រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិភាក្សាគ្នាកាលពីសប្ដាហ៍មុនថាតើគួរធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងតាំងពីឆ្នាំ ១៩៩២ មក ឬក៏អត់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត the Washington Post កាលពីថ្ងៃសុក្រ ដោយស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់មួយរូប និងអតីតមន្ត្រីពីររូបដែលដឹងអំពីរឿងនេះ។
រឿងនេះបានលេចឡើងនៅឯការប្រជុំមួយរបស់មន្ត្រីជាន់ខ្ពស់មួយចំនួន ដែលតំណាងឲ្យទីភ្នាក់ងារសន្តិសុខជាតិជាន់ខ្ពស់នានា បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានចោទប្រកាន់ថា ប្រទេសរុស្ស៊ី និងចិនកំពុងធ្វើការសាកល្បងនុយក្លេអ៊ែរកម្រិតទាប។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត the Washington Post ដដែលនោះ។
ប៉ុន្តែការប្រជុំនេះមិនបានបញ្ចប់ទៅដោយសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយនោះទេ។
សេចក្ដីរាយការណ៍របស់កាសែត the Washington Post នេះបានបន្ថែមថា នៅទីបំផុត សេចក្ដីសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីចាត់វិធានការផ្សេងនៅក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដែលបង្កដោយប្រទេសរុស្ស៊ី និងចិន និងដើម្បីជៀសវាងពីការសាកល្បងនុយក្លេអ៊ែរនេះឡើងវិញ។
គេមិនអាចទាក់ទងមន្ត្រីសហរដ្ឋអាមេរិកបានភ្លាមៗដើម្បីសុំបញ្ចេញមតិលើបញ្ហានេះបានទេ៕