ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារៀបចំពិព័រណ៍ការសិក្សាថ្នាក់ឧត្តមសិក្សាក្នុងគោលបំណងលើកទឹកចិត្តសិស្ស និស្សិតខ្មែរឱ្យទៅរៀននៅសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍខ្លួន និងប្រទេសរបស់ពួកគេពេលត្រឡប់មកវិញ។
ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកឆ្នាំ ២០២៤ ធ្វើឡើងនៅថ្ងៃទី ៣០ ខែកញ្ញា ដោយមានតំណាងពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកចំនួន ២០ ស្ថាប័ន បង្ហាញ និងពន្យល់ពីកម្មវិធីសិក្សាកម្រិតឧត្តមសិក្សា លក្ខខណ្ឌតម្រូវ និងការដាក់ពាក្យចូលរៀន ឱកាសអាហារូបករណ៍ និងដំណើរការទិដ្ឋាការដើម្បីទៅសិក្សានៅសហរដ្ឋអាមេរិក។
លោក Jason D. Kalbfleisch អនុប្រធានបេសកកម្មស្តីទីស្ថានទូតអាមេរិកប្រចាំកម្ពុជាប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីពិព័រណ៍ការសិក្សានោះថា ការសិក្សាថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិក អាចជួយឱ្យសិស្ស និងនិស្សិតទទួលបានការអភិវឌ្ឍខ្លួនរបស់ពួកគេផ្ទាល់ និងប្រទេសរបស់ពួកគេ ស្របពេលដែលសហរដ្ឋអាមេរិកគឺជាទឹកដីនៃឱកាស។
លោកថ្លែងថា៖ «ការអប់រំគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់រដ្ឋាភិបាលថ្មី ហើយជាឱកាសសម្រាប់ពួកគេទៅសហរដ្ឋអាមេរិក ហើយទទួលបានការអប់រំនោះ ហើយនាំវាមកកម្ពុជាវិញ ហើយជួយកម្ពុជាអភិវឌ្ឍ និងសម្រេចគោលដៅរបស់ខ្លួន»។
លោក Jason បន្ថែមថា នៅពេលដែលសិស្ស និស្សិតកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិកច្រើន នោះទំនាក់ទំនងរវាងប្រទេសទាំងពីរក៏នឹងមានភាពប្រសើរ ដោយសារពួកគេបានផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក និងយល់ពីគ្នាកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «ពេលយើងធ្វើរឿងទាំងនោះ យើងយល់ចិត្តគ្នាកាន់តែល្អ។ យើងឃើញអ្វីៗតាមទស្សនៈរបស់អ្នក។ អ្នកអាចមើលឃើញអ្វីៗតាមទស្សនៈរបស់ខ្ញុំ។ ហើយខ្ញុំគិតថា វាបំបែករបាំង និងអនុញ្ញាតឱ្យមនុស្សស្គាល់គ្នា និងឱ្យតម្លៃគ្នាកាន់តែប្រសើរ»។
លោក សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំដែលបានចូលរួមក្នុងពិព័រណ៍ការសិក្សានោះបដិសេធមិនផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកធ្វើឡើងស្ទើរតែរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥ មក។ នៅឆ្នាំនេះមានសិស្ស និស្សិត និងអាណាព្យាបាលប្រមាណជាង៨០០នាក់ចូលរួម។ នេះបើតាមមន្រ្តីរបស់ស្ថានទូតសហរដ្ឋអាមេរិក។
យុវជន អ៊ុំ ស្តាលីន និស្សិតឆ្នាំទី ៤ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ ដែលចូលរួមក្នុងពិព័រណ៍ការសិក្សានោះ ប្រាប់វីអូអេថា ខ្លួនកំពុងត្រៀមស្វែងរកឱកាសអាហារូបករណ៍ពាក់ព័ន្ធនឹងការរៀនជំនាញបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក ដោយសារសហរដ្ឋអាមេរិកជាប្រទេសដែលមានបច្ចេកវិទ្យាទំនើប។ ស្តាលីនបន្ថែមថា ខ្លួននឹងស្នើសុំអាហារូបករណ៍នៅពាក់កណ្តាលឆ្នាំក្រោយ។
និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះថ្លែងថា៖ «ឥឡូវនេះខ្ញុំរៀនជិតចប់ដែរហើយអង់គ្លេស អ៊ីចឹងហើយការត្រៀមខ្លួនរបស់ខ្ញុំគឺខំប្រឹងបន្ថែម ដូចជាយើង improve [ធ្វើឱ្យប្រសើរឡើង] ទៅលើការនិយាយ ការស្តាប់ ការសរសេររបស់យើងឱ្យកាន់តែល្អ ដើម្បីនៅពេលយើងដាក់ apply scholarship [ស្នើសុំអាហារូបករណ៍] ហ្នឹង គេអាចទទួលយកយើងបាន»។
យុវតី ប៉េង ម៉ាជូលី សិស្សថ្នាក់ទី ១១ នៅសាលាវេស្ទើនអន្តរជាតិនិយាយថា នាងកំពុងស្វែងរកសាកលវិទ្យាល័យដែលអាចរៀនជំនាញស្ថាបត្យកម្ម ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅកម្ពុជា។
យុវតីវ័យ ១៧ ឆ្នាំរូបនេះ និយាយថា៖ «គោលបំណងទទួលព័ត៌មានអំពីការទៅរៀនបន្តនៅអាមេរិក ជាពិសេសនៅហ្នឹងមាន university [សាកលវិទ្យាល័យ] ច្រើន អ៊ីចឹងខ្ញុំចង់សួរព័ត៌មានឱ្យច្រើន ឱ្យដឹងពី option [ជម្រើស] ច្រើន បើសិនជាខ្ញុំសម្រេចចិត្តថា ចង់ទៅអាមេរិក ខ្ញុំមកមើលវិញពីព័ត៌មានដែលខ្ញុំទទួលបានថ្ងៃហ្នឹង»។
ក្រៅពីការរៀបចំពិព័រណ៍ សិស្ស និស្សិតក៏អាចស្វែងរកព័ត៌មាន និងការប្រឹក្សាបន្ថែមអំពីការសិក្សានៅសហរដ្ឋអាមេរិក លើគេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងនៅមជ្ឈមណ្ឌលផ្តល់សេវាប្រឹក្សាអំពីការសិក្សានៅអាមេរិកដោយផ្ទាល់។
នៅឆ្នាំសិក្សា ២០២២-២០២៣ សិស្ស និស្សិតកម្ពុជាប្រមាណជា ១.០៦០ នាក់ កំពុងសិក្សានៅសហរដ្ឋអាមេរិក ដែលភាគច្រើនផ្តោតលើជំនាញវិទ្យាសាស្រ្ត និងជំនួញ៕