លោក Darrell Issa សមាជិកសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋបាននិយាយថា លោកពេញចិត្តដោយសារលោក Robert Mueller អតីតនាយកការិយាល័យ FBI នឹងមានសេរីភាពក្នុងការស៊ើបអង្កេតនៅពេលលោកដឹកនាំការស៊ើបអង្កេតឯករាជ្យមួយនៃក្រសួងយុត្តិធ៌ម ស.រ.អា.អំពីលទ្ធភាពនៃការឃុបឃិតគ្នាមួយរវាងពួកអ្នកឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ និងប្រទេសរុស្ស៊ី។
លោក Issa និងសមាជិកឯទៀតៗនៃសភាតំណាងរាស្ត្រអាមេរិកាំងបានទទួលការធានារ៉ាប់រងពីលោក Rod Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធ៌មស.រ.អា.នៅក្នុងការនិយាយត្រួសៗបិទទ្វារមួយកាលពីថ្ងៃសុក្រនៅក្នុងវិមានកាពីតូលអំពីការដែលលោកបានតែងតាំងលោក Mueller ឱ្យដឹកនាំការស៊ើបអង្កេតនេះ។
លោក Issa បាននិយាយប្រាប់ពួកអ្នកកាសែតនៅក្រោយការនិយាយត្រួសៗនេះថា៖ «អ្វីដែលខ្ញុំដឹងហើយដែលខ្ញុំពេញចិត្តណាស់នោះគឺថារដ្ឋអាជ្ញាពិសេសនឹងមានវិសាលភាពជាចាំបាច់ក្នុងការតាមតម្រុយណាមួយ និងតម្រុយទាំងអស់ទាក់ទិននឹងការប៉ុនប៉ងរបស់រុស្សីក្នុងការធ្វើឱ្យមានឥទ្ធិពលលើការបោះឆ្នោតរបស់យើង»។
លោក Mueller បានត្រូវតែងតាំងជារដ្ឋអាជ្ញាពិសេសនៅក្រោយលោក ត្រាំ បានដកលោក James Comey នាយកការិយាល័យ FBI ចេញពីតំណែងកាលពីថ្ងៃទី៩ខែឧសភា ដែលបានបង្កើនកង្វល់ថា ការបណ្តេញចេញពីតំណែងនេះជាការប៉ុនប៉ងមួយដោយលោកប្រធានាធិបតីក្នុងការរារាំងការស៊ើបអង្កេតរបស់លោក Comey អំពីលទ្ធភាពនៃការរួមគំនិតគ្នារវាងក្រុមអ្នកឃោសនាបោះឆ្នោតរបស់លោក ត្រាំ និងប្រទេសរុស្សីនៅមុនការបោះឆ្នោតកាលពីឆ្នាំទៅមិញ។
ការចេញបង្ហាញខ្លួនរបស់លោក Rosenstein នៅមុខពួកសមាជិកសភាតំណាងរាស្ត្រអាមេរិកាំងជាការចេញបង្ហាញមុខលើកទីពីររបស់លោកនៅក្នុងវិមានកាពីតូលក្នុងរយៈពេលច្រើនថ្ងៃមកហើយ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Rosenstein បាននិយាយត្រួសៗជម្រាបព្រឹទ្ធសភានៅក្នុងការប្រជុំបិទទ្វារមួយដែលពីដំបូងបានត្រូវគ្រោងធ្វើដើម្បីឱ្យលោកពន្យល់អំពីហេតុដូចម្តេចបានជាលោក ត្រាំ បានដកលោក Comey ចេញពីតំណែង ក៏ប៉ុន្តែការផ្តោតការយកចិត្តទុកដាក់បានប្តូរកាលពីថ្ងៃពុធ នៅពេលដែលលោក Rosenstein បានតែងតាំងលោក Mueller ឱ្យធ្វើជារដ្ឋអាជ្ញាពិសេស៕