អាមេរិក​បើក​ឲ្យ​ពល​រដ្ឋ​កម្ពុជា​ ​ចុះ​ឈ្មោះ​ផ្សង​សំណាង​ជា​មួយ​ឆ្នោត​ ​Diversity Visa​ ​ទៅ​រស់​នៅ​អាមេរិក

ពលរដ្ឋ​ខ្មែរ​ម្នាក់​កំពុង​មើល​ព័ត៌មាន​អំពី​ឆ្នោត​ផ្សង​សំណាង Diversity Visa Program ​ទៅរស់​នៅ​សហរដ្ឋអាមេរិក​នៅ​លើ​គេហទំព័រ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃព្រហស្បតិ៍​ទី​០៥ តុលា ២០១៧។ (ទុំ ម្លិះ/VOA)

​ការ​រៀបចំ​ឲ្យ​មាន​ការ​ចូលរួម​លេង​ឆ្នោត​ដើម្បី​អាច​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ស្របច្បាប់​ ​គឺ​មាន​គោល​បំណង​ពង្រឹង​ភាពចម្រុះ​នៃ​ជាតិ​សាសន៍​ ​ហើយ​កម្ពុជា​ជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ជាច្រើន​ទៀត​ដែល​មាន​ចំនួន​ប្រជាជន​តិច កំពុង​​​រស់​នៅ​ទីនោះ។​

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​ប្រកាស​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរដែល​មាន​បំណង​លេង​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៩​ ​ប្រុង​ប្រយ័ត្ន​ ​និង​មិនត្រូវ​ជឿ​ចំពោះ​ជន​ខិល​ខូច​ ​ឬ​ក្រុមហ៊ុន​ណាមួយដែល​ធានា​សម្រាប់​កម្មវិធី​ឆ្នោត​នេះ។

​ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​ស្តីពី​ការដាក់​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ ​នា​រសៀល ថ្ងៃ​ពុធ​ លោក​ ​Willaim Heidt​ ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជាលើក​ឡើង​ថា​ ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដាក់​ឆ្នោត ​DV​ ​ដើម្បី​ទទួល​បាន​ឱកាស​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​ដោយ​ស្រប​ច្បាប់។​ ​លោក​បន្ថែម​ថា​ ​ដើម្បី​ជៀស​វាង​ការ​ចាញ់​បោក​ជន​ខិលខូច ​អ្នក​ដែល​មាន​បំណង​ចូលរួម​លេង​ឆ្នោតដោយ​មិនគិត​ថ្លៃនេះ​ ​ត្រូវ​បំពេញ​ពាក្យសុំ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ស្ថានទូត​អាមេរិក​ ឬ​គេហទំព័រ​របស់​ស្ថានទូត​ ​មិន​ត្រូវ​ពឹងពាក់​ក្រុមហ៊ុន​ណាមួយដើម្បី​ជួយ​បំពេញ​នោះ​ទេ។

លោក​ ​ ​Willaim Heidt​ ​មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើម​ថា៖​

​«ក្រុមហ៊ុន​ទាំងនេះ​មិនមាន​ទំនាក់ទំនង​ទាល់​តែ​សោះ​ជាមួយ​រដ្ឋាភិបាល​អាមេរិក។​ ​លើស​ពី​នេះ​ទៅ​ទៀត ៣ភាគ៤​នៃ​ពាក្យ​សុំ​ដែល​ដាក់​ដោយ​ក្រុមហ៊ុន​ខាង​ក្រៅកាលពី​ឆ្នាំ​មុន​ ​មិន​ត្រូវ​បាន​ទទួល​ទេ​ ​ពី​ព្រោះ​ពួកគេ​បំពេញ​មិន​ត្រឹមត្រូវ។​ ​អ្វី​ដែល​ធ្វើ​ឲ្យយើង​មាន​ការ​ព្រួយបារម្ភ​ជាង​នេះ​ទៅ​ទៀត​ ​គឺ​ថា​បេក្ខជន​ដែល​ដាក់ឆ្នោត​សម្រាប់​ DV តាម​រយៈ​ក្រុមហ៊ុន​ទាំងនេះ ត្រូវ​បាន​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់»។

