រដ្ឋមន្ត្រីការបរទេសនៃប្រទេសនានានៅអាស៊ីប៉ាស៊ីហ្វិកបាននិយាយថា ប្រទេសកូរ៉េខាងជើងត្រូវតែគោរពតាមសេចក្តីសម្រេចចិត្តទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដែលទាមទារឱ្យខ្លួនបោះបង់ចោលមហិច្ឆតាបរមាណូរបស់ខ្លួន។
ពួករដ្ឋមន្ត្រីការបរទេសទាំងនេះបានស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីចូលរួមក្នុងការប្រជុំអាស៊ានពិសេសមួយចាត់ចែងដោយលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson។
លោក Tillerson និងរដ្ឋបាល Trump កំពុងស្វះស្វែងរកការគាំទ្រពីទ្វីបអាស៊ីដល់កិច្ចខិតខំប្រឹងប្រែងរបស់ស.រ.អា.ដើម្បីគាបសង្កត់ប្រទេសកូរ៉េខាងជើងឱ្យបញ្ឈប់ការបង្កើនគ្រឿងអាវុធរបស់ខ្លួនដោយមានរួមបញ្ចូលទាំងការខិតខំប្រឹងប្រែងផលិតកាំជ្រួចមីស៊ីលមានផ្ទុកអាវុធបរមាណូដែលអាចវាយប្រហារស.រ.អា.បាន។
ការយកចិត្តទុកដាក់ភាគច្រើនរបស់ស.រ.អា.បានតម្រង់ទៅរកប្រទេសចិនដែលជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់កូរ៉េខាងជើង។ ក៏ប៉ុន្តែប្រទេសជាសមាជិកទាំង១០នៃសមាគមអាស៊ានមានទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានជំនឿថាប្រទេសទាំងនេះអាចដាក់ឱ្យមានគំនាបសង្កត់លើកូរ៉េខាងជើងដោយមានរួមបញ្ចូលទាំងគំនាបខាងសេដ្ឋកិច្ចផងដែរ។
ក្រសួងការបរទេសស.រ.អា.បាននិយាយថាលោក Tillerson និងពួករដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានពិភាក្សាគ្នាដែរអំពីសេចក្តីត្រូវការ «ធ្វើឱ្យប្រាកដប្រជាអំពីការអនុវត្តដោយពេញលេញ និងដោយមានប្រសិទ្ធិភាព» នូវសេចក្តីថ្លែងការណ៍រួមមួយកាលពីឆ្នាំ២០០២ជាមួយប្រទេសចិនដែលសន្យាថានឹងធ្វើឱ្យមានលទ្ធផលប្រកបដោយសន្តិវិធីនៃជម្លោះទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង។
ប្រទេសចិន និងប្រទេសជាសមាជិកមួយចំនួននៃសមាគមអាស៊ាន ដោយមានរួមបញ្ចូលទាំងប្រទេសហ្វីលីពីន និងប្រទេសវៀតណាមផងដែរ បានអះអាងថាផ្នែកខ្លះនៃសមុទ្រនេះជារបស់ខ្លួន។ ប្រទេសទាំងនេះបានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់កម្លាំងសេដ្ឋកិច្ច និងកម្លាំងយោធារបស់ខ្លួនដើម្បីធ្វើទុក្ខបុកម្នេញពួកគេ៕