ស.រ.អា.​និង​គុយបា​កំពុង​ពិភាក្សា​លើ​របៀបវារៈ​​មហិច្ឆតា​​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​​បន្ថែម​ទៀត

លោក​ស្រី​ Josefina Vidal នាយក​នៃកិច្ចការ​អាមេរិកនៅ​ក្រសួង​ការ​បរទេស​គុយបា​បាន​ថ្លែង​នៅ​ក្នុ​ង​សន្នីសីទ​មួយ​នៅ​ទីក្រុង​ហាឡាវ៉ាន់កាលពី ថ្ងៃ ទី​១៦​ ឧសភា​ ឆ្នាំ២០១៦។REUTERS/Enrique de la Osa - RTSEKX1

មន្ត្រី​កំពូល​នៃ​ក្រសួង​ការបរទេស​គុយបា​ដែល​ទទួល​បន្ទុក​កិច្ចការ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ប្រទេស​ទាំង​២​មាន​របៀបវារៈ​ដ៏​មាន​មហិច្ឆតា​មួយ ​សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ក្នុង​អំឡុង​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក បារាក់​ អូបាម៉ា នៅ​កាន់​តំណែង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

លោកស្រី Josefina Vidal ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​នឹង​ក្រុមមន្ត្រី​អាមេរិក​នៅ​ក្នុង​រដ្ឋធានី ឡាហាវ៉ាន់ ថា ភាគី​ទាំង​២កំពុង​តែ​សហការ​គ្នា​ដើម្បី​ឈាន​ដល់​ការពង្រឹង​សហប្រតិបត្តិ​ខាង​ផ្លូវ​ច្បាប់ វិស័យ​សុខាភិបាល​ និង​វិស័យ​កសិកម្ម។​

កិច្ចប្រជុំ​ទាំង​នោះ​នឹង​បន្ត​ដល់​ថ្ងៃ​អង្គារ​នេះ​ ដោយ​មាន​វត្តមាន​របស់​លោក​អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​របស់​អាមេរិក​ដើមកំណើតគុយបា Alejandro Mayorkas ជាមួយ​នឹង​ក្រុមមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​របស់​គុយបា​ ដែល​បាន​ពិភាក្សា​គ្នា​អំពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជួញដូរ​ថ្នាំ​ញៀន ការលួច​ចូល​មើល​ទិន្នន័យ​លើ​កុំព្យូទ័រ ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និង​អន្តោប្រវេសន៍​ខុស​ច្បាប់។​

ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា របៀបវារៈ​នៃ​កិច្ចប្រជុំ​បន្ទាប់​នឹង​ផ្តោត​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ។

សហរដ្ឋអាមេរិក​និង​គុយបា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ថ្មី​ឡើង​វិញ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន បន្ទាប់​ពី​មាន​ការរង្គោះរង្គើ​អស់​រយៈពេល​៥៤​ឆ្នាំ។ ​

ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​២​នេះ​បាន​ឆ្ពោះ​ទៅ​មុខ​បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោក Obama ទៅ​កាន់​ប្រទេស​គុយបា​កាល​ពី​ខែ​មិនា​កន្លង​ទៅ​នេះ។​

លោកស្រី Vidal បាន​មាន​ប្រសាសន៍​ថា ដំណើរ​វិវឌ្ឍន៍​នេះ​នឹង​មាន​លក្ខណៈ​សន្សឹមៗ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ការធ្វើ​ឲ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ​បាន​ចាប់​ផ្តើម​ហើយ។ លោកស្រី​ក៏​បាន​សម្តែង​ក្តី​សង្ឃឹម​ថា នរណា​ក៏​ដោយ​ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​អាមេរិក​នឹង​នៅ​តែ​បន្ត​រឹត​ចំណង​ទាក់ទង​ជាមួយ​នឹង​ប្រទេស​គុយបា៕