លោក Chuck Hagel រដ្ឋមន្ត្រីការពារជាតិស.រ.អា.បានលាលែងពីតំណែង ក្រោយពីលោកបានកាន់តំណែងនេះអស់រយៈពេលជិត២ឆ្នាំ។ ថ្លែងនៅឯសេតវិមានដោយមានលោក Chuck Hagel ហើយនិងលោកអនុប្រធានាធិបតី Joe Biden ឈរអមផងនោះ លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ាថ្លែងថា លោករដ្ឋមន្ត្រីការពារជាតិ Chuck Hagel បានប្រាប់លោកកាលពីខែមុនថា ដល់ពេលលោកបញ្ចប់តំណែងរបស់លោកហើយ។
លោកប្រធានាធិបតីនិយាយថា លោក Hagel ជាមនុស្សធ្វើកិច្ចការច្បាស់លាស់ក្នុងការជួយរដ្ឋបាលរបស់លោកប្រឈមនឹងបញ្ហាមួយចំនួនដូចជា ជំងឺ Ebola និងការប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម។ លោកប្រធានាធិបតីនិយាយថា លោក Hagel ជារដ្ឋមន្ត្រី ការពារជាតិស.រ.អា. ដែលមិនធម្មតា ហើយថាលោកលះបង់ខ្លួនដើម្បីសន្តិសុខជាតិ និងបុគ្គលិករបស់លោកច្រើនទសវត្សរ៍មកហើយ។ លោក Chuck Hagel គឺជាអ្នកសាធារណរដ្ឋនិយមម្នាក់គត់ធ្វើការក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីអូបាម៉ាខាងគណបក្សប្រជាធិបតេយ្យ។