រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin កាលពីថ្ងៃអាទិត្យម្សិលមិញ បានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីលោកបានកាន់តំណែងនេះមក។
ទស្សនកិច្ចរបស់លោក Austin នេះបានធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងពិចារណាថាតើនឹងដកកងទ័ពទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី ១ ខែឧសភា ខាងមុខ ដែលជាថ្ងៃកំណត់នៅក្រោមកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយក្រុមតាលីបង់ ឬក៏យ៉ាងណានោះ។
លោក Austin បានជួបពិភាក្សាជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បន្ទាប់ពីលោកបានអញ្ជើញទៅដល់រដ្ឋធានីកាប៊ុល នៅក្រោយដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌា។
របាយការណ៍មួយរបស់ក្រសួងការពារជាតិអាមេរិកបានដកស្រង់សម្ដីរបស់លោក Austin ដែលបាននិយាយថា លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសអាហ្វហ្គានីស្ថានដើម្បី «ស្តាប់និងស្វែងយល់» និងថា លោកចង់ស្វែងយល់អំពីក្ដីកង្វល់របស់លោក Ghani។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាហ្វហ្គានីស្ថានបានបញ្ជាក់ថា លោក Ghani និងលោក Austin បាន «សម្តែងនូវការព្រួយបារម្ភអំពីអំពើហិង្សាខ្លាំងក្លា» ហើយបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៅក្នុងការស្វែងរកសន្តិភាពដ៏ «ត្រឹមត្រូវនិងស្ថិតស្ថេរ» មួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Austin ក៏បានជួបជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំក្រុមសម្ព័ន្ធភាពនៅក្នុងរដ្ឋធានីកាប៊ុលផងដែរ ដើម្បីស្វែងយល់ឲ្យបានប្រសើរជាងមុនអំពីស្ថានភាព និងដើម្បីប្រមើលមើលទៅថ្ងៃខាងមុខសម្រាប់សន្តិភាពដ៏ត្រឹមត្រូវមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសមានបញ្ហារ៉ាំរ៉ៃជាយូរមកហើយនេះ៕