នៅក្នុងពេលប៉ុន្មានម៉ោងចុងក្រោយនៃការកាន់តំណែងរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានកំណត់ជាផ្លូវការថា គោលនយោបាយរបស់រដ្ឋាភិបាលចិនប្រឆាំងនឹងជនជាតិភាគតិច Uighurs (អ៊ុយហ្គ័រ) និងជនជាតិភាគតិចដទៃទៀតនៅតំបន់ Xinjiang ភាគពាយ័ព្យប្រទេសចិន ជាអំពើ «ប្រល័យពូជសាសន៍»។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារថា៖ «បន្ទាប់ពីពិនិត្យយ៉ាងយកចិត្តទុកដាក់លើអង្គហេតុដែលមាន ខ្ញុំសូមកំណត់ថា សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិន បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិច Uighurs ដែលភាគច្រើនកាន់សាសនាឥស្លាម និងក្រុមជនជាតិភាគតិច កាន់សាសនាដទៃទៀតនៅក្នុងតំបន់ Xinjiang»។
បេក្ខជនរដ្ឋមន្ត្រីការបរទេសថ្មីដែលជ្រើសរើសដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden គឺលោក Anthony Blinken បាននិយាយថា លោកយល់ស្របនឹងការវិនិច្ឆ័យរបស់លោក Pompeo ដែលកំណត់ថា បក្សកុម្មុយនិស្តចិន ជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិច Uighurs កាន់សាសនាឥស្លាម។
លោក Blinken បានប្រាប់គណ:កម្មាធិការព្រឹទ្ធសភាទទួលបន្ទុកទំនាក់ទំនងអន្តរជាតិក្នុងសវនាការអនុម័តបេក្ខភាពរបស់លោក កាលពីថ្ងៃអង្គារថា៖ «នេះក៏ជាការវិនិច្ឆ័យរបស់ខ្ញុំដែរ»។
ជាច្រើនឆ្នាំមកហើយ សហរដ្ឋអាមេរិកបានរិះគន់គោលនយោបាយឃុំឃាំង និងអប់រំឡើងវិញរបស់ចិននៅតំបន់ Xinjiang ប៉ុន្តែជៀសវាងមិនប្រកាសនយោបាយទំាងនោះថា ជាអំពើប្រល័យពូជសាសន៍។ អង្គការសហប្រជាជាតិ ប៉ាន់ស្មានថា យ៉ាងហោចណាស់មានជនជាតិភាគតិច Uighurs កាន់សាសនាឥស្លាម១លាននាក់ ត្រូវបានគេឃុំឃាំង។
ក្រុមមន្ត្រីរដ្ឋាភិបាលចិន បានពណ៌នាមន្ទីរឃុំឃាំងថា ជា «មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវ:» សម្រាប់បណ្ដុះបណ្ដាលការងារ និងបដិសេធរាល់ការលើកឡើងថាអាជ្ញាធរពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅ Xinjiang៕