ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជារដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ឲ្យទុកឲ្យនៅដដែលនូវកម្មវិធីមួយដែលការពារមិនឲ្យមានការបញ្ជូនចេញពីសហរដ្ឋអាមេរិកនូវជនអន្តោប្រវេសន៍រាប់សែននាក់ដែលចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់កាលពីពួកគេនៅជាកុមារ។
កាលពីខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ លោកប្រធានាធិបតី ត្រាំ បានបញ្ចប់នូវកម្មវិធីមួយដែលគេស្គាល់ថាជាកម្មវិធីសកម្មភាពផ្អាកការបញ្ជូនចេញពីសហរដ្ឋអាមេរិកនូវជនអន្តោប្រវេសន៍ដែលចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់តាំងពីនៅកុមារ ដែលហៅកាត់ថា DACA និងបានទុករយៈពេល ៦ ខែ ឲ្យសភាស្វែងរកដំណោះស្រាយផ្លូវច្បាប់មួយសម្រាប់ជនអន្តោប្រវេសន៍ប្រហែល ៨ សែននាក់នេះ។
ចៅក្រមតុលាការប្រចាំស្រុកមួយនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក បានសម្រេចគាំទ្រក្រុមបុគ្គល និងស្ថាប័ននានា ដែលក្នុងនោះមានទាំងសាកលវិទ្យាល័យ University of California ផងដែរ ដែលបានប្ដឹងរដ្ឋាភិបាលអាមេរិកថាមានបំណងចង់បញ្ចប់កម្មវិធី DACA នេះ។ ចៅក្រមរូបនោះបាននិយាយថា កម្មវិធី DACA នេះត្រូវតែទុកឲ្យនៅដដែលរហូតទាល់តែការតវ៉ាផ្នែកផ្លូវច្បាប់ផ្សេងៗត្រូវបានដោះស្រាយរួចរាល់ជាមុនសិន។
តុលាការបានបញ្ជាក់ថា ភាគីដើមបណ្ដឹងបានបង្ហាញថា ពួកគេនឹងរងគ្រោះធ្ងន់ធ្ងរប្រសិនបើកម្មវិធីត្រូវបញ្ចប់ និងបានបន្ថែមទៀតថា សាធារណជននឹងទទួលបានផលប្រយោជន៍ពីកម្មវិធីនេះ ប្រសិនបើកម្មវិធីនេះនៅតែបន្ត។
ការសម្រេចរបស់តុលាការឲ្យទុកកម្មវិធី DACA នេះឲ្យនៅដដែល នឹងមានសុពលភាពនៅទូទាំងសហរដ្ឋអាមេរិក ដោយតុលាការបានបញ្ជាក់ថា បញ្ហានេះគឺកើតមានឡើងនៅគ្រប់រដ្ឋ និងដែនដីទាំងអស់របស់សហរដ្ឋអាមេរិក៕