អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបញ្ជាក់ថា កម្ពុជានឹងមិនអាចមានទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាមេរិកបានទេ ប្រសិនបើរដ្ឋាភិបាលប្រទេសនេះ ខកខានមិនអាចរកច្រកដោះស្រាយករណីចាប់ខ្លួនលោក កឹម សុខា ដោយត្រឹមត្រូវ និងដោយការគោរពគ្នាទេនោះ ។
លោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ត្រូវបានអាជ្ញាធរកម្ពុជាចោទថា បានឃុបឃិតជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃអាទិត្យនេះ អ្នកស្រី Emily Zeeberg អ្នកនាំពាក្យសា្ថនទូតអាមេរិកប្រចាំកម្ពុជា បានផ្ញើសារអេឡិកត្រូនិក ឬអ៊ីមែលឲ្យអ្នកសារព័ត៌មានដើម្បីបញ្ជាក់អំពីសារដែលស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះកាលពីល្ងាចថ្ងៃសុក្រ ដែលមានន័យថា លោក កឹម សុខា ជាមនុស្ស «ស្អាតស្អំ»។
អ្នកស្រី Emily Zeeberg បានថ្លែងបញ្ជាក់តាមសារអេឡិកត្រូនិក ឬ Email នោះថា ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារនោះ គឺដោយសារសហរដ្ឋអាមេរិកជាសមាជិកហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលមាន១៨ ប្រទេស ហើយថា សហរដ្ឋអាមេរិកមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យថាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានគេគោរពនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រីបន្ថែមថា ប្រទេសកម្ពុជា នឹងមិនអាចមានទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាមេរិកបានទេ ដរាបណាបញ្ហាការភ្ជាប់លោក កឹម សុខា បានឃុបឃិតជាមួយសហរដ្ឋអាមេរិក មិនត្រូវបានដោះស្រាយដោយត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់ និងដោយគោលការណ៍គោរពគ្នាទៅវិញទៅមកទេនោះ។
អ្នកស្រី Emily Zeeberg បញ្ជាក់ថា៖
«លោក កឹម សុខា ត្រូវបានចោទប្រកាន់ថា បានឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលការចោទប្រកាន់នេះ វាមិនសមហេតុសមផល និងមិនត្រឹមត្រូវទាល់តែសោះ។ ដូច្នេះរដ្ឋាភិបាលកម្ពុជា បានទាញពួកយើង ឲ្យទៅជាប់ទាក់ទងដោយផ្ទាល់នៅក្នុងករណីនេះ។ កម្ពុជាមិនអាចមានទំនាក់ទំនងប្រកបដោយផ្លែផ្កាជាមួយសហរដ្ឋអាមេរិកនោះទេ រហូតដល់ករណីទាំងនេះត្រូវបានដោះស្រាយដោយភាពត្រឹមត្រូវ និងការគោរព»។
កាលពីថ្ងៃសុក្រកន្លងទៅ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានចោទសួរថា៖
«តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត១៨ខែមកហើយ? វាមានរយៈពេល ៥៣០ថ្ងៃនៃការជាប់ឃុំ។ គាត់ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភស្តុតាងណាមួយប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់មានការកំណត់បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌»។
ក្រោយស្ថានទូតសហរដ្ឋអាមេរិកបង្ហោះសារ ដែលចាត់ទុកថា ការឃុំខ្លួនលោក កឹម សុខាមេដឹកនាំ ក្រុមជំទាស់ជារឿង «អយុត្តិធម៌» ហើយថា លោកជាមនុស្សស្អាតស្អំផង គេឃើញស្ថាប័នរដ្ឋាភិបាលកម្ពុជាមួយចំនួន បានចេញសេចក្តីថ្លែងការណ៍បង្ហាញការមិនពេញចិត្ត និងថា សាររបស់ស្ថានទូតសហរដ្ឋអាមេរិក ជា«ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងផ្ទុយពីច្បាប់ការទូត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា បច្ចុប្បន្នស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមិនទាន់មានឯកអគ្គរដ្ឋទូតនៅឡើយ ដូច្នេះលោកថា ការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតគឺជាការលើកឡើងដែលខុសពីដែនសមត្ថកិច្ចរបស់អ្នកនាំពាក្យ។
លោកបន្តថា សហរដ្ឋអាមេរិកនិងកម្ពុជានៅតែមានទំនាក់ទំនង និងផលប្រយោជន៍រវាងគ្នាទៅវិញទៅមកដដែល។
លោកបញ្ជាក់ថា៖ «ផលប្រយោជន៍សហរដ្ឋអាមេរិក និងផលប្រយោជន៍កម្ពុជា គឺនៅមានដដែល តាមរយៈការសហប្រតិបត្តិការគ្នាទៅវិញទៅមក។ អានេះជាសេចក្តីបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺយើងមិនដែលមើលឃើញសហរដ្ឋអាមេរិកជាសត្រូវរបស់យើងទេ ប្រហែលជាអ្នកនាំពាក្យហ្នឹងដែលយល់ឃើញថាកម្ពុជាជាសត្រូវរបស់គេ។ កាលណាគាត់មានអារម្មណ៍អីចឹងយើងមិនអាចទទួលយកបានទេ។ គាត់គួរតែស្វែងរកសមត្ថកិច្ច អានោះហើយជាបេសកកម្មរបស់គាត់ដែលមកអង្គុយកន្លែងស្រុកខ្មែរ»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបន្ថែមថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គួរស្វែងមេធាវី ឬការការពារផ្លូវច្បាប់សម្រាប់លោក កឹម សុខា ឬស្វែងរកអំណះអំណាងដើម្បីការពារការចោទប្រកាន់ណាមួយនោះ។
