ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក កាន់តែខិតជិតទៅដល់ចំនួន ២សែននាក់ហើយ នេះបើតាមការឲ្យដឹងពីមន្រ្តីជំនាញដែលតាមដានការឆ្លងនោះ។
ប្រទេសអាមេរិកនៅពេលនេះ ក៏មានអ្នកឆ្លងសរុបដោយសារវីរុសកូរ៉ូណាចំនួនជាង៦,៨លាននាក់ នេះបើតាមតួលេខសាកលវិទ្យាល័យ Johns Hopkins។ ការកើនឡើងករណីថ្មីៗបន្ថែមទៀតក្នុងរដ្ឋភាគនិរតី និងរដ្ឋភាគកណ្តាលរបស់អាមេរិក គឺដោយសារតែការបើកសាលារៀន និងមហាវិទ្យាល័យឡើងវិញ។
ខណៈនេះដែរ ការប្រញាប់ប្រញាល់ដើម្បីផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពនោះ បានជួបបញ្ហាមួយទៀត។ កាសែត Telegraph របស់អង់គ្លេស រាយការណ៍កាលពីថ្ងៃអាទិត្យថា ការសាកល្បងវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford របស់អង់គ្លេស ទៅលើមនុស្សក្នុងទ្រង់ទ្រាយធំនៅអាមេរិក ត្រូវបានផ្អាកវិញ ដោយសារតែការបារម្ភពីលទ្ធភាពនៃប្រតិកម្មរបស់វ៉ាក់សាំងនេះ ដែលអាចបង្កើតបញ្ហាផ្សេងដល់អ្នកសាកល្បងនោះ។
នៅពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅជុំវិញពិភពលោក បានកើនលើស៣១លានករណី ហើយកន្លែងជាច្រើនកំពុងជួបប្រទះការរាតត្បាតជាថ្មី មានដូចជានៅប្រទេសអង់គ្លេស ដែលនៅទីនោះមានការឆ្លងសរុបជិត៤០០.០០០នាក់។
ប៉ុន្តែក៏មានកន្លែងថមថយវិញដែរ ដូចជាប្រទេសនូវែលសេឡង់ ដែលនៅទីនោះនាយករដ្ឋមន្ត្រី Jacinda Ardern កាលពីថ្ងៃច័ន្ទបានដកវិធានការរឹតត្បិតវិញស្ទើរទូទាំងប្រទេស ក្រោយពីមិនមានករណីឆ្លងថ្មី៕