អ្នក​ជំនាញ​សហរដ្ឋ​អាមេរិកថា អ្នក​ជំងឺ​កូវីដ១៩ ដែល​ជា​សះស្បើយ អាច​មាន​ភាព​ស៊ាំ​នឹង​ជំងឺ​ពី ៣ ខែ​ទៅ​មួយ​ឆ្នាំ

រូប​ឯកសារ៖ លោក Scott Gottleib មើល​ការ​កត់ត្រា​របស់​លោក​នៅ​មុខ​សវនាការ​របស់​អនុគណៈកម្មាធិការ​សភា​ស្តីពី​ស្ថានភាព​នៃ​ប្រតិបត្តិការ​របស់​រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​ក្នុង​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​ជំនាញ​ខាង​ជំងឺឆ្លង​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​និយាយ​ថា អ្នក​រស់រាន​មាន​ជីវិត​ពី​ជំងឺ​កូវីដ១៩ អាច​រំពឹង​ថា នឹង​រួចផុត​ពី​ការឆ្លង​មេរោគ​នេះ​បាន​រហូត​ដល់​រយៈពេល​មួយ​ឆ្នាំ។

លោក​វេជ្ជបណ្ឌិត Scott Gottleib អតីត​មន្រ្តី​រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Face the Nationនៃ​បណ្តាញ​ទូរទស្សន៍ CBSកាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​អំពី​ការរកឃើញ​ថ្មី​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ថា ការ​មាន​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ រយៈពេល ៣ ខែ គឺ​ជាការពិត​ប្រាកដ។

លោក​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ថា៖ «ក៏ប៉ុន្តែ វា​ប្រហែល​ជា​មាន​ករណី​ដែល​លោក​អ្នក​អាច​មាន​រយៈពេល​នៃ​ភាពស៊ាំ​នឹងជំងឺ​នោះ​ពី ៦ ខែ ទៅ ១២ ខែ។ អ្នក​ខ្លះ​នឹង​មាន​ភាពស៊ាំ​នឹង​ជំងឺ​នោះ​តិច អ្នក​ខ្លះ​ទៀត​នឹង​មាន​ភាព​ស៊ាំ​នឹង​ជំងឺ​នោះ​ខ្លាំង​ជាង​បន្តិច។ ក៏ប៉ុន្តែ វា​ជា​ដំណឹង​ល្អ​ដែល​ថា មនុស្ស​ប្រាកដ​ជា​មាន​ភាពស៊ាំ​នឹង​វីរុស​នេះ។ ពួកគេ​នឹង​មិន​ឆ្លង​វីរុស​នេះ​ម្តង​ទៀត​ទេ​យ៉ាង​ហោច​ណាស់​ក៏​រយៈពេល ៣ ខែ​ដែរ ហើយ​ប្រហែល​ជា​យូរ​ជាង​នេះ បន្ទាប់ពី​ការ​ឆ្លង​មក»។

ក៏ប៉ុន្តែ លោក​វេជ្ជបណ្ឌិត Gottleib បាន​ព្រមាន​ថា ពួក​វេជ្ជបណ្ឌិត​មិន​ទាន់​បាន​ដឹង​អំពី​ជំងឺ​កូវីដ១៩ នេះ​ច្រើន​នៅឡើយ​ទេ។

ដោយ​សហរដ្ឋ​អាមេរិក​មាន​មនុស្ស​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ជាង ១ សែន ៧ ម៉ឺន​នាក់ ពួក​អ្នក​ជំនាញ​នៅ​ឯ​វិទ្យាស្ថាន​វាយតម្លៃ​ផ្នែក​សុខភាព​នៃ​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន (Univeristy of Washington) ទស្សន៍ទាយ​ថា ចំនួន​មនុស្ស​ស្លាប់​នឹង​ឡើង​ដល់ ១ សែន ៨ ម៉ឺន ៦ ពាន់​នាក់​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​កញ្ញា ហើយ​នឹង​ឡើង​ដល់​ជាង៣ សែន ៩ ម៉ឺន​នាក់​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​ធ្នូ​ខាង​មុខ។

កន្លង​មក មន្រ្តី​សុខាភិបាល​មិន​អាច​ជំរុញ​មនុស្ស​ឱ្យ​បាន​ល្មម​គ្រប់គ្រាន់​ឱ្យ​ពាក់​ម៉ាស​និង​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ដើម្បី​ពន្យឺត​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ទេ៕