សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ផ្តល់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​​ជំនួយ​ទៅ​ឱ្យ​ប្រទេស​​អ៊ុយក្រែន

រូបឯកសារ៖ បុគ្គលិក​រៀបចំ​សព្វាវុធ​​ជា​ជំនួយ​យោធា​​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អ៊ុយក្រែន នៅ​អាកាសយានដ្ឋាន Boryspil ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

សភា​សហរដ្ឋ​អាមេរិក​អាច​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ លើ​សេចក្តីព្រាងច្បាប់​មួយ​ដែល​អនុញ្ញាត​ឱ្យ​ផ្តល់​ជំនួយយោធា​និង​មនុស្សធម៌​ដែល​មាន​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់​ក៏៣៣ពាន់​លាន​ដុល្លារផង​ដែរ​សម្រាប់​ប្រទេស​អ៊ុយក្រែន។

មុន​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋសភា លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា រដ្ឋបាល​របស់​លោក«ជិត​អស់​ប្រាក់»ដើម្បី​បញ្ជូន​អាវុធ​និងឧបករណ៍​យោធា​ផ្សេងៗ​ទៀត​ពី​ឃ្លាំង​ក្រ សួង​ការពារ​ជាតិអាមេរិកទៅ​ឱ្យ​អ៊ុយក្រែន​ហើយ​។

លោក​រដ្ឋមន្ត្រី​ការបរទេសអាមេរិក​ Antony Blinken និង​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Lloyd Austinបាន​ចេញ​ការអំពាវនាវ​ស្រដៀងគ្នា​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សមាជិក​សភា អាមេរិក​ ​ដោយ​បាន​ជំរុញ​សមាជិក​សភា​ឱ្យ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះមុន​ថ្ងៃ​ទី១៩ ខែ​ឧសភា​ ​នៅពេល​ដែល​ពួក​អស់​លោករំពឹង​ថា អាវុធ​ដែល​នៅ​សេសសល់​នឹង​អស់​ពី​ឃ្លាំង។

មេដឹកនាំ​សំឡេង​ភាគ​តិច​ព្រឹទ្ធសភា​លោក Mitch McConnell បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ខណៈ​ដែល​វិធានការ​ថ្មី​ស្ថិត​នៅ​ក្នុង​ការពិចារណា​នោះ​ លោក​នឹងផ្តោត​លើ «ការ ធ្វើ​ឱ្យ​សេចក្តី​ព្រាងច្បាប់​នេះ ដើម្បីទទួល​បាន​ការអនុម័ត​បាន​ឆាប់​រហ័ស»។

លោក​ប្រធានាធិបតី Biden បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដែល​ផ្តល់​អំណាច​ថ្មី​ដល់​លោក ​ដើម្បី​ពន្លឿនការដឹក​ជញ្ជូន​ឧបករណ៍​យោធា​និង​គ្រឿងផ្គត់ផ្គង់​ដល់អ៊ុយក្រែន នៅ​ក្រោម​កម្មវិធី​មួយ​ដែល​មាន​លំនាំ​តាម​ច្បាប់​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​ដែល​បាន​ជួយ​ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​នោះ។

វិធានការ​ថ្មី​នេះ​នឹង​ផ្តល់​ឱ្យ​មេដឹកនាំ​អាមេរិក​នូវ​អំណាច​ ដើម្បីធ្វើ​ឱ្យ​មាន​ការព្រមព្រៀង​ឆាប់​រហ័ស​ជាមួយ​អ៊ុយក្រែន​ក៏​ដូចជា​ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប​ដើម្បី​ដឹក​ជញ្ជូន​ឧបករណ៍ ដោយ​ការបញ្ចៀស​នូវ​ច្បាប់​ការិយាធិបតេយ្យ​ដ៏​ធ្ងន់ធ្ងរ​នៅពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សភា​អាមេរិកបាន​អនុម័ត​ក្នុង​សំឡេង​ដ៏​ច្រើន​លើសលប់​នូវ​សេចក្តី​ព្រាងច្បាប់​មួយ​កាលពី​ខែ​មុន ​នៅ​ក្នុង​ការបន្ត​ការបង្ហាញ​ការគាំទ្រ​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​កង ទ័ព​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា​ ប្រវត្តិសាស្ត្រ​នឹង​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​ថា​ អឺរ៉ុប​ត្រូវតែ​ពិចារណា​អំពី​ផល​វិបាក​ធ្ងន់ធ្ងរ​ដែល​រុស្ស៊ី​ត្រូវ​ទទួល «ចំពោះការ​បង្កើត​នូវ​សង្គ្រាម​ដ៏​ព្រៃផ្សៃនៅ​ក្នុង​ទ្វីបអឺរ៉ុបជា​ថ្មី​ម្តង​ទៀត​នេះ​»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។