កាលពីថ្ងៃចន្ទ ស.រ.អា.បានបញ្ជាឱ្យអ្នកការទូតរុស្ស៊ី៦០នាក់ដែលអាមេរិកចោទប្រកាន់ថាជាពួកចារបុរសឱ្យចាកចេញពីប្រទេសអាមេរិកក្នុងរយៈពេលមួយសប្តាហ៍។ បើតាមសេតវិមានថាមានប្រទេសឯទៀតៗចំនួន២២ដោយមានរួមបញ្ចូលទាំងប្រទេសបារាំង អាល្លឺម៉ង់និងប្រទេសប៉ូឡូញផងក៏បានបណ្តេញ «ពួកបុគ្គលិកខាងការស៊ើបការណ៍សម្ងាត់» រុស្ស៊ីទាំងអស់៧៧នាក់ដែរ។
បញ្ជីរបស់សេតវិមានមិនមានរួមបញ្ចូលប្រទេសអូស្ត្រាលីទេដែលបានប្រកាសនៅថ្ងៃអង្គារនេះថាខ្លួនបណ្តេញ «មន្ត្រីខាងការស៊ើបការណ៍សម្ងាត់មិនបានត្រូវប្រកាស» ពីរនាក់។
បើតាមក្រសួងការបរទេសស.រ.អា.ថាចំណាត់ការនេះរបស់ស.រ.អា.រួមជាមួយការបិទស្ថានកុងស៊ុលរុស្ស៊ីមួយនៅក្នុងប្រទេសអាមេរិកជាការឆ្លើយតបនឹង «ការរំលោភរបស់រដ្ឋាភិបាលក្រុងមូស្គូលើអនុសញ្ញាស្តីពីអាវុធគីមី និងការរំលោភលើច្បាប់អន្តរជាតិ» ដែលមានទាក់ទិននឹងការវាយប្រហារដោយសារធាតុ nerve agent លើអតីតចារបុរសរុស្ស៊ីម្នាក់ និងកូនស្រីរបស់លោកនៅក្នុងប្រទេសអង់គ្លេស។
ប្រទេសអង់គ្លេស ពួកបស្ចឹមប្រទេសឯទៀតៗ និងអង្គការអូតង់ក៏បានបន្ទោសប្រទេសរុស្ស៊ីដែរអំពីការវាយប្រហារដោយសារធាតុគីមីកាលពីថ្ងៃទី៤ ខែមីនានៅក្នុងក្រុង Salisbury។
មន្ត្រីជាន់ខ្ពស់ស.រ.អា.ម្នាក់ដែលបានពន្យល់អំពីសកម្មភាពរបស់សេតវិមានបាននិយាយថាប្រទេសរុស្ស៊ី «បានធ្វើសកម្មភាពនាំឱ្យមានអស្ថិរភាព និងជាសកម្មភាពគឃ្លើនផងដែរ»៕