ចាប់តាំងពីពេលដែលរដ្ឋាភិបាលកម្ពុជា ងាកទៅស្និទ្ធស្នាលជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោកប្រធានាធិបតី Xi Jinping ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក តែងមានភាពរកាំរកូសជាញឹកញាប់។
កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជាង៣៤ឆ្នាំមកហើយនោះ តែងពង្រីកវោហារសាស្ត្ររបស់លោកប្រឆាំងនឹងសហរដ្ឋអាមេរិក ថាជាអ្នកស្ថិតនៅពីក្រោយគណបក្សប្រឆាំង ក្នុងការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ទាំងលោក ហ៊ុន សែន ផ្ទាល់ និងមន្រ្តីរដ្ឋាភិបាលក្រោមឱវាទរបស់លោក តែងវាយប្រហារស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជាពិសេសអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គឺលោក William Heidt ជាច្រើនលើកថា ព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតផង។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អាចលើកឡើងអំពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា និងករណីលោក កឹម សុខា បានដោយសារសហរដ្ឋអាមេរិកគឺជាសមាជិកហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងថា ដោយសារសហរដ្ឋអាមេរិកត្រូវបានរដ្ឋាភិបាលកម្ពុជាចោទប្រកាន់ថាជាអ្នកនៅពីក្រោយការប្រព្រឹត្តិរបស់លោក កឹម សុខា។
អ្នកវិភាគរូបនេះបន្ថែមថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ នោះកម្ពុជានឹងត្រូវបាត់បង់ផលប្រយោជន៍ និងទំនាក់ទំនងជាមួយបណ្តាប្រទេសលទ្ធិប្រជាធិប្បតេយ្យធំៗជាច្រើនទៀត លើពិភពលោក។
លោកមានប្រសាសន៍ថា៖
«នៅពេលដែលអឺរ៉ុបឈានជំហានមុនអាមេរិករឿង EBA អញ្ចឹងអាមេរិកក៏មានចំណាត់ការ GSP ដែរ។ ហើយបើយើងឃើញជំហរនេះ គឺកម្ពុជាយើងផ្នែកសេដ្ឋកិច្ចហ្នឹង អាចប៉ះពាល់ច្រើន។ ហើយមួយទៀត បើពីរប៉ូលនយោបាយហ្នឹងទៅហើយ អង់គ្លេស និងជប៉ុន គឺដើរទៅតាមក្រោយទេ»។
លោក កឹម សុខាត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទឃុបឃិតជាមួយបរទេសជាពិសេសសហរដ្ឋអាមេរិកដែលជាបទក្បត់ជាតិ។
ក្រោយការឃុំខ្លួនតាំងពីដើមខែកញ្ញា ឆ្នាំ២០១៧ អស់រយៈពេលជាង១ឆ្នាំដោយមិនមានការកាត់ទោស លោកត្រូវបានតុលាការបញ្ជូនទៅឃុំនៅក្នុងផ្ទះរបស់លោកវិញ ក្រោមការឃ្លាំមើលរបស់តុលាការ។
ក្រោយការចាប់និងឃុំខ្លួនលោក កឹម សុខា ជាបន្តបន្ទាប់ទាំងក្នុងពន្ធនាគារនិងក្នុងផ្ទះគេឃើញអង្គការអន្តរជាតិផ្នែកការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិជាច្រើនទាមទារឲ្យមានការទម្លាក់ចោលបទចោទលើ លោក កឹម សុខា ដោយឥតលក្ខខណ្ឌ។
យ៉ាងណាក្តី ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានចេញមុខការពារចំណាត់ការឃុំខ្លួនលោក កឹម សុខា ថាធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ។
ការបង្ហោះសារផ្សេងៗរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានបញ្ចេញយោបល់លើនយោបាយកម្ពុជា ព្រមទាំងការរិះគន់រដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ធ្វើឡើង ខណៈដែលសហភាពអឺរ៉ុបបានបញ្ជាក់កាលពីសប្តាហ៍មុនថា ខ្លួនបានចាប់ផ្តើមដើរទៅមុខឆ្ពោះទៅរកការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធដែលមានឈ្មោះថា «រាល់មុខទំនិញលើកលែងតែសព្វាវុធ» (EBA) ដោយសារតែការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សហភាពអឺរ៉ុបបានទុកឱកាសឱ្យរដ្ឋាភិបាលកម្ពុជាកែលម្អស្ថានការណ៍ប្រជាធិបតេយ្យ មុនពេលដែលការដកហូតឋានៈអនុគ្រោះពន្ធនេះចូលជាធរមាន ក្នុងរយៈពេល១៨ខែទៀត គឺនៅខែសីហាឆ្នាំ២០២០។
លក្ខខណ្ឌរបស់សហភាពអឺរ៉ុប គឺស្នើឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស សិទ្ធិសហជីព និងលទ្ធិប្រជាធិបតេយ្យ ក្នុងនោះមានការដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងគេហដ្ឋានរបស់លោក នៅចំកណ្តាលរាជធានីភ្នំពេញ៕