ក្រុម​អ្នក​ជំនាញ​អាមេរិក​សុំ​ឱ្យ​មាន​ការ​​ប្រឹងប្រែង​​ថែម​ទៀត​ដើម្បី​​រារាំង​ចិន​កុំ​ឱ្យ​​ទទួល​បាន​បច្ចេកវិទ្យា​យោធា​​របស់​អាមេរិក

រូប​ឯកសារ៖ យន្តហោះ​ចម្បាំង​ចិន J-11 ហោះ​នៅ​ក្បែរ​តៃវ៉ាន់​កាលពី​ថ្ងៃ ទី​០៥ សីហា ឆ្នាំ២០២២។

អតីតមន្ត្រីសហរដ្ឋ​អាមេរិក​និងក្រុម​អ្នក​ជំនាញបាន​សុំ​ឱ្យ​មាន​ការ​ប្រឹងប្រែងច្រើន​ជាង​មុន​ថែម​ទៀត​ដើម្បី​រារាំងចារកម្ម​របស់​ចិន ដែលត្រូវ​បាន​គេ​ជឿ​ថា​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អភិវឌ្ឍ​អាវុធ​ទំនើបៗដោយសារ​ចិន​បាន​លួច​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក។

អតីត​អនុរដ្ឋលេខាធិការស្តីទី​ក្រសួងការពារជាតិ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​គោលនយោបាយ​លោក James Anderson និយាយថាប្រទេស​ចិន​បាន​លួច​បច្ចេកវិទ្យា​យោធា​សហរដ្ឋ​អាមេរិក​សម្រាប់​ផលិតយន្តហោះ​ចម្បាំង​ធុន​ J-20 ហើយ​ចិន​បានចំណេញយ៉ាង​ច្រើន​ពី​បច្ចេកវិទ្យា​នេះ។

លោក Anderson បានថ្លែង​ថា៖ «ពួក​ចិនបាន​ចំណេញ​ច្រើនពី​ការ​លួច​បែបនេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពួក​គេ​បានយក​បច្ចេកវិទ្យាទាំង​នេះទៅ​ប្រើប្រាស់​បាន​យ៉ាង​ល្អ​ប្រសើរ​ដោយពួកចិនបាន​ផលិតយន្តហោះ​ចម្បាំង​ទំនើប​ជំនាន់​ទី​ប្រាំ»។ លោកបាន​កត់​សម្គាល់​ថា​៖ «វា​ជា​ការពិបាកក្នុង​ការ​និយាយអំពី​សមត្ថភាពប្រយុទ្ធពិតប្រាកដ​របស់​យន្តហោះ​ចិន​នេះ» ​ថាតើយន្តហោះ​ធុន​ J-20 អាច​ប្រកួត​ប្រជែងនឹង​យន្តហោះ​ចម្បាំង​របស់សហរដ្ឋ​អាមេរិក​ធុន​ F-22 បានដោយ​បែប​ណា។

លោក Matthew Brazil ជា​អ្នកស្រាវជ្រាវនិង​ជាអ្នកនិពន្ធ​នៃអង្គការ Jamestown Foundation។ លោក​បាន​បម្រើការនៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុ​ង​ប៉េកាំង ដែល​នៅ​ទី​នោះ​លោកបាន​ឧបត្ថម្ភ​ផ្ចុង​ផ្តើមនិង​គ្រប់គ្រង​ការដឹកបច្ចេកវិទ្យា​ខ្ពស់​របស់​ស.រ.អ.​ទៅ​លក់​ឱ្យ​ប្រទេស​ចិន​។ លោក​បាននិយាយថា FBI គ្មានបុគ្គលិកគ្រប់គ្រាន់​ដើម្បី​តាមដាន​សកម្មភាព​របស់​ប្រទេសចិន​ក្នុ​ង​សហរដ្ឋ​អាមេរិកទេ។

លោក Brazil បាន​និយាយ​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ចិន​កុកងឺថា៖ «ចារកម្ម​ចិនមិនមែន​ដូចជាក្រុម​សត្វ​កន្លាត​ដែល​គ្រាន់តែវារ​ឡើងលើ​អាវុធ​របស់​យើង​ប៉ុណ្ណោះ​ទេ។​ ពួកគេ​ធ្វើ​ចារកម្ម។ ​យើង​អាច​ដោះស្រាយ​បញ្ហានេះ​បានជា​មួយ​ប្រព័ន្ធ​ប្រឆាំង​ចារកម្ម​ល្អប្រសើរ​ជាង​មុន ដែល​មាន​រួម​ទាំងរដ្ឋាភិបាលនិង​ទាំងវិស័យឯកជនធ្វើការ​ជា​មួយ​គ្នា​យ៉ាង​ជិតស្និទ្ធ»។

លោក​បាន​កត់​សម្គាល់​ថា FBI គ្មាន«ភ្នាក់ងារគ្រប់គ្រាន់​ដែល​បានទទួល​ការ​ហ្វឹកហ្វឺន​ខាង​ភាសា​វប្បធម៌ និងភូមិសាស្ត្រ​របស់​ចិន​ទេ​។ សភាគួរចាត់វិធានការ​អំពី​បញ្ហា​ទាំងនេះ​ហើយ​ផ្តល់​ប្រាក់​សម្រាប់​កម្មវិធី​បែបនេះដើម្បី​បង្វឹកមនុស្ស»។

កាលពី​ខែ​កុម្ភៈ​សមាជិក​ព្រឹទ្ធសភា​ស.រ.អ.គឺ​លោក Marco Rubio និង​លោក Mark Warner បាន​សុំ​ដល់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​លោក Joe Biden ឱ្យ​ពង្រីក​ការ​ប្រើ​ឧបករណ៍​និង​អំណាចដែល​មាន​នៅ​ក្នុងក្រសួង​ហិរញ្ញវត្ថុ​និង​ក្រសួង​ពាណិជ្ជកម្មដើម្បីរារាំង​កុំ​ឱ្យអង្គភាព​ឧស្សាហកម្មយោធា​ចិនបានផល​ប្រយោជន៍ពី​បច្ចេកវិទ្យា ភាព​ប៉ិន​ប្រសប់និង​ការ​វិនិយោគរបស់​សហរដ្ឋ​អាមេរិក។

លោក Anderson ​ដែលបាន​បញ្ចេញ​មតិលោក​តាមបណ្តាញ Fox News Digital កាល​ពី​ពាក់​កណ្តាល​ខែ​មីនា បាន​ស្បថចូល​កាន់​តំណែងកាលពី​ថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ​២០២០ ហើយលោក​បាន​លាលែងចេញ​ពី​តំណែងកាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០។

ប្រទេស​ចិនបាន​អះអាងថាខ្លួន​បានអភិវឌ្ឍ​ដោយ​ខ្លួន​ឯង​ផ្ទាល់នូវ​យន្តហោះ​ចម្បាំង​ធុន J-20 ដែល​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ២០១៧។​

លោក​ John Chipman នាយក​វិទ្យាស្ថាន​អន្តរជាតិ​ខាងសិក្សា​យុទ្ធសាស្ត្រ​ IISS បាន​និយាយនៅក្នុង​ពិធី​មួយនៅ​ឯ​វិទ្យាស្ថាន​របស់​លោក​ថា គេ​រំពឹង​ថា​ចិន​នឹង​ផលិត​យន្តហោះ​ចម្បាំង​ធុន J-20A ច្រើន​ជាងអាមេរិក​ផលិត​យន្តហោះ​ចម្បាំង​ធុន F-22 មិនហួស​ពីឆ្នាំ២០២៣ទេ៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