ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានសម្តែងការរំខានចិត្តនៅថ្ងៃចន្ទនេះ ដោយសារការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដកហូតអាជ្ញាបណ្ណផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) និងទទូចឲ្យកែប្រែការសម្រេចចិត្តនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅបណ្តាញសារព័ត៌មាននានា ការិយាល័យកិច្ចការសាធារណៈរបស់ស្ថានទូតបានថ្លែងថា៖ «យើងមានការរំខានចិត្តជាខ្លាំងដោយការសម្រេចចិត្តភ្លាមៗក្នុងការដកអាជ្ញាបណ្ណសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD)»។
ស្ថានទូតបានបន្ថែមថា៖ «សារព័ត៌មានដែលមានភាពសេរី និងឯករាជ្យដើរតួនាទីយ៉ាងសំខាន់ចាំបាច់នៅក្នុងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមួយ ដោយផ្តល់ឱ្យសាធារណជន និងអ្នកសម្រេច នូវការណ៍ពិត ហើយធ្វើឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ»។
ក្រសួងព័ត៌មាន នៅថ្ងៃចន្ទនេះ បានចេញសេចក្តីសម្រេចមួយដោយលុបចោលអាជ្ញាបណ្ណរបស់វិទ្យុVOD តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលមិនពេញចិត្តនឹងការផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែតដែលជាកូនប្រុសរបស់លោកអំពីជំនួយដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួកគី។ លោក ហ៊ុន សែន បានទាមទារឱ្យស្ថាប័នមួយនេះសុំទោសជាសាធារណៈចំពោះការផ្សាយដោយខុសឆ្គងថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសឪពុកលើជំនួយនោះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមអ្នកតវ៉ាមួយចំនួនតូចបានប្រមូលផ្តុំគ្នាក្នុងទីក្រុងភ្នំពេញនៅថ្ងៃចន្ទនេះ ដើម្បីថ្កោលទោសការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចុងក្រោយមួយនេះរបស់ប្រទេសកម្ពុជា។ រីឯក្រុមសិទ្ធិមនុស្សក៏បានរិះគន់ការបិទនេះ ដែលធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានខែមុនការបោះឆ្នោតជាតិប៉ុណ្ណោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅថ្ងៃចន្ទនេះ ក៏បានថ្កោលទោសការបិទនេះដោយហៅថា វាជា«បទបញ្ជាដ៏គួរឱ្យខឹងសម្បារ និងគួរឱ្យអស់សំណើច»ដើម្បីបិទ VOD ដែល «ស្ទើរតែមិនបិទបាំងចេតនាពិតប្រាកដរបស់រដ្ឋាភិបាលក្នុងការគាបសង្កត់លើសេរីភាពសារព័ត៌មាន»។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការតាមព្យាបាទវិទ្យុ VOD គឺជាសញ្ញាដ៏ច្បាស់មួយបង្ហាញថា ការបោះឆ្នោតដែលបានគ្រោងនឹងរៀបចំនៅថ្ងៃទី ២៣ ខែកក្កដានឹងមិនសេរី ឬយុត្តិធម៌ទេ»៕