូវបានបន្តដាក់រហូតដល់ថ្ងៃទី១ខែសីហាឆ្នាំក្រោយ បន្ទាប់ពីកិច្ចប្រឹងប្រែងចរចាមិនឲ្យមាននុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានជាប់គាំង។
បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ចាកចេញពីជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាមក មេដឹកនាំសហរដ្ឋអាមេរិកបានប្រកាសថាលែងមានការគំរាមកំហែងនុយក្លេអ៊ែរដោយកូរ៉េខាងជើងទៀតហើយ ដោយមានការជឿជាក់ថាលោក Kimបានយល់ព្រមបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង។
ទោះជាយ៉ាងណាក៏ដោយ នៅប៉ុន្មានថ្ងៃថ្មីៗនេះលោក Trump មានការរកាំចិត្តនឹងភាពយឺតយ៉ាវនៃលទ្ធផលពីកិច្ចចរចានុយក្លេអ៊ែរថាតើកូរ៉េខាងជើងនឹងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួននៅពេលណានិងដោយរបៀបណានោះ ហើយបានបញ្ជាឲ្យលោករដ្ឋមន្រ្តីការបរទេស Mike Pompeoលុបចោលការធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងដើម្បីធ្វើការចរចាបន្ថែមទៀតនោះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថានៅក្រោមច្បាប់សហរដ្ឋអាមេរិក លោក Pompeoអាចដាក់បម្រាមមិនឲ្យពលរដ្ឋអាមេរិកាំងធ្វើដំណើរទៅកាន់តំបន់នានាក្រោមលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌបី មានដូចជា ប្រសិនប្រទេសនោះនៅមានសង្គ្រាមជាមួយសហរដ្ឋអាមេរិក មានអរិភាពប្រដាប់អាវុធនៅក្នុងប្រទេសឬតំបន់ ឬក៏មានគ្រោះថ្នាក់ដល់សុខភាពសាធារណៈឬសុវត្ថិភាពរាងកាយដល់អ្នកដំណើរជាពលរដ្ឋអាមេរិកាំងកើតឡើងនៅក្នុងប្រទេស ឬតំបន់នោះ។
មន្រ្តីក្រសួងការបរទេសរូបនោះបានថ្លែងថា លោក Pompeoបានប្រើប្រាស់លក្ខខណ្ឌទីបីធ្វើជាហេតុផលដើម្បីបន្តដាក់បម្រាមធ្វើដំណើរនេះ៕