សហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថា ខ្លួននឹងមិនចូលរួមនៅក្នុងការផ្តួចផ្តើមជាសាកលដើម្បីបង្កើត ផលិត និងចែកចាយឲ្យបានស្មើគ្នានូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ នោះទេ ដោយសារតែអង្គការសុខភាពពិភពលោកកំពុងដឹកមុខនៅក្នុងកិច្ចប្រឹងប្រែងនេះ។
ប្រទេសជាង ១៧០ កំពុងពិភាក្សាដើម្បីចូលរួមក្នុងកម្មវិធីទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ ជាសាកល ដែលហៅថា Covax ដែលជាគម្រោងរួមគ្នាមួយដែលអនុវត្តដោយអង្គការសុខភាពពិភពលោក អង្គការក្រុមចម្រុះសម្រាប់ការបញ្ចូលរបៀបថ្មីទប់ទល់នឹងជំងឺឆ្លង និង Gavi (Coalition for Epidemic Preparedness Innovations and Gavi) និងសម្ព័ន្ធភាពថ្នាំវ៉ាក់សាំង (The Vaccine Allicance) ដែលជាអង្គការមួយដែលត្រូវបានបង្កើតឡើងដោយមូលនិធិ Bill and Melinda Gates ដើម្បីចាក់វ៉ាក់សាំងការពារកុមារនៅតាមបណ្តាប្រទេសក្រីក្រក្នុងពិភពលោក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោកកាលពីខែកក្កដា បន្ទាប់ពីបានអះអាងថា ទីភ្នាក់ងារនេះមិនបានចាត់វិធានការឲ្យបានល្អចំពោះការផ្ទុះឡើងនូវវីរុសកូរ៉ូណា និងអះអាងថា ទីភ្នាក់ងារនេះបានបង្ហាញការធ្វើតាមប្រទេសចិន ដែលជាកន្លែងដែលវីរុសនេះត្រូវបានគេរកឃើញដំបូងកាលពីចុងឆ្នាំមុន។
លោក Jud Deere អ្នកនាំពាក្យសេតវិមាន បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក «នឹងបន្តចូលរួមជាមួយដៃគូអន្តរជាតិរបស់ខ្លួនដើម្បីធ្វើឲ្យប្រាកដថា វីរុសនេះអាចកម្ចាត់បាន ក៏ប៉ុន្តែសហរដ្ឋអាមេរិកនឹងមិនរងការបង្ខិតបង្ខំដោយអង្គការពហុជាតិនានាដែលទទួលឥទ្ធិពលពីអង្គការសុខភាពពិភពលោកដែលជាអង្គការពុករលួយ និងពីប្រទេសចិននោះទេ៕