ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Daniel J. Kritenbrink ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីសប្តាហ៍មុន បានចោទសួររដ្ឋាភិបាលកម្ពុជាអំពីបញ្ហានៅមូលដ្ឋានទ័ពសមុទ្ររាម ហើយក៏បានជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងបើកលំហលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាផងដែរ។
នៅក្នុងទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែកុម្ភៈ របស់ឧបការីរដ្ឋមន្រ្តីក្រសួងការបទេសរូបនេះ លោកបានជួបជាមួយនឹងនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត និងលោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ។ លោកក៏បានបំពេញទស្សនកិច្ចនៅបណ្តាប្រទេសផ្សេងទៀតដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ហៅកាត់ថាអាស៊ាន រួមមានសិង្ហបុរី ថៃ វៀតណាម និងព្រុយណេផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Daniel J. Kritenbrink បានលើកឡើងថា លោកបានជួបនិងពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត និងរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា អំពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងលំហសេរីភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។
លោក Daniel J. Kritenbrink បន្តថា ភាគីទាំងពីរក៏បានជជែកគ្នាលើកិច្ចសហប្រតិបត្តិការដែលកំពុងតែមានដូចជាការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន កម្មវិធីជំនួយបរទេស ប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជា និងការពង្រឹងការអនុវត្តច្បាប់។
លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាភាសា អង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «យើងក៏បានលើកឡើងអំពីផ្នែកផ្សេងទៀត រួមទាំងផ្នែកនៃភាពខុសគ្នាទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ការជួញដូរមនុស្ស និងលំហសេរីភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ។ ខ្ញុំក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេសម្រាប់ការរីកចម្រើននៃប្រទេស ប្រជាធិបតេយ្យ និងឯករាជ្យ ដែលសំឡេងទាំងអស់ត្រូវបានស្តាប់ឮ គោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ»។
បើតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងនៅចំពោះមុខឧបការីអាមេរិកអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថា៖ «ក្នុងជំនួបនេះ សម្តេចធិបតី និងឯកឧត្តម Daniel J. Kritenbrink បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតលើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជន និងប្រជាជន ព្រមទាំងវិស័យការពារជាតិ និងសន្តិសុខជាដើម»។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក Daniel J. Kritenbrink ឱ្យដឹងថា លោកបានពិភាក្សាអំពីការព្រួយបារម្ភរបស់អាមេរិកលើមូលដ្ឋានទ័ពជើងទឹករាមដែលចិនកំពុងជួយធ្វើទំនើបកម្ម និងឥទ្ធិពលរបស់ចិនក្នុងការប្រើប្រាស់សំណង់ទាំងនោះ។
លោកថ្លែងថា៖ «...យើងពិតជាបានពិភាក្សាគ្នាអំពីបញ្ហា ទាក់ទងនឹងមូលដ្ឋានទ័ពជើងទឹករាម ហើយសហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ និងតម្លាភាព ពីមុនមកថាសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅក្នុងតំបន់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោលបំណងនិងវិសាលភាពនៃការសាងសង់មូលដ្ឋានទ័ពជើងទឹករាម ក៏ដូចជាតួនាទីដែលយោធារបស់សាធារណរដ្ឋប្រជាមានិតចិនកំពុងដើរតួក្នុងដំណើរការនេះ ហើយនិងការប្រើប្រាស់កន្លែងសំណង់មូលដ្ឋាននេះក្នុងពេលអនាគត»។
យ៉ាងណាមិញ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តគោរពគោលជំហររបស់កម្ពុជា ហើយធានាថាប្រទេសជាដៃគូក្នុងតំបន់អាចធានានូវអធិបតេយ្យភាពរបស់ខ្លួន។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បាននៅឡើយទេ។
ទោះជាយ៉ាងណាក្តី ពាក់ព័ន្ធនឹងការអភិវឌ្ឍនៅមូលដ្ឋានកងទ័ពជើងទឹករាម រដ្ឋាភិបាលកម្ពុជាធ្លាប់បានបកស្រាយច្រើនលើកច្រើនសាថា មូលដ្ឋាននេះនឹងមិនអាចក្លាយជាទីតាំងផ្តាច់មុខរបស់កងទ័ព ចិនទេ ហើយជាងនេះទៀត មូលដ្ឋាននេះនឹងក្លាយជាទីតាំងនៃការធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងប្រទេសផ្សេងទៀត តែជាសមយុទ្ធបែបសង្គ្រោះបន្ទាន់ពេលមានគ្រោះអាសន្នកើតឡើង។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាការលើកឡើងរបស់ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកជា«រឿងដដែល» ដោយលោកបានបញ្ជាក់ថាកន្លងទៅថ្នាក់ដឹកនាំកម្ពុជាក៏បានពន្យល់ និងថែមទាំងបានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទៅមើលដល់ទីតាំងមូលដ្ឋានទ័ពរាមផងដែរ។
កាលពីខែកញ្ញា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករដ្ឋឯករាជ្យ និងមិនអនុញ្ញាតឱ្យបរទេសណាមួយសាងសង់មូលដ្ឋានទ័ពនៅកម្ពុជាឡើយ។
គួររំឭកថា កាលពីខែមិថុនា ឆ្នាំ ២០២២ កម្ពុជានិងចិនបានបើកការដ្ឋានសាងសង់សំណង់នានានៅមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពរាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។ ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថាអាចប្រើប្រាស់ ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ទប់ទល់នឹងអាមេរិក ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់៕