ទូត​អាមេរិក​ការពារ​គម្រោង​ព្រៃឡង់​បៃតង​និង​ប្តេជ្ញា​បង្កើន​ការ​ផ្សារ​ភ្ជាប់​ជាមួយ​សហ​គមន៍​ល្បាត​ព្រៃ

ទិដ្ឋភាពព្រៃដ៏ក្រាស់នៅក្នុងតំបន់អភិរក្សព្រៃឡង់ ក្នុងប្រទេសកម្ពុជា។ (រូបថតដោយ USAID ព្រៃឡង់បៃតង)

ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជាបាន​ការពារ​គម្រោង​អភិរក្ស​ព្រៃឡង់​របស់​ទីភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) ក្រោយ​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់ ​(PLCN) ​មួយ​ចំនួន​ បាន​រិះគន់​គម្រោងនេះ​យ៉ាង​ចាស់​ដៃ​ថា​ធ្វើ​ឡើង​ដោយ​គ្មានការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជា​សហគមន៍។

កាល​ពី​ដើម​សប្តាហ៍​នេះ​ ក្រុម​សមាជិក​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​ចំនួន​ ៨ រូបបាន​ចោទ​ប្រកាន់​ USAID ​ថា​បាន​យក​ឈ្មោះពួក​គេនិង​ទិញ​អតីត​សមា​ជិក​បណ្តាញ​សហ​គមន៍​ទៅ​បម្រើ​ប្រយោជន៍​គម្រោង​មួយ​ ដោយផ្តោត​លើ​ការ​អភិរក្ស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ ដែល​ជា​គម្រោងផ្តល់ការ​ «គាំទ្រ​ដល់​ជីវ​ចម្រុះ​ព្រៃឈើ​និង​ ព្រៃ​ឡង់​បៃតង»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ពួកគេ

ជា​ការ​ឆ្លើយ​តប ក្នុង​សារអ៊ីមេលមួយ​លោក ​Chad Roedemeier​ អ្នកនំាពា្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​ថា ​សហរដ្ឋ​អាមេរិក​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​នៅ​បន្ត​ក្នុង​តំបន់​ការពារ​នានា​របស់​ប្រទេស​កម្ពុជា។​

លោក Chad បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ទីភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ បាន​រួម​ចំណែក​ជាមួយ​អង្គការ​សហគមន៍​ផ្សេង​ៗ​ ដើម្បី​ពិភាក្សា​លើ​កិច្ចការ​អាទិភាព​រួមគ្នា​នៃ​ការ​ការពារ​សម្រស់​ធម្ម​ជាតិ​ព្រៃឡង់​។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​លើកឡើង​ថា ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រធាន​ទីភ្នាក់​ងារ​ USAID ​និង​អ្នកអនុវត្តគម្រោង​ព្រៃឡង់​បៃ​តង​បាន​ជួប​ជាមួយ​សមាជិក​សហគមន៍ ​ក្នុង​ឱកាស​ជា​ច្រើន​ហើយ​បន្ត​ស្វាគមន៍និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កិច្ច​សន្ទនា​ប្រកប​ដោយ​ផ្លែផ្កា។​ លោក​ពន្យល់​ថា ​គម្រោង​ព្រៃ​ឡង់​បៃតង​ត្រូវបាន​បង្កើត​ឡើង​ ដើម្បី​រាប់​បញ្ចូល​ការ​ចូលរួម​ខ្លាំងក្លា​របស់​សហគមន៍មួយ និង​បង្កើន​ការ​គាំ​សម្រាប់​ការ​ល្បាត​ព្រៃ​រួម​គ្នា។

លោក Chad ​ផ្តល់​ការ​អធិប្បាយ​ថា​៖​ «​វាជាក្តី​សង្ឃឹម​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​បណ្តាញ​សហគមន៍​និង​ក្រសួង​បរិស្ថាន​ ហើយ​និង​អ្នក​ពាក់​ព័ន្ធ​ឯទៀត ​នឹង​ធ្វើការ​ជាមួយ​គ្នាលើ​គោល​ដៅ​រួម​នៃការ​ការពារ​ព្រៃឡង់​។ ទីភ្នាក់​ងារ​ USAID ត្រៀម​រួច​រាល់ ​នឹង​ជួយ​សម្រួល​ឲ្យ​មាន​ការ​សន្ទនា​គ្នា​ណា​មួយ​នោះ»។​

