មន្រ្តីជាន់ខ្ពស់អាមេរិកលោក Patrick Murphy ដែលទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ទើបបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសថៃ ឥណ្ឌូណេស៊ី និងរដ្ឋហាវ៉ៃ។
នៅក្នុងសន្និសីទតាមប្រព័ន្ធទូរសព្ទមួយនៅថ្ងៃសុក្រនេះ លោកបានថ្លែងថា បញ្ហាលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត គឺជាប្រធានបទពិភាក្សាមួយក្នុងចំណោមប្រធានបទផ្សេងទៀត។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញអាស៊ានខ្លាំង រឹងមាំ និងមានអធិបតេយ្យភាពរបស់ខ្លួន។
លោក Patrick Murphy ឧបការីរងចម្បងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានថ្លែងថា លោកចង់ឃើញអាស៊ាន«ខ្លាំង រឹងមាំ និងអធិបតេយ្យ» ហើយតំបន់អាស៊ីប៉ាស៊ីហ្វិក មានលក្ខណៈសេរី ចំហ និងមានការដឹកនាំដោយច្បាប់ត្រឹមត្រូវ។
លោក Murphy បានបញ្ចប់ទស្សនកិច្ចរយៈពេល៥ថ្ងៃនៅក្នុងប្រទេសមួយចំនួន រួមមានប្រទេសថៃ ឥណ្ឌូណេស៊ី និងរដ្ឋហាវ៉ៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៨ ដល់២២ខែមីនា។ ប្រទេសថៃនឹងមានការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ខាងមុខនេះ។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្តនៅក្នុងតំបន់ និងទំនាក់ទំនងជាមួយប្រទេសជាសមាជិក។
នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធទូរសព្ទ លោក Murphy លោកបានថ្លែងថាដំណើរទស្សនកិច្ចមួយនេះ មិនមែនផ្តោតតែលើសន្តិសុខក្នុងតំបន់ ទំនាក់ទំនងសេដ្ឋកិច្ចនោះទេ តែក៏បានផ្តោតទៅលើការដឹកនាំបែបប្រជាធិបតេយ្យផងដែរ។
លោកមានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចពិសេសនេះ គឺជាឱកាសមួយ ដើម្បីលើកឡើងអំពីសារសំខាន់នៃការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសមួយចំនួនកំពុងតែឆ្លងកាត់ ឬក៏កំពុងរៀបចំការបោះឆ្នោតថ្នាក់ជាតិសំខាន់ រួមមានប្រទេសថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ដែលនឹងមានការបោះឆ្នោតថ្នាក់ក្រោម និងប្រទេសអូស្រ្តាលី ដែលនឹងមានការបោះឆ្នោតនៅចុងឆ្នាំនេះ»។
លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំបានកត់សម្គាល់ទស្សនៈវិស័យជាច្រើននៅក្នុងតំបន់ ហើយយើងស្វាគមន៍ យើងអោបក្រសោបវា ប៉ុន្តែយើងត្រូវបានលើកទឹកចិត្តខ្លាំង ដើម្បីឃើញដូចគ្នាតែមួយក្នុងចំណោមទស្សនៈវិស័យទាំងនោះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសេរី ចំហរ និងគោរពច្បាប់ត្រឹមត្រូវ»។
នៅក្នុងប្រទេសថៃ លោកបានជួបជាមួយមន្រ្តីរដ្ឋាភិបាលថៃមួយចំនួន និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីតួនាទីប្រទេសថៃជាប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំកំពូល នាខែវិច្ឆិកាខាងមុខនេះ និងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
លោកក៏បានលើកឡើងអំពីដំណើរវិជ្ជមានមួយដែលប្រទេសថៃបានវិលមករកការបោះឆ្នោតវិញ ក្រោយខកខានប្រមាណ៥ឆ្នាំមកហើយ។
លោកបញ្ជាក់ថា៖ «សហរដ្ឋអាមេរិករីករាយដែលបានឃើញប្រជាជនថៃជាច្រើនដែលពិតជាចង់បង្ហាញនូវសិទ្ធិរបស់ពួកគេ និងទៅកន្លែងបោះឆ្នោត»។ លោកបន្ថែមថា ការបោះឆ្នោតនេះបង្ហាញសញ្ញាល្អសម្រាប់ទំនាក់ទំនងអាមេរិកនិងថៃបន្ថែមទៀត។
លោក Murphy ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) តែងតាំងជាថ្មីជាបេក្ខជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពីព្រឹទ្ធសភាអាណត្តិមុនបានអស់ពេលមិនអាចផ្តល់ការតែងតាំងលោកជាផ្លូវការបាន។ លោក Murphy មានប្រសាសន៍នៅថ្ងៃសុក្រនេះថា លោកត្រូវបានតែងតាំងជាថ្មី តែមិនទាន់មានការសម្រេចយ៉ាងណាពីព្រឹទ្ធសភានោះទេ។
លោកបញ្ជាក់ថា៖ «យើងទន្ទឹងរង់ចាំការពិចារណាបន្ថែមទៀតរបស់ពួកគេលើទៅការតែងតាំងមួយនេះ ក៏ដូចជាការតែងតាំងផ្សេងៗដែលពាក់ព័ន្ធនឹងប្រេសិតផ្សេងទៀតសម្រាប់តំបន់ និងតួនាទីនៅក្នុងទីក្រុងវ៉ាស៊ីនតោន»។
លោកធ្លាប់បានបញ្ជាក់នៅក្នុងសវនាការកាលពីខែធ្នូឆ្នាំមុនថា បើសិនជាលោកត្រូវបានព្រឹទ្ធសភាយល់ព្រម ហើយទទួលយកការងារជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា លោកនឹងខិតខំជំរុញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ក៏ដូចជាខិតខំពង្រឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកម្ពុជាផងដែរ។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការធ្វើទុក្ខបុកម្នេញលើមន្រ្តីបក្សប្រឆាំងផងដែរ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតនិងជាអ្នកអត្ថាធិប្បាយនយោបាយ បានហៅការឧទ្ទេសនាមលោក Murphy ថាជាការសម្រេចចិត្តមានចរឹតយុទ្ធសាស្ត្រ។
លោកធ្លាប់បានប្រាប់ VOA តាមសារអេឡិចត្រូនិកក្នុងន័យដើមយ៉ាងដូច្នេះថា៖
«នេះគឺជាសញ្ញាបង្ហាញថា រដ្ឋការលោក ត្រាំ មើលឃើញប្រទេសកម្ពុជាជាទីតាំងមានលក្ខណៈសំខាន់ និងយុទ្ធសាស្ត្រជាងមុន ព្រោះថាលោក Patrick Murphy ជា[អ្នកការទូត]ជាន់ខ្ពស់ និងទទួលការគោរពជាខ្លាំង ក្នុងចំណោមរង្វង់ការងារទូតនៃតំបន់អាស៊ីប៉ាស៊ីហ្វិក»។
លោកបញ្ជាក់បន្ថែមថា៖ «វាទំនងជាបណ្ដាលមកពីមូលហេតុពីរ៖ ការរីកត្រដែតឡើងនៃចិននិងឥទ្ធិពលរបស់ប្រទេសមួយនេះ និងក៏ដូចជាតម្លៃកាន់តែសំខាន់ឡើងនៃតំបន់អាស៊ីអាគ្នេយ៍ទាំងមូលតែម្ដង»។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ លោក Murphy បានលើកឡើងទៀតថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែជាអាទិភាពចម្បងរបស់សហរដ្ឋអាមេរិក។
លោកមានប្រសាសន៍ថា៖ «នៅក្នុងចំណោមអាទិភាពទាំងអស់សម្រាប់ពិភពលោក តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាអាទិភាពខ្ពស់បំផុត។ យើងកំពុងតែបន្តធ្វើការក្នុងការប្រមូលយកធនធានបន្ថែមទៀត។ ឧទាហរណ៍ ធនធានទាំងនោះ ត្រូវបានកំណត់នៅក្នុងការស្នើសុំថវិកាកាលពីពេលថ្មីៗនេះសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក»។
លោកបញ្ជាក់បន្ថែមថា៖ «ការចង់បានរបស់យើង គឺចង់ឃើញតំបន់មួយដែលមានអធិបតេយ្យភាព ខ្លាំង និងរីកច្រើន»។
លោក Paul Chambers ជាអ្នកវិភាគនយោបាយនិងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យNaresuanនៅក្នុងប្រទេសថៃ មានប្រសាសន៍ថា៖
«ជំហររបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសង្កត់ធ្ងន់ទៅលើភូមិសាស្រ្តនយោបាយ ជាជាងអំពីបញ្ហាសិទ្ធិមនុស្ស បើទោះជាទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់អំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួនក៏ដោយ ក្នុងនោះមានកម្ពុជាផងដែរ ដែលទំនងទៅរកប្រទេសចិន»។
លោកបន្ថែមថាការលើកតម្កើងលទ្ធិប្រជាធិបតេ្យមានសារសំខាន់តាំងពីដើមឡើយនៅក្នុងទំនាក់ទំនងការបរទេសអាមេរិក។
លោកយល់ថា ប្រសិនបើលោក Murphy ត្រូវបានជ្រើសតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នោះទំនាក់ទំនងកម្ពុជា និងអាមេរិក នឹងមានភាពល្អប្រសើរ។
បើតាមលោក Patrick Murphy នៅសប្តាហ៍ក្រោយ នឹងមានកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាននៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលនឹងនិយាយអំពីការរៀបចំមុនកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ ក្នុងខែវិច្ឆិកាខាងមុខ៕