ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបង្ហាញ«ក្តីបារម្ភជាខ្លាំង» អំពីចេតនា លក្ខណៈ និងវិសាលភាពនៃការសាងសង់នៅមូលដ្ឋានទ័ពជើងទឹករាម ក៏ដូចជាតួនាទីដែលយោធាចិនកំពុងមានក្នុងដំណើរការនេះ និងក្នុងការប្រើប្រាស់ឧបករណ៍ប្រើប្រាស់នាពេលអនាគត។
ឆ្លើយតបទៅនឹងសំណួររបស់វីអូអេតាមសារអ៊ីមែល អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Wesley Holzer ប្រាប់វីអូអេថា៖«ប្រជាជនកម្ពុជា ប្រទេសជិតខាង អាស៊ាន និងតំបន់នឹងទទួលបានអត្ថប្រយោជន៍ពីតម្លាភាពលើសកម្មភាព របស់យោធាចិននៅរាម»។
ក្តីព្រួយបារម្ភរបស់អាមេរិកកើតឡើងម្តងទៀត ក្រោយមួយរយៈពេលនេះមានវត្តមានយោធាចម្បាំងចិននៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងរយៈពេលជាង៤ខែ នាំឱ្យមានចម្ងល់ថាតើអាចនឹងនាំឱ្យមានការបង្កើតវត្តមានជាអចិន្ត្រៃយ៍របស់កងទ័ពចិននៅកំពង់ផែរាម ឬយ៉ាងណា។
បើតាមលទ្ធផលអង្កេតរបស់ស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រអាមេរិក CSIS ចុះផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មាននាវាចម្បាំងចិនចំនួនពីរគ្រឿង ត្រូវបានគេឃើញជាលើកដំបូងនៅរាម កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន ហើយបើតាមការបង្ហោះហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា កប៉ាល់ទាំងនោះនៅទីនោះសម្រាប់ការហ្វឹកហាត់ជាមួយកងទ័ពជើងទឹកកម្ពុជា។
វត្តមានរបស់នាវាចម្បាំងទាំងពីរគ្រឿងនោះក៏ត្រូវបានរាយការណ៍ដោយវិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមរិក។ កាលពីខែមករា វិទ្យុអាស៊ីសេរីបានរាយការណ៍នាវាទាំងពីរបានចាកចេញពីមូលដ្ឋាន មុនពេលត្រូវបានគេប្រទះឃើញម្តងទៀតនៅក្នុងរូបភាពនៃខែមីនា នៅក្នុងរបាយការណ៍របស់កាសែត Nikkei Asia។ ប៉ុន្តែរូបភាពផ្កាយរណបរបស់ CSIS បង្ហាញថា តាមពិតកប៉ាល់របស់កងទ័ពចិនមិនដែលចាកចេញពីមូលដ្ឋានទ័ពរាមទេ ហើយឥឡូវនេះបានរក្សាវត្តមានជាប់លាប់អស់រយៈពេលជាង ៤ ខែមកហើយ។
ស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រអាមេរិក CSIS ផ្តល់សេចក្តីពន្យល់ថា៖«ក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីកិច្ចព្រមព្រៀងដែលមានពាក្យចចាមអារ៉ាមរវាងទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងឆ្នាំ២០១៩ ទំហំនៃការសាងសង់ដែលផ្តល់មូលនិធិដោយចិននៅឯមូលដ្ឋានកាន់តែមានភាពច្បាស់លាស់។ ប៉ុន្តែពេលនេះ ជាមួយនឹងវត្តមានរយៈពេលវែងនៃនាវាកងទ័ពចិន មានសញ្ញាដែលអាចមើលឃើញនៃការចូលប្រើប្រាស់ដោយផ្តាច់មុខសម្រាប់យោធារបស់ប្រទេសចិន។»
ស្ថាប័ននេះចោទសួរថា៖«តើវត្តមានបន្តរយៈពេល៤ខែនេះ មានន័យថាមូលដ្ឋានទ័ពរាមគឺជាមូលដ្ឋានទ័ពជើងទឹករបស់ចិនឬ?»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិលោកឈុំ សុជាត និងមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាមលោក ម៉ី ឌីណាបាននៅឡើយទេ ទាំងតាមប្រព័ន្ធ Telegram WhatsApp និងទូរសព្ទ។
ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាតាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងមកដល់នាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក ហ៊ុន ម៉ាណែត នៅតែបដិសេធអំពីការអនុញ្ញាតឱ្យវត្តមានយោធារបស់ចិននៅមូលដ្ឋានទ័ពរាម និងថាកម្ពុជាមិនល្ងង់យកទ័ពបរទេសមកដាក់ក្នុងទឹកដីកម្ពុជា ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួននោះទេ៕
ភ្នំពេញ —