ក៏​ប៉ុន្តែ​ក្នុង​លិខិត​ចំហ​របស់​សមាជិក​បណ្តាញ​សហ​គមន៍​ព្រៃឡង់​ ចេញផ្សាយ​ជាសាធារណៈ​តាម​បណ្តាញ​សង្គម​ កាល​ពីថ្ងៃចន្ទ​ ទីភ្នាក់​ងារ ​USAID ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ មិន​ដែល​មក​ធ្វើការ​ផ្ទាល់​ជាមួយបណ្តាញ​សហគមន៍​ម្តង​ណា​ទេ។

ពួក​គេ​សរសេ​រថា​៖ «​USAID មិនដែល​បាន​សួរ​យើង​ខ្ញុំ​ថា​ តើ​យើង​ខ្ញុំ​យល់​ព្រម​នឹង​អ្វីដែល​ USAID កំពុង​ធ្វើ​នៅ​លើ​ព្រៃ​ដូន​តា​របស់​យើង​ឡើយ»។

ក្រុម​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​លើក​ឡើង​ទៀត​ថា ​បណ្តាញ​សហគមន៍​បាន​ស្នើ​សុំ​ជួប​ប្រជុំ​ជាមួយ​ USAID ជា​ច្រើន​ដង ​ប៉ុន្តែ​ការ​ប្រជុំ​ភាគ​ច្រើន​តែង​តែ​ពន្យារ​ពេល ​ឬលុបចោល​នៅ​ក្នុង​ហេតុ​ផល​ផ្សេង​ៗ។ ពួកគេ​ថា ​ក្នុង​កិច្ច​ប្រជុំ​ដែល​ត្រូវ​បាន​អញ្ជើញ​ដោយ​ USAID​ គឺ​កំណត់​ត្រឹម​ជា​លក្ខណៈ​បុគ្គល​របស់​បណ្តាញ​ ១​ នាក់​ឬ​ ២ ​នាក់​ ក្រោម​ហេតុផល​ការរិយាល័យ​របស់ ​USAID មិន​ធំ​ទូលាយ​គ្រប់​គ្រាន់ ​ដើម្បី​អញ្ជើញ​បណ្តាញ​មក​ពី​ខេត្ត​ចំនួន​៤​ឡើយ។

បណ្តាញ​សហគមន៍​ព្រៃឡង់​បន្ថែម​ថា​៖ «​នេះ​មិន​មែន​ជា​របៀប​ដែល​យើង​ខ្ញុំ​ធ្វើការ​នោះ​ទេ​។ យើង​ខ្ញុំ​ធ្វើ​ការ​ងារ​ជា​បណ្តាញ​ ហើយ​មិន​មែន​ជាបុគ្គល​ដែល​អ្នក​អាច​ទិញ​ដូរ ​ឬបំភិត​បំភ័យ​បាន​ឡើយ»​។

សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ប្រចាំខេត្ត​ក្រចេះ​ លោក ស្វាយ សុង​ អាយុ​ ៥៧ ​ឆ្នាំ ប្រាប់​វីអូអេ​កាល​ពី​ពុធ​ថា​ បណ្តាញរបស់​លោក​មិន​ធ្លាប់​មាន​ការ​ជជែក ជាមួយ​តំណាង​ណា​មួយរ​បស់​ទីភ្នាក់​ងារ​ USAID​ ទេ​។

«មិន​ដែល​ឃើញ​គាត់​មក​ប្រជុំ​ពិភាក្សា​ទេ តែ​ឃើញ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា​ បាន​សហគមន៍​ព្រៃ​ឡង់​ទាំង ​៤ ​ខេត្ត​ បាន​ចួលរួម​ជាមួយ​នឹង​បរិស្ថាន​។ អ៊ីចឹង​បាន​ខ្ញុំ​អះអាង​ថា ​វា​អត់​មាន​ទេ​ពីព្រោះ​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​ទាំង ​៤ ​ខេត្ត​នេះ​ មាន​ន័យ​ថា​ បើ​សិន​ជា​អង្គការ​ផ្សេង​ៗ​ គាត់មក​សហ​ការ​ជាមួយ​ ឬ​ក៏​បរិស្ថាន​គាត់​មក​សហការ​ជាមួយ​អី​ គឺ​បាន​ចូលរួម​។ តែ​បើ​គ្រាន់​តែ​គាត់​ចេះ​តែ​និយាយ​ទេ​ ហើយ​គាត់​បាន​មក​សហ​ការ​ជាមួយ​ពួក​ខ្ញុំ​ទេ ​អា​នេះ​ខ្ញុំ​ធ្វើ​ការ​បដិសេធ​ហើយ»។

