ស្ថានទូត​អាមេរិក រៀបចំ​ពិព័រណ៍​ការ​សិក្សា​នៅ​អាមេរិក​សម្រាប់​សិស្ស​និទ្ទេស​ A

សិស្ស-និស្សិត​ជាប់​និទ្ទេស A ក្នុង​ឆ្នាំ២០១៦ កំពុង​ស្វែងយល់​ពី​ចំណេះដឹង​ និង​ឱកាស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ពិព័ណ៌​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt មាន​ប្រសាសន៍​​ថា ពិព័រណ៍​ការ​សិក្សា​​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​សិស្ស-និស្សិត​កម្ពុជា​ដែល​ជាប់​និទ្ទេស A ក្នុង​​​ឆ្នាំ​​២០១៦​​នេះ អាច​នឹង​ផ្ដល់​ឱកាស​ដល់​​សិស្ស-និស្សិត​ដែល​មាន​សមត្ថភាព​ទៅ​បន្ត​ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ត្រលប់​មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​បង្កើត​ពិព័រណ៍​ការ​សិក្សា​ជា​លើក​ដំបូង​សម្រាប់​សិស្ស-និស្សិត​កម្ពុជាដែល​ប្រឡង​ជាប់និទ្ទេស​ A ក្នុង​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិឆ្នាំ​២០១៦​ ដើម្បី​ឲ្យ​ពួក​គេបាន​ស្វែង​យល់ពី​ឱកាស​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក។

ពិព័រណ៍​ការ​សិក្សា​ដែល​រៀប​ចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦​នេះ មានការ​ចូល​រួម​ពី​ក្រសួងអប់​រំ យុវជន និង​កីឡា​កម្ពុជា អង្គការ STEM កម្ពុជា និង​សិស្ស​និទ្ទេស A ចំនួន​២៥០​នាក់ ក្នុង​ចំណោម​៤០៥​នាក់​មក​ពី​ទូទាំង​រាជធានី​និង​ខេត្ត​ទូទាំង​ប្រទេស។

និស្សិត​ទាំង​នោះ ទទួល​បាន​ការ​យល់ដឹង​ពី​ការ​សិក្សា​ និង​ការ​ចាប់​យក​ឱកាស​ទៅ​សិក្សា​នៅសហរដ្ឋ​អាមេរិក​តាម​រយៈ​ការ​បង្ហាញ និងប្រឹក្សា​ពី​ក្រុមប្រឹក្សា​យុវជន​ដែល​ធ្លាប់​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​កន្លង​មក។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt ថ្លែង​ក្នុង​ពិធី​ពិព័ណ៌​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ថ្លែង​ក្នុង​ពិព័រណ៍​ការ​សិក្សា​នោះ​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt មាន​ប្រសាសន៍ថា សហរដ្ឋ​អាមេរិក​មាន​ប្រព័ន្ធ​ឧត្ដម​សិក្សា​ល្អ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​កំពុង​តែ​ស្វែង​រក​និស្សិត​ដែល​រៀន​ពូកែ​ទៅ​សិក្សា​នៅ​ទីនោះ។

លោក​បន្ថែម​ថា ពិព័រណ៍​ការ​សិក្សានៅ​សហរដ្ឋ​អាមេរិក​សម្រាប់​សិស្ស-និស្សិត​កម្ពុជា​ដែល​ជាប់​និទ្ទេស A ក្នុង​ឆ្នាំ២០១៦នេះ អាច​នឹង​ផ្ដល់​ឱកាស​ដល់សិស្ស-និស្សិត​ដែល​មាន​សមត្ថភាព​ទៅ​បន្ត​ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ត្រលប់​មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

«អ្វី​ដែល​សំខាន់​ជាង​គេ​គឺក្មួយៗ​ត្រូវ​មាន​ជំនឿ​លើ​ខ្លួន​ឯង ដូចនេះ​សូម​សន្យា​ថា​អ្វីៗ​អាច​ទៅ​រួច។ ក្មួយៗ​ជា​អ្នក​បន្ទាប់។ បើ​បន្ត​ខិតខំរៀន​សូត្រ ហើយ​មាន​ជំនឿ​លើ​សមត្ថភាព​ខ្លួនឯង មាន​ន័យ​ថា​ក្មួយៗ​មាន​ការ​ទទួលខុស​ត្រូវ​ក្នុង​ការ​អភិវឌ្ឍ និង​ជួ​យ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភាព​សម្បួរ​សប្បាយ»។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Jay Raman ប្រាប់ VOA ថា សិស្ស​និទ្ទេស A ជា​សិស្ស​ដែល​មាន​សក្ដានុពល​ក្នុង​ការ​សិក្សា ដូច្នេះ​លោក​រំពឹង​ថា សិស្ស​និទ្ទេស A ទាំង​នោះ​នឹង​ទទួល​បាន​ឱកាស​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។

យុវជន ខាន់ លីហួរ ដែល​ជាប់​និទ្ទេស A ក្នុង​ឆ្នាំ​២០១៦ មក​ពី​វិទ្យាល័យ​បាក់ទូក និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ពិព័ណ៌ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក នាថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

