ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការថា ការដណ្តើមគ្រប់គ្រងអំណាចនៅប្រទេសមីយ៉ាន់ម៉ាដោយពួកយោធាគឺជារដ្ឋប្រហារ។
មន្ត្រីក្រសួងការបរទេសម្នាក់បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា៖ «បន្ទាប់ពីបានពិនិត្យមើលដោយហ្មត់ចត់លើការពិតនិងស្ថានការណ៍ សហរដ្ឋអាមេរិកបានវាយតម្លៃថា អ្នកស្រី Aung San Suu Kyi មេដឹកនាំគណបក្សកាន់អំណាចនៅមីយ៉ាន់ម៉ា និងលោក Win Myint ប្រមុខរដ្ឋាភិបាលដែលត្រូវបានជ្រើសរើសត្រឹមត្រូវតាមរយៈការបោះឆ្នោត ត្រូវបានគេទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ»។
ការលើកឡើងដូចនេះបានធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានដណ្ដើមគ្រប់គ្រងប្រទេស និងបានឃុំខ្លួនអ្នកនយោបាយជាន់ខ្ពស់នានា។
មន្ត្រីក្រសួងការបរទេសដែលមិនបញ្ជាក់ឈ្មោះនោះ បានបន្តថា ការវាយតម្លៃលើរដ្ឋប្រហារមួយ «ជំរុញឲ្យមានការដាក់កំហិតមួយចំនួនលើជំនួយបរទេសសម្រាប់រដ្ឋាភិបាល» ហើយថា សហរដ្ឋអាមេរិក «នឹងចាត់វិធានការប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវ»។
មន្ត្រីរូបនោះបានបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តកម្មវិធីដែលជួយដល់ពលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានទាំងជំនួយមនុស្សធម៌និងកិច្ចផ្តួចផ្តើមគាំទ្រលទ្ធិប្រជាធិបតេយ្យផងដែរ។
យោធាមីយ៉ាន់ម៉ាបានបញ្ជាក់ថា ការគ្រប់គ្រងប្រទេសរបស់ពួកគេ ដែលគ្រោងនឹងមានរយៈពេលមួយឆ្នាំនេះ គឺចាំបាច់ដោយសារតែរដ្ឋាភិបាលមិនបានចាត់វិធានការឆ្លើយតបតាមការអះអាងរបស់ខ្លួនដែលថាការបោះឆ្នោតថ្នាក់ជាតិកាលពីខែវិច្ឆិកា ឆ្នាំមុន មានការលួចបន្លំ៕