នៅក្នុងសោកនាដកម្មបាក់រលំអគារ៧ជាន់ក្នុងខេត្តព្រះសីហនុ ដែលធ្វើឲ្យមាន មនុស្សស្លាប់និងរបួសជាច្រើននោះ ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ បានចូល រួមសម្តែងមរណទុក្ខចំពោះជនរងគ្រោះក្នុងហេតុការណ៍នេះ។
នៅក្នុងសារតាមប្រព័ន្ធសង្គម ហ្វេសប៊ុករបស់ខ្លួននៅថ្ងៃចន្ទ ស្ថានទូតអាមេរិកបាន បញ្ជាក់តាមខ្លឹមសារដើមថា៖
«ស្ថានទូតអាមេរិកនៅភ្នំពេញមានការក្រៀមក្រំចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបាត់ បង់ជីវិត នៅទីក្រុងព្រះសីហនុ ដោយសារការរលំអាគារ។ យើងសូមសម្តែងសមាន ទុក្ខដោយស្មោះ ចំពោះអ្នកដែលបាត់បង់សមាជិកគ្រួសារ និងមិត្តភក្តិ នៅក្នុងគ្រោះថ្នាក់នេះ»។
យ៉ាងតិចមានមនុស្សចំនួន២៨នាក់ ដែលធ្វើការនៅក្នុងសំណង់អគារនោះ បានស្លាប់ និង ២៦នាក់ទៀតរងរបួសក្រោយពីក្រុមអាជ្ញាធរនិង ក្រុមអ្នកជួយសង្គ្រោះកាលពីថ្ងៃចន្ទ បានបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះនៅកន្លែងបាក់អគារមួយកន្លែងក្នុងខេត្តព្រះសីហនុដែលមានអ្នកវិនិយោគចិនយ៉ាងច្រើនដែលគេបារម្ភពីគុណភាពសំណង់ និង សុវត្ថិភាពនោះ។ ដោយឡែកមនុស្ស ៣នាក់ ត្រូវគេជួយសង្គ្រោះ បានពីគំនរបាក់បែកផងដែរចាប់តាំងពីមានការបាក់រលំអគារកាលពីថ្ងៃសៅរ៍។