លោក​បន្ថែមថា បណ្តាញ​សហគមន៍​ព្រៃឡង់​នៅ​រក្សា​ជំហរ​ក្នុងការ​បាន​ធ្វើ​ជាដៃគូ​ការពារ​ព្រៃ​ឈើ​ជាមួយ​ក្រសួង​បរិស្ថាន​ តាម​រយៈគម្រោង​របស់​ទីភ្នាក់ងារ​ USAID។

«​អ្វីដែល​ពួក​សហគមន៍​ យើង​ខ្ញុំ​ចង់​បាន ​គឺ​ចង់​បាន​ការ​សហការ​គ្នា​ជាមួយ​ក្រសួង​បរិស្ថាន​ហ្នឹង​ ហើយ​ព្រោះ​កន្លង​ទៅ​មិន​ដែល​បាន​សហការ​ទេ​គឺ​ ២ ​ឆ្នាំ​ហើយ​។ បាទ​ ២ ​ឆ្នាំ​ហើយ ​គេ​បិទ​យើង គេមិន​ឲ្យ​យើង​ចូល​រួម​ការពារ​ទេ ​ប៉ុន្តែ​ពួក​ខ្ញុំ​ក្នុង​លិខិត​ចំហ​ហ្នឹង​ មាន​ន័យ​ថា​ យើង​ចង់​សហការ​ជាមួយ​គាត់​ជា​បន្ត​បន្ទាប់ ​ដើម្បី​ធ្វើការ​ការ​ពារ​ព្រៃ​ឡង់​របស់​យើង»។

រដ្ឋលេខាធិការ​និង​ជាអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក ​នេត្រ ភក្ត្រា ថ្លែង​ថា ​ក្រសួង​បរិស្ថាន​និង​ទីភ្នាក់​ងារ​ USAID ​កំពុង​អនុវត្ត​គម្រោង​ព្រៃ​ឡង់​បៃ​តង​ ដែល​មាន​រយៈពេល ​៥ ឆ្នាំ​ គឺ​គិត​ចាប់​ពី​ឆ្នាំ​ ២០១៨​ ដល់​ឆ្នាំ​ ២០​២៣​ ដែល​មាន​ថវិកា​សរុប​ជាង ​២១​ លាន​ដុល្លារ​អាមេរិក។ លោក​បន្ត​ថា​ បណ្តាញ​សហគមន៍​នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ដោយ​រដ្ឋាភិបាល​ជា​មុន​សិន ទើប​អាចចូលរួម​អភិរក្ស​ព្រៃឡង់​បាន។

«អ្វីដែល​យើង​បំពេញ​ការ​ងារ​រាល់​ថ្ងៃ​នេះ ​គឺយើង​បាន​ផ្តោត​សំខាន់​ទៅលើ​ផល​ប្រយោជន៍​នៃ​ការ​ការ​ពារ​ធនធាន​ធម្មជាតិ​ និង​ជីវចម្រុះ​ដែល​យើង​មាន​ហើយ​ការ​បង្ក​ការ​អុកឡុក​ណាមួយ​របស់​ក្រុម​សកម្ម​ជន​នយោបាយ​នេះ​ គឺ​ជា​កិច្ចការ​ងារ​មួយ​ដែល​យើង​ជឿ​ជាក់​ថា ​មាន​តែ​ច្បាប់​ទេ​ដែល​អាច​អនុវត្ត​ទៅ​លើ​ពួក​គាត់​បាន​ ហើយ​សំខាន់​សម្រាប់​ក្រសួង​បរិស្ថាន​ យើង​ផ្តោត​ទៅ​លើកិច្ច​ការ​ងារ​ដែល​យើង​បាន​និង​កំពុង​តែធ្វើ​ គឺ​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​យើង​មាន»។

លោក នេត្រ ភក្រ្តា ឲ្យ​ដឹង​ថា ព្រៃ​ឈើ​ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​មាន​ទៅ​ដល់​ ៧,៣​ លាន​ហិកតា ហើយ​លោក​បាន​ចោទ​បណ្តាញ​ព្រៃ​ឡង់​ថា​ជា​ «ក្រុម​ជន​ដែល​មិន​គោរព​ច្បាប់»។

តំបន់​ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ ​៥០​ ម៉ឺន​ហិកតា ដោយ​គ្របដណ្តប់​ខេត្ត​ចំនួន​ ៤ គឺខេត្តព្រះ​វិហារ​ កំពង់​ធំ​ ក្រចេះ ​និង​ស្ទឹង​ត្រែង៕