បេសកជនពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុលោក John Kerry បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា វិធានការទប់ទល់ការប្រែប្រួលអាកាសធាតុចាំបាច់ត្រូវធ្វើឡើងឲ្យបានលឿនបំផុត ហើយការសម្រេចឲ្យបាននូវគោលដៅជាសាកលនៃការធ្វើឲ្យមានតុល្យភាពនៃការបញ្ចេញឧស្ម័នកាបូននៅត្រឹមឆ្នាំ ២០៥០ គឺតម្រូវឲ្យមានការផ្លាស់ប្តូរខ្លាំងក្លានិងឆាប់រហ័សនៃសេដ្ឋកិច្ច។
លោក Kerry បានថ្លែងក្នុងព្រឹត្តិការណ៍មួយតាមអនឡាញដែលរៀបចំឡើងដោយវេទិកាអាជីវកម្មមួយ ពាក់ព័ន្ធនឹងបេក្ខភាពជាប្រធានរបស់ប្រទេសអ៊ីតាលីសម្រាប់ក្រុមប្រទេស G20 ដូច្នេះថា៖ «ការបរាជ័យក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែន មិនមែនជាជម្រើសនោះទេ»។
ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកលោក Joe Biden បានតែងតាំងលោក Kerry ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស ឲ្យធ្វើជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុ ដែលនេះជាសញ្ញាមួយបញ្ជាក់ថា លោក Biden បានដាក់បញ្ហាប្រែប្រួលអាកាសធាតុជាបញ្ហាអាទិភាពមួយនៅក្នុងគោលនយោបាយការបរទេសរបស់លោក។
លោក Kerry បាននិយាយថា ការប្រើប្រាស់ធ្យូងថ្មត្រូវកាត់បន្ថយឲ្យបាន ៥ ដងច្រើនជាងពេលបច្ចុប្បន្ន ចំណែកឯថាមពលកកើតឡើងវិញចាំបាច់ត្រូវបង្កើនឲ្យបាន ៦ ដង ច្រើនជាងពេលបច្ចុប្បន្ន ហើយរថយន្តអេឡិចត្រូនិកចាំបាច់ត្រូវដាក់ឲ្យប្រើប្រាស់ឲ្យបាន ២២ ដង ច្រើនជាងពេលបច្ចុប្បន្ន។
លោកបញ្ជាក់ដូច្នេះថា៖ «យើងត្រូវតែងាកចេញពីជម្រើសមិនល្អឲ្យបានលឿនបំផុត។... យើងត្រូវតែសម្រេចឲ្យបាននូវការកាត់បន្ថយឧស្ម័នកាបូនឲ្យបានលឿនបំផុត។... នេះជាអ្វីដែលយើងអាចធ្វើបាន»៕