​ជារៀង​រាល់​ឆ្នាំ​ ​រដ្ឋាភិបាល​អាមេរិក​ ​បាន​ផ្តល់​ឱកាស​តាម​រយៈ​ឆ្នោត​ផ្សង​សំណាង​មួយ​ ​ដែល​មាន​ឈ្មោះ​ថា​ ​Diversity Visa (DV)​ ​ឲ្យ​ទៅប្រជាពលរដ្ឋរបស់​ប​ណ្តា​ប្រទេស​ផ្សេងៗ​ទូទាំង​ពិភព​លោក​ដែល​មាន​បំណង​ចង់​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ ​អាច​ទៅ​រស់​នៅ​ទីនោះ​ដោយ​ស្របច្បាប់។​ ​ក្រសួង​ការ​បរ​ទេស​សហរដ្ឋ​អាមេរិក​ ​ជា​ស្ថាប័ន​គ្រប់គ្រង​ឆ្នោត​ ​Diversity Visa (DV)​ ​ផ្តល់​ឲ្យ​បេក្ខជន​មាន​លក្ខខណ្ឌ​សមស្រប​ចំនួន៥ម៉ឺន​នាក់​ ​នៅ​ទូទាំង​ពិភព​លោក​ ​ទើប​តែ​ប្រកាស​ឲ្យ​ចាប់​ផ្តើម​ដាក់​ពាក្យកាល​ពី​យប់​ថ្ងៃ​ទី​៣​ ​ខែ​តុលា​ ​នេះ។​ ​ការ​ចុះឈ្មោះចូលរួម​លេង​ឆ្នោតនេះ​ ត្រូវ​ធ្វើ​ឡើង​តាមរយៈគេហ​ទំព័រ​ www.dvlottery.state.gov​ ​ដែល​នឹង​ត្រូវ​បញ្ចប់​រហូត​ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧។

​បើ​តាម​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក​ ​Willaim Heidt​ ​បញ្ជាក់​ថា​ ​មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណជា​៥០០​នាក់​ ​បានជាប់​ឆ្នោត​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​ ​កាល​ពី​២០១៦។

លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំកម្ពុជា (ឆ្វេង) និង​លោក Jason Inslee អនុប្រធាន​កុងស៊ុល​ផ្នែក​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​សហរដ្ឋ​អាមេរិក (ស្តាំ) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការដាក់ឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក នៅ​រសៀល ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ២០១៧។(កាន់ វិច្ឆិកា/VOA)

យោង​តាម​សេចក្តី​ណែនាំ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹងថា​ ​ដើម្បី​អាច​ចូលរួម​លេង​ឆ្នោត​ផ្សង​សំណាង​ ​ត្រូវ​មាន​លក្ខខណ្ឌ​ចំនួន​៣​សំខាន់​ដូចជា​ បេក្ខជន​ត្រូវ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ ឬ​មាន​បទពិសោធន៍​ការងារ​គ្រប់គ្រាន់​ ​ត្រូវ​បញ្ចូល​រូបថត​ថត​ថ្មី​ក្នុង​រយៈពេល​ប្រាំមួយខែ​ចុងក្រោយ​ដើម្បី​ចុះ​ឈ្មោះ​ ​និង​ត្រូវ​បញ្ចូល​ព័ត៌មាន​អំពី​ប្តី​ ​និង​ប្រពន្ធ និង​កូនៗ​ទាំងអស់​នៅ​ពេល​ចុះ​ឈ្មោះ​អនឡាញ។

លោក​ ​Jason Inslee​ ​អនុប្រធាន​កុងស៊ុល​ផ្នែក​ទិដ្ឋាការ​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​នោះ​ថា​ ​ការ​រៀបចំ​ឲ្យ​មាន​ការ​ចូលរួម​លេង​ឆ្នោត​ដើម្បី​អាច​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ស្របច្បាប់​ ​គឺ​មាន​គោល​បំណង​ពង្រឹង​ភាពចម្រុះ​នៃ​ជាតិ​សាសន៍​ ​ដោយ​លោក​ថា​ ​កម្ពុជា​ជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ជាច្រើន​ទៀត​ដែល​មាន​ចំនួន​ប្រជាជន​តិច កំពុង​រស់​នៅ​ទីនោះ។

លោក​បន្ថែម​ថា​ ​បេក្ខជន​ម្នាក់​អាច​ដាក់​ពាក្យ​ចូលរួម​បាន​តែ​ម្តង​គត់​ក្នុង​មួយឆ្នាំ​ ​ប្រសិន​បើ​បេក្ខជន​ដាក់​ពាក្យ​ចូលរួម​លើស​ពី​មួយ​ ​នោះ​នឹង​ត្រូវ​បាន​ដកចេញ​ដោយ​ស្វ័យ​ប្រវត្តិ។​ ​សម្រាប់​ ​ប្តី​ ​ឬ​ប្រពន្ធ​អាច​មាន​សិទ្ធិ​ដូចគ្នាក្នុង​ការដាក់ឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​នេះ។ មាន​ន័យ​ថា ទាំង​ប្ដី ឬ​ទាំង​ប្រពន្ធ អាច​ដាក់​ឆ្នោត​ផ្សង​សំណាង​ក្នុង​ពេល​តែមួយ​បាន ប្រសិនបើ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​ប្តី ឬ​ប្រពន្ធ​ ​ជាប់​ឆ្នោត​ ​នោះ​គេ​អាច​នាំ​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​គេ ដែល​មាន​ទាំង​ប្តី ឬ​ប្រពន្ធ និង​កូន​នោះ​ ​ទៅ​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​បាន។​ ​ក្នុង​ករណី​ដែល​បេក្ខជន​ត្រូវ​បាន​ជ្រើសរើស ប៉ុន្តែ​បោះបង់​ ​នោះ​ពួកគេ​នៅ​តែអាច​មាន​សិទ្ធិ​ចូល​រួម​នៅ​ឆ្នាំ​បន្ទាប់​ទៀត។

