សមាជិក​សភាអាមេរិកាំង​បីរូបទៀត​ថាការ​រំលាយបក្ស​ប្រឆាំង​គឺបំផ្លាញ​កម្ពុជា

រដ្ឋសភាអាមេរិក នៅរដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

សមាជិក​សភា​អាមេរិកាំង​ជាច្រើន​រូប​កំពុង​​មាន​ប្រតិកម្ម​និង​​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃហើយ​ទាម​ទារ​ឲ្យ​នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​គិត​គូរ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​រួម​ទាំង​ប្រជាជន​កម្ពុជា​ផង​ដែរ។

ក្រុម​សមាជិក​សភា​អាមេរិកាំង​ដ៏មានឥទ្ធិពល​ជាច្រើន​ថែមទៀត​បានទាម​ទារ​ឲ្យ លោក​នាយក​រដ្ឋមន្ត្រី​បញ្ឈប់​ការប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​និង ដោះលែង​លោក​ កឹម សុខា ហើយនឹង​បញ្ឈប់ការ​ធ្វើទុក្ខបុក​ម្នេញ​នយោបាយ​លើ ក្រុម​ប្រឆាំង​ហើយ​ត្រូវ​អនុញ្ញាត​ឲ្យមានការ​បោះឆ្នោតជាតិ​ដោយសេរី​និង យុត្តិធម៌ នាពេល​ខាងមុខ។

លោក ​សមាជិកសភា​ Ed Royce ​ជាប្រធាន​គណៈកម្មាការ​ការបរទេស​សភា អាមេរិកាំង​ខាង​គណបក្ស​សាធារណរដ្ឋ​ បានថ្លែង​ប្រាប VOA នៅថ្ងៃអង្គារ​នេះ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ត្រូវតែ​បញ្ឈប់​បំផ្លាញ​ប្រទេស​កម្ពុជា​ និងពលរដ្ឋ​ខ្លួនឯង​ហើយ​ដល់​ពេល​សហគមន៍​អន្តរជាតិ​ត្រូវមាន​វិធានការ​ហើយ។

លោកសុខ ខេមរា អ្នករាយការណ៍ព័ត៌មាន VOA សម្ភាសអ្នកតំណាងសហរដ្ឋអាមេរិកនិងគណកម្មាការកិច្ចការបរទេស Ed Royce (R-CA) កាលពីថ្ងៃអង្គារទី២៤ តុលា ២០១៧ នៅអគារសភា Rayburn អំពីស្ថានភាពនយោបាយនៅកម្ពុជាក្នុងរដ្ឋធានី Washington, D.C។

«ខ្ញុំគិតថា​សហគមន៍​អន្តរជាតិ​ទាំងមូល​ត្រូវតែ​និយាយ​ប្រឆាំង​នៅពេលនេះ​ ព្រោះ​លោក​ហ៊ុន សែន ​គាត់​កំពុង​បំផ្លាញ​នីតិរដ្ឋ​និង​ប្រទេស​កម្ពុជា​របស់​គាត់​តែម្តង។ ហើយ​ជាមួយគ្នា​ដែរ​ នេះមិនមែន​គ្រាន់តែ​លទ្ធិប្រជាធិបតេយ្យ​ទេ​ ដែល​មាន​គ្រោះថ្នាក់​ តែថែម​ទាំងពលរដ្ឋ​កម្ពុជា​ផងដែរ‍»។

លោក​បាន​ថ្លែងបន្ថែម​ថា​ លោក ​បាន​ឃើញ​ទង្វើ​អមនុស្សធម៌​ដ៏សែន​អាក្រក់​ជា​ច្រើន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ដូចជា​ការំលោភ​ដីធ្លី ​អ្នកមាន​អំណាច​រឹបអូសដីធ្លី​ពលរដ្ឋ ​ដែល​លោក​ថា​បាន​កើត​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ​ក្នុងប្រទេស​ដែល​មានគណបក្ស​តែមួយ ​ដែល​ចង់​បំផ្លាញ​គណបក្ស​ជំទាស់​នោះ។

