អ្នកវិភាគឯករាជ្យ និងអ្នកនយោបាយកម្ពុជាបាននិយាយថា បើទោះបីជាការឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិកមានដំណើរការខុសពីប្រក្រតីខ្លះនៅក្នុងការឃោសនាយុទ្ធនាការបោះឆ្នោតដែលកំពុងបន្តយ៉ាងណាក៏ដោយ ក៏មានមេរៀនខ្លះដែលអ្នកនយោបាយកម្ពុជាអាចរៀនពីអ្នកនយោបាយនិងដំណើរការឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិក។
ការប្រើពាក្យសំដីមិនសមរម្យរបស់អ្នកនយោបាយសហរដ្ឋអាមេរិកនិងការដាក់បង្ខាំងផ្លូវធ្វើដំណើរក្នុងពេលអំឡុងពេលយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដែលកំពុងបន្ត អាចជាព្រឹត្តិការណ៍មួយដែលហាក់ដូចជាមិនទំនងជាកើតមានឡើងនៅក្នុងប្រទេសនេះ។ ប៉ុន្តែអ្នកវិភាគនិងអ្នកនយោបាយកម្ពុជាបាននិយាយថា សហរដ្ឋអាមេរិកនៅតែមានមេរៀនល្អអំពីដំណើរការប្រជាធិបតេយ្យនិងការឃោសនាបោះឆ្នោតដែលប្រទេសកម្ពុជាអាចរៀនពីសហរដ្ឋអាមេរិកបាន។
នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន និងប្រធាននៃសមាជិកគណបក្សប្រឆាំងលោក សុន ឆ័យ បានបង្ហាញថា ភាគីបដិបក្ខនយោបាយទាំងពីរនៅកម្ពុជាកំពុងតាមដានមើលព្រឹត្តិការណ៍នេះយ៉ាងដិតដល់។ លោកហ៊ុន សែន បានចំអន់យុទ្ធនាការឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយនាយករដ្ឋមន្ត្រីរូបនេះ បានកត់សម្គាល់ពីព្រឹត្តិការណ៍មិនប្រក្រតីនៅពេលយុទ្ធនាការនៃការបោះឆ្នោតដូចជា «ការបិទផ្លូវនិងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យដោយបេក្ខជនប្រធានាធិបតីជាដើម»។
លោក សុន ឆ័យ សមាជិកគណបក្សសង្គ្រោះជាតិ បាននិយាយថា លោកមានការព្រួយបារម្ភពី«ភាពកំរោល»របស់លោក Donald Trump បេក្ខជនប្រធានាធិបតីនាំមុខគេរបស់គណបក្សសាធារណរដ្ឋ ។
លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យនិងជាបេក្ខជនប្រធានាធិបតីជួរមុខមកពីគណបក្សសាធារណរដ្ឋ បានបង្ហាញពីគោលជំហរជ្រុលនិយមរបស់លោកទៅលើបញ្ហាជនអន្តោប្រវេសន៍។ លោកបាននិយាយថា លោកនឹងសាងសង់ជញ្ជាំងតាមព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ផ្សេងៗ។ លោកក៏បានលើកឡើងពីគោលនយោបាយហាមឃាត់អ្នកកាន់សាសនាឥស្លាមមិនឲ្យចូលសហរដ្ឋអាមេរិកនៅពេលលោកធ្វើការឃោសនាបោះឆ្នោតប្រធានាធិបតេយ្យនៅឆ្នាំនេះ។
ការប្រមូលផ្តុំនៃអ្នកគាំទ្រនយោបាយរបស់លោក បាននាំឲ្យមានការរំខានដោយសារការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្ររបស់លោកនិងក្រុមអ្នកតវ៉ាប្រឆាំងនឹងលោក ស្របពេលដែលលោកត្រូវបានគេចោទប្រកាន់ថា បានផ្តល់សុន្ទរកថាដែលនាំឲ្យមានការញុះញង់អំពើហិង្សា។
ទោះបីជាមានបញ្ហាទាំងអស់នេះក៏ដោយ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលមានទីតាំងនៅរាជធានីភ្នំពេញបាននិយាយថា៖ «មានមេរៀនមួយចំនួនដែលយើងអាចរៀនបានដែរ »។