លោក​ ​Jason​ ​បន្ថែម​ថា រដ្ឋាភិបាល​អាមេរិក​នឹង​ផ្តល់​តែសិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ ឬ​ហៅថា​ ​Green Card​ ​សម្រាប់​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ ​និង​ទទួល​បាន​ទិដ្ឋាការ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​សម្រាប់​តម្លៃ​នៃការ​ស្នើ​សុំ​ទិដ្ឋាការ​ចំនួន​៣៣០​ដុល្លារ​ ​ការ​ចំណាយ​ផ្សេងៗ​ ​ការ​ជ្រើសរើស​តំបន់​ដើម្បី​រស់នៅឯ​សហរដ្ឋ​អាមេរិក​ ​ការ​ស្វែងរក​ការងារ​ធ្វើ និង​ការ​ស្នាក់នៅ​ជាដើម​នោះ គឺជា​ការ​ទទួល​ខុសត្រូវ​របស់​បេក្ខជន​ម្នាក់ៗ។

លោក ​Jason Inslee​ ​បញ្ជាក់​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែ​សម្រួល​ដោយ​អ្នកប្រែ​ជា​ភាសាខ្មែរ​ថា៖​

​«ពេល​ដែល​គាត់​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ហើយ គឺ​គាត់​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ជាជន​មាន​សិទ្ធិ​ស្នើ​សុំរស់​នៅស្រប​ច្បាប់​ ​ដែល​ខ្មែរ​ហៅថា​ ​ហ្គ្រីនកាត​ ​(Green Card)។​ ​ហើយ​បន្ទាប់​មក​ក្នុង​រយៈពេល​ប្រហែល​ជា៥​ឆ្នាំ​ហ្នឹង​ ​ពួកគាត់​អាច​ស្នើ​សុំធ្វើ​សញ្ជាតិ​អាមេរិក​បាន​ ​ហើយ​ចំណុច​សំខាន់​ទៀត​ដែល​ជា​ការ​យល់​ច្រឡំ​ច្រើន​គឺ​ថា​ ​មួយចំនួន​គិតថា​រដ្ឋាភិបាល​អាមេរិក​គាត់់​នឹង​ផ្តល់​ជា​សំបុត្រ​យន្តហោះ​ ​ក៏​ដូច​ជា​កន្លែងស្នាក់​នៅ​ ​ក៏​ដូចជា​ការងារ​ផ្សេងៗ​ ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក​មិន​បាន​ផ្តល់​ជំនួយ​អស់​ហ្នឹង​ទេ»។

អនុប្រធាន​កុងស៊ុល​ផ្នែក​ទិដ្ឋាការ​អន្តោរប្រវេសន៍​រូបនេះ​បន្ថែម​ថា​ ​ឆ្នោត​ ​DV​ ​នឹង​ត្រូវ​ចាប់ដោយ​ចៃ​ដន្យ​តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ និង​ថា បេក្ខជន​ដែល​ចង់​ដឹង​ពី​លទ្ធផល​ ​ត្រូវ​មើល​ឈ្មោះ​របស់​ខ្លួន​នៅ​លើ​គេហ​ទំព័រ​ ​www.dvlottery.state.gov​ ​ដដែល។​

លោក​ ​ ​Jason Inslee​ ​មាន​ប្រសាសន៍​ថា៖​

«នៅ​ពេល​ដែល​អ្នក​ទាំងអស់​គ្នា​ចុះ​ឈ្មោះ​តាម​វែបសាយ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណែត​ហ្នឹង គឺ​អ្នក​ទាំងអស់​គ្នា​នឹង​ទទួល​បាន​ ​Confirmation Number​ ​ឬ​ជា​ភាសាខ្មែរ​ហៅ​ថា​ ​លេខ​កូដ​បញ្ជាក់។​ ​នៅ​ពេល​អ្នក​ទាំង​អស់​គ្នា​ទទួល​បាន​ហ្នឹង គឺ​នៅ​ឆ្នាំ​ ​ក្រោយ​ខែ​៥ ​ថ្ងៃទី១​ ​អ្នក​ទាំង​អស់​គ្នា​អាច​ឆែក​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​តាម​វែបសាយ​ហ្នឹង​ដដែល»។

​ពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន​ដែល​បាន​ធ្វើ​អន្តោរ​ប្រវេសន៍​ទៅ​សហរដ្ឋ​អាមេរិក​ជា​ច្រើន​មក​ហើយ​ ​ដូច​ជា​ប្រទេស​ម៉ិកស៊ិក​ ​ចិន​ ​ឥណ្ឌា​ ​ជាដើម​ ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ដាក់​ឆ្នោត​ផ្សង​សំណាង​ ​ដោយ​សារប្រជាជន​នៃ​ប្រទេស​ទាំង​នោះ​មាន​ចំនួន​ច្រើន​កំពុង​រស់នៅ​សហ​រដ្ឋ​អាមេរិក៕