​«យើងចង់​ឃើញរឿង​នេះត្រូវ​ដោះស្រាយ​ មានន័យថា​ អ្នកទោស​នយោបាយ​ត្រូវដោះលែង។ ​ហើយការ​ដោះស្រាយ​មិនមែន​មានន័យ​ថាជា​ស្ថានការណ៍​ដែល​គណបក្ស​គ្រប់គ្រង​ប្រទេស​កំចាត់​គណបក្ស​នយោបាយ​ជំទាស់ទេ ​ហើយអ្វី​ដែលយើងកំពុង​ធ្វើគឺ​អំពាវនាវ​ ហើយយើង​កំពុងព្យាយាម​ គឺ​រាប់ទាំង​ឯកអគ្គរដ្ឋ​ទូតយើង​ អនុរដ្ឋមន្ត្រី​ការបរទេស​យើង ​ឬថែមទាំង​រដ្ឋមន្ត្រី​ការបរទេស​យើងផង ​កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​មន្ត្រី​ដែល​មាន​តួនាទី​ក្នុង​ប្រទេស​កម្ពុជា​ថា​ ចូរដកថយ​ ចូរ​កុំ​ប្រើ​វិធី​បែប​សាហាវ ​លោកអ្នក​ដឹងទេ​ វិធីនេះ​គឺនឹង​បំផ្លាញអ្វីៗ​គ្រប់បែប​យ៉ាង​ដូចជាសិទ្ធិ​ពលរដ្ឋ​ ចូរទទួល​ស្គាល់​សិទ្ធិម្នាក់ៗ​ ចូរបន្ត​គោរព​រដ្ឋធម្មនុញ្ញ​ ចូរគោរព​តាមនីតិរដ្ឋ​ ចូរបញ្ឈប់​ដំណើរការ​បំបាត់​សិទ្ធិពលរដ្ឋ​ និងសិទ្ធិ​នយោបាយ​របស់គេ។ នោះហើយ​ជាអ្វីដែល​យើង​ទាមទារ ​និង ​សង្ឃឹមថា​នឹងកើត​មានឡើង‍»។

លោក​ តំណាងរាស្ត្រ ​Lou Correa ​នៃគណបក្ស​ប្រជាធិបតេយ្យ​នៃរដ្ឋកាលីហ្វ័រញ៉ាបាន​បញ្ចេញ​ប្រតិកម្មថា​ជាទូទៅ​ថាអត្ថាធិប្បាយ​របស់​លោក​គឺថាត្រូវតែ​មាន​ការប្រុង​ប្រយ័ត្ន ​ហើយ​ថា​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ដែលត្រូវតែ​គោរព ​ហើយ​លោក​ស្នើសុំ​ឲ្យមេដឹកនាំ​នានាក្នុង​ពិភពលោក​ត្រូវតែ​គោរព​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ។

«យើងចាំ​បាច់ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់ ​ពីអ្វីដែល​កំពុងកើត​ឡើង ហើយ​យើងចាំ​បាច់ត្រូវ​ស៊ើបអង្កេត​អំពីអ្វីដែល​កំពុងកើត​ឡើងផង​ដែរ‍»។

នៅ​ពេល​សួរពី​វិធានការ​គាំទ្រ​ទណ្ឌកម្ម​យ៉ាងណា​ចំពោះកម្ពុជា ​លោកស្រី​ Zoe Lofgren​ សមាជិក​សភាមក​ពីគណបក្ស​ប្រជាធិបតេយ្យ ​បានថ្លែង​ថាអ្វីដែល​កំពុងកើតឡើង​ក្នុង​ប្រទេស​កម្ពុជា​គឺជារឿង​សាហាវណាស់​ ហើយ​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវតែ​រួមគ្នា​ប្រឆាំង​រឿងនោះ។

លោកសុខ ខេមរា អ្នករាយការណ៍ព័ត៌មាន VOA សម្ភាសអ្នកតំណាងសហរដ្ឋអាមេរិក Zoe Lofgren (D-CA) កាលពីថ្ងៃអង្គារទី២៤ តុលា ២០១៧ នៅអគារសភា Rayburn អំពីស្ថានភាពនយោបាយនៅកម្ពុជាក្នុងរដ្ឋធានី Washington, D.C។

«យើងត្រូវ​ចាត់វិធានការ​ខ្លាំងក្លា ​គឺពាក់ព័ន្ធនឹង​ការថ្កោលទោស ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ​ហើយនឹង​ការទូត‍»។

ប្រតិកម្ម​របស់​តំណាងរាស្ត្រ​អាមេរិកាំង​ទាំងនេះ​កើតឡើង​ក្រោយពេល​ដែលសមាជិក​ព្រឹទ្ធិសភា ​Ted Cruz ​ដ៏មានឥទ្ធិពល​ ព្រមាន​ចាត់វិធានការ​បិទទិដ្ឋាការឬ Visa ​ចំពោះ​មន្ត្រី​កម្ពុជា​មួយចំនួន​ដែលទទួល​ខុសត្រូវរឿង​ធ្វើទុក្ខមុក​ម្នេញ​ក្រុមជំទាស់​ អង្គការ​សង្គម​ស៊ីវិល​ និង​ សារព័ត៌មាន​ឯករាជ្យនេះ​ បើលោក​ កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​ដែលជា​គណបក្ស​មានកម្លាំង​ប្រហាក់​ប្រហែលគ្នានឹង​គណបក្ស​ប្រជាជន​កម្ពុជា ​មិនត្រូវ​ដោះលែង​នៅថ្ងៃទី៩ ​ខែវិច្ឆិកា​ មុនការបោះឆ្នោត​ជាតិនៅខែ​កក្កដាឆ្នាំ​២០១៨​ទេ៕