នៅសហរដ្ឋអាមេរិកគណបក្សនយោបាយកំពុងធ្វើការឃោសនាបោះឆ្នោតដែលជាដំណើរការសំខាន់ក្នុងទីសាធារណៈ។ យុទ្ធនាការរួមមានការពិភាក្សាដេញដោលជាសាធារណៈរវាងបេក្ខជនប្រធានាធិបតីនៅក្នុងជួរគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យដែល ត្រូវបានចាក់ផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ហើយបេក្ខជនប្រធានាធិបតីទទួលបានឱកាសស្មើគ្នាដើម្បីបង្ហាញសំណើរបស់ពួកគេទៅកាន់អ្នកបោះឆ្នោត។
ស្របពេលជាមួយគ្នានេះ ចំពោះការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ជាទូទៅមិនមានការធ្វើការជជែកដេញដោលគ្នារវាងបេក្ខជននាយករដ្ឋមន្ត្រីនៅលើកញ្ចក់ទូរទស្សន៍ឬនៅទីសាធារណៈនោះទេ។
សមាជិកគណបក្សប្រឆាំងបាននិយាយថា ពួកគេមិនទទួលបានឱកាសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំងតាមទូរទស្សន៍ជាតិនិងតាមទូរទស្សន៍ឯកជន ហើយកាសែតភាគច្រើនត្រូវបានគ្រប់គ្រងដោយមនុស្សដែលស្មោះត្រង់នឹងលោក ហ៊ុន សែនដែលកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ។
លោក អ៊ូ វីរៈ បាននិយាយថាគណបក្សនយោបាយរបស់កម្ពុជាគួរតែទទួលបានឱកាសដូចគ្នាដើម្បីបង្ហាញពីអ្វីដែលពួកគេមានដូចនៅសហរដ្ឋអាមេរិកដែរ។ លោកបាននិយាយថាការដេញដោលតាមទូរទស្សន៍នឹងផ្តល់ឱ្យសាធារណៈជននូវឱកាសដើម្បីធ្វើការប្រៀបធៀបសមត្ថភាពរបស់បេក្ខជននីមួយៗដោយតម្លាភាព។
«ឃើញការឃោសនាដោយឯករាជ្យតាមទូរទស្សន៍និងមួយទៀតការតទល់គ្នានៅលើការផ្សាយផ្ទាល់នៅលើទូរទស្សន៍ជាច្រើនលើកច្រើនសារនៅក្នុងផ្ទៃក្នុងបក្ស។ ហ្នឹងជារឿងមួយដែលយើងអត់ទាន់ធ្វើនៅក្នុងប្រទេសកម្ពុជាទេ។ គឺការប្រកួតប្រជែងផ្ទៃក្នុងបក្ស»។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកលោក Jay Raman បានប្រាប់VOAថាលោកសង្ឃឹមថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រទេសលោកនឹង «ផ្តល់ជាគំរូវិជ្ជមានសម្រាប់ប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោកនិងជំរុញឱ្យបណ្តាប្រទេសទាំងនោះអនុវត្តគំរូប្រជាធិបតេយ្យដែលសាកសមទៅនឹងស្ថានភាពតែមួយគត់របស់ប្រទេសនោះ»។
លោក Jay បានបន្ថែមថា៖ «មិនមានវិធីខុសក៏ត្រូវតែមួយដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យនោះទេ»។
លោកបន្ថែមថាលោកជឿថាការបើកចំហតម្លាភាពនិងការប្រកួតប្រជែងប្រជាធិបតេយ្យសេរីពហុបក្សដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនគឺមានប្រយោជន៍ដែលនាំមានសន្តិភាព ការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បាននិយាយថា ប្រទេសកម្ពុជាអាចរៀនពីសហរដ្ឋអាមេរិកផងនិងបណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកផងដើម្បីកែលំអរដំណើរការនៃការបោះឆ្នោតរបស់ខ្លួន។
«ការបោះឆ្នោតនៅកម្ពុជាគឺបានសិក្សានិងដកស្រង់ពិសោធន៍ពីប្រទេសមួយចំនួនក្នុងនោះសហរដ្ឋអាមេរិកក៏ជាប្រទេសមួយដែរដែលកម្ពុជាបានធ្វើការរៀនសូត្រដើម្បីដកពិសោធន៍។ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាពេលខាងមុខនេះអាចជាទនុសម្រាប់អ្នកនយោបាយខ្មែរក្នុងការស្រង់នូវចំណុចអសកម្មចេញហើយស្រង់យកចំណុចដែលសកម្មល្អដើម្បីឆ្ពោះទៅការដណ្តើមតួនាទីដឹកនាំដោយគណបក្សនយោបាយឈ្ពោះទៅរកការរៀបចំប្រជាពលរដ្ឋលោកមានជីវភាពធូរធារនិងលទ្ធផលបោះឆ្នោតអាចទទួលយកបានដោយគ្រប់ភាគីពាក់ព័ន្ធ»។
