មន្ត្រីរដ្ឋាភិបាលបានឱ្យដឹងនៅថ្ងៃពុធនេះថា ក្រសួងមហាផ្ទៃកំពុងធ្វើការយ៉ាងមមាញឹកលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលអាចបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗខាងមុខ ខណៈពេលដែលអង្គការសង្គមស៊ីវិល និងមន្ត្រីការទូត រួមទាំងឯកអគ្គរដ្ឋទូតស.រ.អា នៅតែទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញច្បាប់ដ៏ចម្រូងចម្រាសនេះជាសាធារណៈដើម្បីធ្វើការពិគ្រោះយោបល់។
តាមការឲ្យដឹងពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលជាសាមីក្រសួងធ្វើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ បានប្រាប់ VOA ខេមរភាសាថា ក្រសួងមហាផ្ទៃកំពុងធ្វើការប្រជុំពិភាក្សាជាប្រចាំ ដើម្បីកែសម្រួលផ្នែកខ្លះនៃច្បាប់នេះ មុនពេលបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី។ ក៏ប៉ុន្តែលោកមិនអាចបញ្ជាក់បានថា មានការកែប្រែផ្នែកណានៃច្បាប់នោះទេ។
«និយាយរួមគឺថា អ្វីដែលឈរលើមូលដ្ឋាន ដែលបានដាក់ឆ្លងជាមួយអង្គការសង្គមស៊ីវិលតាំងពីយូរណាស់មកហើយហ្នឹង។ យើងគ្រាន់តែកែសម្រួលឲ្យស្របតាមសភាពការណ៍បច្ចុប្បន្ន។ ហើយបច្ចុប្បន្ននោះគឺឋិតនៅក្នុងការពិភាក្សានៅឡើយរវាងក្រសួងមហាផ្ទៃជាមួយបណ្ដាក្រសួងផ្សេងៗទៀតដែលពាក់ព័ន្ធ»។
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះត្រូវរៀបចំធ្វើឡើងដោយ រដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ ដោយមានការចូលរួមពិភាក្សាតិចតូចបំផុតពីដៃគូដែលជាអង្គការក្រៅរដ្ឋាភិបាល។ នៅដើមខែមេសាឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានលើកយកសេចក្តីព្រាងច្បាប់នេះមកប្រកាសសារជាថ្មីម្តងទៀត ដោយជំរុញឱ្យអនុម័តច្បាប់នេះឲ្យបាននាខែឧសភានេះជាកំហិត។
មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាពុំទាន់បានបញ្ចេញសំណៅដើមចុងក្រោយនៃសេចក្តីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះជាសាធារណៈ ឬដាក់ឲ្យមានការពិគ្រោះយោបល់ណាមួយនោះទេ។
លោក វីលៀម ថូដ (William Todd) ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសរសេរនៅក្នុងបទអត្ថាធិប្បាយរបស់លោកមួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យនេះថា ពិភពលោកកំពុងតែបើកភ្នែកសម្លឹងមើលដំណើរការរបស់ប្រទេសកម្ពុជា។ លោកបន្ថែមថា សង្គមស៊ីវិលមួយដែលមានការបើកចំហគឺជា «គន្លឹះទៅកាន់វិបុលភាព ព្រមទាំងសិទ្ធិមនុស្ស»។
លោកបានសរសេរនៅក្នុងបទអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ «នៅសប្ដាហ៍នេះ សហគមន៍នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលជាសម្ព័ន្ធអន្តររដ្ឋាភិបាល ដែលមានក្រុមប្រឹក្សា រួមមានសហរដ្ឋអាមេរិក ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសចំនួន២៤ផ្សេងទៀត បានចេញសេចក្តីអំពាវនាវឲ្យសហគមន៍អន្តរជាតិតឿនឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចេញសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបើកឲ្យមានកិច្ចពិគ្រោះយោបល់ឲ្យបានពេញលេញ»។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូបានសម្តែងការស្វាគមន៍ចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត វីលៀម ថូដ (William Todd) ដោយថ្លែងថា មកដល់ពេលនេះ អង្គការសង្គមស៊ីវិលមិនទាន់បានទទួលសេចក្តីព្រាងច្បាប់ចុងក្រោយនៅឡើយ ទេ ហើយបើតាមសំណៅច្បាប់ដែលសង្គមស៊ីវិលទទួលបាននាឆ្នាំ២០១១នោះគឺមានការគាបសង្កត់ដល់ដំណើរការសង្គមស៊ីវិលយ៉ាងខ្លាំង។
«ប្រសិនជាច្បាប់នោះមិនមានអ្វីកែប្រែខុសពីឆ្នាំ២០១១ទេ ខ្ញុំយល់ថា ច្បាប់នោះចេញមកគឺក្នុងគោលបំណងក្នុងការរឹតបន្តឹងដំណើរការរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិតែប៉ុណ្ណោះ»។
មន្ត្រីសិទ្ធិមនុស្សដដែលបានបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែបើកឲ្យមានការបើកឲ្យមានកិច្ចពិភាក្សាឲ្យបានទូលំទូលាយ ដើម្បីជៀសវាងផលប៉ះពាល់នាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីដើមខែឧសភានេះ អង្គការសង្គមស៊ីវិលជាង២៧០ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា បានចូលរួមធ្វើយុទ្ធនាការស្នើឲ្យមាន«ការបញ្ឈប់ និងធ្វើការពិភាក្សា»លើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ ឲ្យបានទូលំទូលាយ ដោយពួកគេយល់ថា ច្បាប់នេះមានភាពសាំញ៉ាំ និងអាចប៉ះពាល់ដល់គម្រោងអភិឌ្ឍន៍ និងកាងាររបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសដ៏ក្រីក្រមួយនេះ។ អង្គការទាំងនេះបានព្រមានថា កម្ពុជាអាចខាតបង់គម្រោងនានា ដែលមានទឹកប្រាក់រហូតដល់៧០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ប្រសិនបើសេចក្តីព្រាងច្បាប់មួយនេះអនុម័តដោយមិនសមស្រប និងប៉ះពាល់ដល់ដំណើរការរបស់អង្គការសង្គមស៊ីវិលនោះ៕