អាមេរិក​សង្ឃឹម​ថា​នឹង​បំបែក​ភាពទាល់ច្រក​នៅ​កិច្ចប្រជុំ​ជាមួយ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង

  • Steve Herman

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

បញ្ហា​សន្តិសុខ​តំបន់​ពាក់ព័ន្ធ​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង​គឺ​ជា​របៀបវារៈ​កំពូល​នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol នៅ​រមណីយដ្ឋាន​លំហែ​កាយ Camp David ក្នុង​រដ្ឋ Maryland សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​អំពី​រឿង​នេះ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ នៅ​ពេល​ដែល​លោក​និយាយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន។

លោក​ថ្លែង​ថា៖ «[លទ្ធផល​ដែល​យើង​សង្ឃឹម​បាន​ពី​កិច្ច​ប្រជុំ​កំពូល​នោះ​រួម​មាន] វិធានការ​ជាក់ស្តែង​មួយ​ចំនួន​ដែល​យើង​កំពុង​ធ្វើ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​របស់​យើង​នៅ​ក្នុង​ការ​ផ្តល់​ដល់​សន្តិសុខ​របស់​យើង​ក្នុង​នាម​ជា​ប្រទេស​ទាំង៣ និង​ទូលំទូលាយ​ជាង​នេះ​ទៅ​ទៀត​នៅ​ក្នុង​ការ​ផ្ដល់​សន្តិសុខ​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

កិច្ច​ប្រជុំ​កំពូល​នេះ​គឺ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​បង្អស់​ដែល​ធ្វើ​ឡើង​ដោយ​លោក Biden នៅ​រមណីយដ្ឋាន​លំហែ​កាយ Camp David។

សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​និង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​គ្នា ស្រប​ពេល​ដែល​កំពុង​មាន​ការ​គំរាមកំហែង​សន្តិសុខ​កើនឡើង​ពី​រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង។

កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​មិន​មាន​ការ​ទុកចិត្ត​គ្នា​ជា​ប្រវត្តិសាស្ត្រ ដែល​កើតឡើង​ពី​ការ​ដាក់​អាណានិគម​របស់​ជប៉ុន​លើ​ឧបទ្វីប​កូរ៉េ​កាល​ពី​ដើម​សតវត្សរ៍​ទី២០ កន្លង​ទៅ៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