យុវ​សិស្សជាប់និទ្ទេស A មួយ​រូប​មកពី​វិទ្យាល័យ​បាក់ទូក គឺ​យុវជន ខាន់ លី​ហួរ លើក​ឡើង​ថា ពិព័រណ៍​ការ​សិក្សា​នេះ​ នឹងជួយ​ឲ្យសិស្ស​និទ្ទេស A ទទួល​យក​ចំណេះ​ដឹង​ពី​ការ​សិក្សា​នៅ​អាមេរិក និងត្រៀម​ខ្លួនទទួល​យក​ឱ​កាស​ទៅ​សិក្សា​នៅ​បរទេសសម្រាប់​ខ្លួនឯង​ ព្រមទាំងអាចចែក​រំលែកចំណេះ​ដឹង​ទៅកាន់​សិស្ស​កម្ពុជា​ផ្សេង​ទៀត។

យុវជន​រូប​នោះ​បន្ថែម​ថា ក្រោយ​ពី​បាន​ចូល​រួម​ក្នុង​ពិព័រណ៍​ការ​សិក្សា​នេះ រូបគេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​ប្រជែង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ដោយ​ក្រៅពី​ចំណេះ​ដឹង​ និង​លទ្ធ​ផល​សិក្សា​ខ្ពស់ ភាសា​អង់គ្លេស​គឺជា​ចំណុច​សំខាន់​ដែល​ចាំ​បាច់​ត្រូវ​តែ​មាន។

«ឥឡូវខ្ញុំ​កំពុង​ដាក់​ apply (ស្នើសុំ​) ទៅ​រៀន​នៅ​អាមេរិក អញ្ចឹង​ខ្ញុំ​ត្រូវ​ការ​take TOEFL និង SIT ហើយ​ខ្ញុំ​ក៏​អរគុណ​ស្ថានទូត​ដែរ​ដែល​បាន​ផ្តល់​នូវ​ opportunity (ឱកាស) ​ដល់​រូប​ខ្ញុំ​ដែល​ជា​សិស្ស​ high​ school​ (វិទ្យាល័យ) ហ្នឹង បាន​រៀន និង​យល់ដឹង​យ៉ាង​ច្បាស់​ពី​ការ ​apply (ស្នើសុំ) ទៅ​រៀននៅ​អាមេរិក​ហ្នឹង​យ៉ាង​ម៉េច តើ​យើង​ត្រូវ​សរសេរ form (ទម្រង់​ពាក្យ​សុំ) យ៉ាង​ម៉េច យើង​ត្រូវសរសេរ personal statement (សេចក្ដី​ថ្លែង​ផ្ទាល់​ខ្លួន) ​យ៉ាង​ម៉េច ហើយ​យើង​ត្រូវ​រក fund (ជំនួយ) យ៉ាង​ម៉េច។ បើ​យើង​បាន​ scholarship (អាហារូបករណ៍) អត់​បាន full (ពេញ) ទេ យើង​បាន​លក្ខណៈ​ដូចជា ៥០ភាគ​រយ ៧០​ភាគ​រយ​អី យើង​អាច​រក ​fund (ជំនួយ) ពីក្រៅ​បាន​ទៀត។ គេ​មានរបៀប​គេរក fund ពី​ក្រៅ​ថែមទៀត»។

លោក ឡៅ ឈីវអ៊ីវ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា មាន​ប្រសាសន៍​ថា គុណភាព​ផ្នែក​អប់រំ​នៅ​កម្ពុជា​ ហាក់​មាន​កម្រិត បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។

លោក​បន្ថែម​ថា ការ​សិក្សា​នៅ​តាម​បណ្ដា​ប្រទេស​ជឿនលឿន គឺជា​ឱកាស​ដែល​អាច​ឲ្យ​យុវជន​កម្ពុជា​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង និង​ទូលំ​ទូលាយ​ជាមួយ​យុវជន​នៅ​ទូទាំង​សាកល​លោក ដូច្នេះ​ពិព័រណ៍​ការសិក្សា​នេះ​នឹង​អាច​ជំរុញ​ឲ្យ​សិស្ស-និស្សិត​ទទួល​បាន​ឱកាស​ទៅ​សិក្សា​នៅ​បរទេស​កាន់​តែ​ច្រើន។

«ពិព័រណ៍​អប់រំ​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​សិស្ស-និស្សិត ដែល​ជា​ផែនទី​បង្ហាញ​ផ្លូវ និង​ប្រាប់​ប្រភព​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​តាម​ជំនាញ​ឯកទេស​នីមួយៗ សេវា​បណ្ណាល័យ ប្រភព​សម្ភារៈ​សម្រាប់​សិក្សា​ភាសា​អង់គ្លេស និង​ការ​ប្រើប្រាស់​ជំនាញ​ឯកទេស​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ»។

ស្ថានទូត​អាមេរិក​ចាប់​ផ្ដើម​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស-និស្សិត​កម្ពុជា ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៩៣​មក។

មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជាបញ្ជាក់​ថា បច្ចុប្បន្ន​និស្សិត​ខ្មែរ​ចំនួន​៥០០​នាក់ កំពុង​បន្ត​ការសិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា​នានា​នៅ​សហរដ្ឋ​អាមេរិក ដែល​ចំនួននេះ​មានការ​កើន​ឡើង​២៥​ភាគរយ បើ​ប្រៀបធៀប​កាល​ពី​ពីរ​ឆ្នាំ​មុន៕