អនុ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​មក​ដល់​កម្ពុជា ចំ​ពេល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ

អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក អ្នកស្រី Wendy Sherman នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​មក​ដល់​រាជធានី​ភ្នំពេញ ដែល​ជា​ដំណើរ​ទស្សនកិច្ច​ខ្លី​មួយ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង​រវាងប្រទេស​ទាំង​ពីរ ដែល​នៅ​បន្ត​មាន​ការ​ខ្វែង​គំនិត​គ្នា។

ដំណើរ​ទស្សនកិច្ច​របស់​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក ដែល​គេ​ដឹង​ថា​ជា​មន្រ្តី​លំដាប់​លេខ​២​នៅ​ក្រសួង​ការបរទេស​អាមេរិក ធ្វើ​ឡើង​ស្រប​ពេល​ដែល​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បានរិះគន់​ថាធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

នៅ​លើ​ប្រព័ន្ធ​ Twitter អ្នកស្រី Wendy Sherman ដែល​ជា​មន្រ្តី​លំដាប់​លេខ​២​នៃ​ក្រសួង​ការបរទេស​អាមេរិក បាន​សរសេរ​ថា​អ្នកស្រី​បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ ហើយ​បាន​ជួប​ជាមួយ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy និង​ក្រុម​ការងារ​នៅ​ទីនេះ។

អ្នកស្រី​បញ្ជាក់​ថា​អ្នកស្រី​ត្រូវ​បាន​ជំរុញ​ចិត្ត​ ចំពោះ​អ្វី​ដែល​ក្រុម​ការងារ​នៅ​ស្ថាន​ទូត​បាន​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង​រវាង​ប្រជាជន​អាមេរិក​និង​ប្រជាជន​កម្ពុជា។

អ្នកស្រី Wendy Sherman ក៏​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ។

នេះ​ជា​ដំណើរ​ទស្សន​កិច្ច​របស់​អ្នកស្រី​រយៈ​ពេល​១០​ថ្ងៃ ទៅ​កាន់​ទ្វីប​អឺរ៉ុប​និង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​អនុ​រដ្ឋមន្រ្តី​ការ​បរទេស​រូប​នេះ ក៏​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​និង​អ្នក​នយោបាយ​ខាង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ​ជំរុញ​ឲ្យ​លើក​ឡើង​អំពី​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ផង​ដែរ៕