លោក Zalmay Khalilzad តំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ការបង្រួបបង្រួមក្នុងប្រទេសអាហ្វហ្គានីស្ថានបានលើកឡើងថាសហរដ្ឋអាមេរិកនៅតែបេ្តជ្ញាចិត្តជំរុញឱ្យមានដំណោះស្រាយនយោបាយក្នុងចំណោមភាគីជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយលោកបញ្ជាក់ថាមិនមានភាគីជម្លោះណាមួយនៅក្នុងប្រទេសនេះអាចយកឈ្នះដោយកម្លាំងយោធានោះឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខណៈសហរដ្ឋអាមេរិកកំពុងដកកងទ័ពទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាននៅត្រឹមដំណាច់ខែសីហានេះលោក Khalilzad បានគូសបញ្ជាក់ពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីដកកងទ័ព ហើយថាតើក្រុមឧទ្ទាមតាលីបង់កំពុងរំលោភបំពានទៅលើកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកកាលពីខែកុម្ភៈឬយ៉ាងណា។
អ្នកតំណាងអាមេរិករូបនេះដែលកើតក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថាប្រសិនបើក្រុមឧទ្ទាមតាលីបង់ឈ្នះសង្រ្គាមហើយគ្រប់គ្រងប្រទេសអាហ្វហ្គនីស្ថានដោយកម្លាំងយោធានោះ នោះក្រុមនេះនឹងមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិទេហើយនឹងក្លាយជារដ្ឋឯកោមួយ។ នេះបើតាមការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត Khalilzad ក្នុងបទសម្ភាសន៍តាមប្រព័ន្ធអនឡាញ Zoom ជាមួយអ្នករាយការណ៍ព័ត៌មានវីអូអេលោក Ayaz Gul ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដប្រទេសប៉ាគីស្ថាន៕