លោកពុទ្ធា បាននិយាយថា លោកជំរុញគណបក្សនយោបាយរបស់ប្រទេសកម្ពុជាកំណត់គោលនយោបាយច្បាស់លាស់ដែលអាចអ្នកបោះឆ្នោតធ្វើការវិនិច្ឆ័យថាតើពួកគេគួរបោះឆ្នោតឲ្យភាគីណាមួយ។
«អ្នកនយោបាយត្រូវតែហ៊ានបង្ហាញនូវទស្សនវិស័យរបស់ខ្លួនថាប្រសិនបើខ្លួនជាប់ឆ្នោតខ្លួននឹងធ្វើយ៉ាងណាដើម្បីជំរុញឲ្យប្រជាពលរដ្ឋលោកមានការរស់នៅប្រកបដោយជីវភាពធូរធារ។ហើយពេលដែលបានការគាំទ្រមែននោះបេក្ខជន ឬ ក៏អ្នកតំណាងដែលបានជាប់ឆ្នោតត្រូវតែអនុវត្តបាននោះគឺជាការចាំបាច់បាទ»។
លោក សុនឆ័យ នៃគណបក្សសង្គ្រោះជាតិបាននិយាយថាប្រទេសកម្ពុជាអាចរៀនពីការបើកឲ្យមានការជជែកពិភាក្សាដូចគ្នាទៅនឹងនយោបាយរបស់សហរដ្ឋអាមេរិក។
«មេដឹកនាំត្រូវតែបង្ហាញអំពីជំហររបស់គេ។ នយោបាយរបស់ខ្លួនលើវិស័យទាំងឡាយដែលជាវិស័យប៉ះពាល់ទៅដល់ប្រទេសជាតិធំៗហើយគេធ្វើដោយសេរីដោយអត់មានការភ័យខ្លាចទេ។ហើយក្នុងប្រព័ន្ធផ្សព្វផ្សាយគឺគេផ្តល់លទ្ធភាពគ្រប់គណបក្សទាំងអស់គឺមានលទ្ធភាពផ្សព្វផ្សាយពីគោលនយោបាយរបស់គេដោយមិនមានការគាបសង្កត់អ្វីទាំងអស់»។
លោកបាននិយាយថាការធានាថាគ្រប់ភាគីទាំងអស់មានសិទ្ធិស្មើគ្នាក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាអាចបង្កើនការចុះឈ្មោះបោះឆ្នោតនិងអនុញ្ញាតឱ្យប្រជាជនទៅបោះឆ្នោនៅកន្លែងដែលពួកគេធ្វើការជាជាងធ្វើដំណើរត្រឡប់ទៅខេត្តរបស់ពួកគេក្នុងអំឡុងពេលបោះឆ្នោតជាការចាំបាច់។
«ចំណុចមួយទៀតដែលសំខាន់គឺថាប្រទេសអាមេរិកគេមិនដែលបង្កការលំបាកដល់ពលរដ្ឋគេក្នុងការបោះឆ្នោតទេកាលណាប្រជាពលរដ្ឋគេទៅបោះឆ្នោតគឺថារបៀបផ្តល់សេវាទាំងចុះឈ្មោះទាំងទីកន្លែងបោះឆ្នោតអីៗគឺថាគេផ្តល់ការសម្រួលទាំងអស់»។
បន្ទាប់ពីការប្រឈមមុខគ្នាក្រោយពីលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣នោះ គណបក្សធំពីររបស់កម្ពុជាកាលពីឆ្នាំមុនបានយល់ព្រមបង្កើតអ្វីដែលពួកគេហៅថា «វប្បធម៌សន្ទនា»។ វប្បធម៌សន្ទនាត្រូវបានគេមើលឃើញថាមានអត្ថន័យមិនច្បាស់លាស់ហើយត្រូវបានបង្កើតឡើងក្នុងក្តីសង្ឃឹមថានឹងលើកទឹកចិត្តដល់បរិយាកាសនយោបាយដោយជំរុញឲ្យគណបក្សនយោបាយទាំងពីរអាច ពិភាក្សាគ្នាដោយមិនប្រកាន់។
ទោះជាយ៉ាងណាវប្បធម៍សន្ទនាត្រូវបានដួលរលំកាលពីឆ្នាំមុនបន្ទាប់ពីមានការចាប់ខ្លួននិងការវាយដំមកលើសមាជិកសភាគណបក្សប្រឆាំង។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបាននិយាយថា ដោយយោងទៅលើបរិយាកាសនយោបាយបច្ចុប្បន្ន ប្រទេសកម្ពុជានឹងត្រូវការរយៈពេលពី១០ទៅ ១៥ ឆ្នាំទៀត ដើម្បីឲ្យមេដឹកនាំរបស់បក្សនីមួយៗអាចចូលរួមការពិភាក្សាដេញដោលគ្នាជាសាធារណៈដែលស្រដៀងគ្នាទៅនឹងការពិភាក្សារបស់អ្នកនយោបាយសហរដ្ឋអាមេរិកដែលត្រូវបានផ្សាយតាមទូរទស្សន៍៕