តំណាងស្ថានទូតសហរដ្ឋអាមេរិក លោក Michael Newbill នៅសប្ដាហ៍នេះ បានជំរុញលើកទឹកចិត្ត ឲ្យអ្នកសារព័ត៌មានឯករាជ្យក្នុងប្រទេសកម្ពុជា បន្តធ្វើការងាររបស់ខ្លួនដើម្បីផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ជូនពលរដ្ឋខ្មែរ ខណៈស្ថានភាពសារព័ត៌មានឯករាជ្យក្នុងស្រុក បានធ្លាក់ចុះយ៉ាងគំហុកក្រោយការបង្ក្រាបនៅក្នុងឆ្នាំ២០១៧។
ថ្លែងនៅក្នុងសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» ដែលរៀបចំដោយសារព័ត៌មានថ្មីៗនិងស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍ លោក Michael Newbill ភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងសរសើរពីសារសំខាន់នៃសេរីភាពសារព័ត៌មានក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងបង្ហាញពីការសោកស្ដាយ ដែលរដ្ឋាភិបាលកម្ពុជាបានលុបបំបាត់សារព័ត៌មានឯករាជ្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Michael Newbill បានថ្លែងក្នុងន័យដើមថា៖
«បរិយាកាសសារព័ត៌មានក្នុងប្រទេសកម្ពុជាសព្វថ្ងៃមួយផ្នែកធំត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ដែលអ្នកសារព័ត៌មានត្រូវបានគេរឹតត្បិត ឬក៏រឹតត្បិតខ្លួនឯងដើម្បីរក្សាដំណែងរបស់ពួកគេ»។
លោក Michael បានបន្តថាសេរីភាពសារព័ត៌មានជាគ្រឹះសំខាន់នៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ ហើយការធ្លាក់ចុះដ៏គួរឱ្យបារម្ភនៃសារព័ត៌មានឯករាជ្យក្នុងស្រុក អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសដ៏វ័យក្មេងនេះផងដែរ។
លោកបានបន្ថែមថា៖
«សេរីភាពសារព័ត៌មានឯករាជ្យនៅក្នុងប្រទេសកម្ពុជាដែលឥឡូវនេះនៅសល់តែបន្តិចបន្តួច មិនអាចចូលរួមចំណែកក្នុងការធ្វើឲ្យដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យបាននោះទេ»។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំទៅមិញមុនការបោះឆ្នោតជាតិ បានធ្វើការបង្ក្រាបទ្រង់ទ្រាយធំមួយទៅលើស្ថាប័នគាំទ្រលទ្ធិប្រជាធិបតេយ្យ សារព័ត៌មានឯករាជ្យ និងក្រុមអ្នករិះគន់រដ្ឋាភិបាល។
បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ ដែលលទ្ធផលបង្ហាញពីការមានប្រៀបរបស់គណបក្សប្រឆាំង សារព័ត៌មានឯករាជ្យមានដូចជា កាសែត ឌឹខេមបូឌា ដេលី ដែលជាកាសែតភាសាអង់គ្លេសឯករាជ្យ ដែលបានដំណើរការតាំងពីឆ្នាំ១៩៩០ ត្រូវបានបិទ រួមទាំងស្ថានីយវិទ្យុជាង៣០ស្ថានីយផ្សេងទៀត។
មិនតែប៉ុណ្ណោះកាលពីចុងខែមិថុនា មួយខែមុននឹងការបោះឆ្នោតជាតិចូលមកដល់ ក្រសួងសំខាន់ៗចំនួនបីគឺក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ បានចេញប្រកាសដើម្បីតាមដាន និងចាត់វិធានការលើខ្លឹមសារនៃការផ្សព្វផ្សាយនានាតាមបណ្ដាញអ៊ីនធឺណិត ដែលមានចេតនាបង្កជាចលាចលបណ្ដាលឲ្យអន្តរាយដល់វិស័យការពារជាតិ និងសណ្ដាប់ធ្នាប់សង្គម គ្រប់រូបភាព និងទម្រង់ ក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ នៅមុនការបោះឆ្នោត២ថ្ងៃ រដ្ឋាភិបាលបានសម្រេចរាំងខ្ទប់វេបសាយមួយចំនួន ក្នុងនោះមានវេបសាយរបស់ VOA ជាភាសាខ្មែរ វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងកាសែតភ្នំពេញប៉ុស្តិ៍ផងដែរ ក្រោមហេតុផលថាវេបសាយទាំងនោះ«រំខានដល់ការបោះឆ្នោត»។
យ៉ាងណាក៏ដោយ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ ដែលបានចូលរួមសិក្ខាសិលាស្ដីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» កាលពីថ្ងៃព្រហស្បតិ៍នោះ ក៏បានច្រានចោលការលើកឡើងរបស់ លោក Michael Newbill ភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
លោក មាស សុភ័ណ្ឌ អ្នកតំណាងឲ្យលោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងលើកកម្ពស់និងធ្វើឲ្យកាន់តែប្រសើរឡើងនូវសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពរបស់ប្រជាជនក្នុងការទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងយ៉ាងដូច្នេះថា៖
«នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា តែងតែចាត់ទុកអ្នកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបាននៅក្នុងការដើរតួជាកញ្ចក់ឆ្លុះមិនអាចខ្វះបានពីតថភាពសង្គមក្នុងការបញ្ជូនព័ត៌មានពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋនិងទទួលព័ត៌មានពីប្រជាពលរដ្ឋទៅរដ្ឋាភិបាលដែលវាផ្ទុយអំពីគំនិតអគតិរបស់ក្រុមប្រឆាំងមួយចំនួន ក្រុមអគតិមួយចំនួនដែលវាយតម្លៃតែមួយជ្រុងអំពីស្ថានភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាផងដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Michael Newbill បានជំរុញនិងលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានដែលនៅសេសសល់បន្តធ្វើការងាររបស់ខ្លួន ក្នុងការរាយការណ៍ព័ត៌មានពិតជូនប្រជាពលរដ្ឋ និងយុវជនកម្ពុជា។
គួរបញ្ជាក់ផងដែរថារបាយការណ៍ស្តីពីសេរីភាពសារព័ត៌មានសាកល ដែលផលិតដោយភ្នាក់ងារសារព័ត៌មានគ្មានព្រំដែន កម្ពុជាបានស្ថិតក្នុងលំដាប់លេខរៀងទី១៣២ ក្នុងឆ្នាំ២០១៧ និង១៤៧ ក្នុងឆ្នាំ២០១៨ ក្នុងចំណោម១៨០ប្រទេស បន្ទាប់ពីមានការបង្ក្រាបសារព័ត៌មានឯករាជ្យនិងចាប់ខ្លួនអ្នកសារព័ត៌មានមួយចំនួន កាលពីឆ្នាំ២០១៧៕