បទសម្ភាសន៍ VOA៖ លោក ថេត យូហូ ប្តេជ្ញា​ជំរុញ​ឲ្យលោក ហ៊ុន សែន ទទួល​ខុសត្រូវ​លើ​ពាក្យ​សន្យា

រូបឯកសារ៖ លោក Ted Yoho សមាជិក​​រដ្ឋ​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Florida។

កំណត់និពន្ធ៖ កាលពី​ថ្ងៃច័ន្ទ​ សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា។ សេចក្តី​ស្នើ​ច្បាប់​ដែល​មាន​ការគាំទ្រ​ទំាងពីរ​គណបក្ស នឹង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ក្រុម​យោធា ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក ថេត យូហូ អ្នកតំណាង​រាស្ត្រ ដែល​បាន​ស្នើ​ច្បាប់​នេះ បាន​ផ្តល់​សម្ភាស​ដល់ VOA។

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ លោក ថេត យូហូ ប្តេជ្ញា​ជំរុញ​ឲ្យលោក ហ៊ុន សែន ទទួល​ខុសត្រូវ​លើ​ពាក្យ​សន្យា


VOA៖ ​នៅ​រសៀល​នេះ​សភា​តំណាងរាស្រ្ត​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិ​ប្រជា​ធិប​តេយ្យ​កម្ពុជា​ដែល​លោក​បាន​ស្នើឡើង​កាលពី​ខែ​មករា តើ​ក្តី​សង្ឃឹមលើ​អនាគតនៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​មាន​យ៉ាងណាដែរ?

Ted Yoho៖ ​នេះ គឺជា​ជំហាន​មួយ​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​ជឿ​ថា​ពលរដ្ឋ​កម្ពុជា​គួរតែ​មាន​ប្រជា​ធិប​តេយ្យ។ វា​គឺជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​ទិសដៅ​ត្រឹមត្រូវ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មនុស្សដែល​បដិសេធ​មិន​ឱ្យ​ពួកគេ​មាន​ប្រជាធិបតេយ្យ​ដែល​រាប់​ពី​លោក​ហ៊ុន សែន​ចុះ​ក្រោម​រហូត​ដល់​ក្រុម​ឧត្តម​សេនីយ៍​របស់​គាត់​ដែល​ជា​អ្នក​រារាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តីនៅ​ក្នុង​ប្រទេស​នោះ​និង​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​និង​បើក​ចំហរ‍»។​

VOA៖ សេចក្តី​ស្នើច្បាប់​នេះ​ក៏​បាន​តម្រូវ​ឱ្យ​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​និង​ហាមឃាត់​ទិដ្ឋាការ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ដែរ​មន្ត្រី​កម្ពុជា​ខិតខំ​ព្យាយាម​បង្ហាញ​ពីទិដ្ឋភាព​មួយ​ផ្សេង​ពី​ប្រទេស​កម្ពុជា​ ដោយ​ខិតខំ​ជួប​ជាមួយ​នឹង​អ្នក​តំណាងរាស្រ្ត​ខ្លះ ដែលក្នុងនោះ​មាន​លោក​តំណាងរាស្រ្ត​ផងដែរ។ ប៉ុន្តែ​ការអនុម័ត​ច្បាប់​នេះ​បាន​បង្ហាញ​សំឡេង​ឮ​ជាងនោះ។ ដូច្នេះ​តើ​លោក​មាន​សារ​អ្វី​ដល់​អ្នក​ទាំង​នោះ​ទេ?

Ted Yoho៖ ​យើង​មាន​សារដដែល ​ដែល​យើង​បាន​បញ្ជាក់​ជាថ្មី​ប្រាប់​ដល់​ឯកអគ្គរាជទូត​កម្ពុជា​កាលពី​ជំនួប​លើកមុន​និង​អ្នកដទៃ​ទៀត​ដែល​បាន​មក​ជួប​យើង នោះ​គឺ​ថា​យើង​នឹង​ឈរ​នៅ​ខាង​សិទ្ធិសេរីភាព​ដែល​នេះ​គឺ​ជាអ្វី​ដែល​កម្ពុជា​បាន​និយាយ​ថា​ខ្លួន​នឹង​គោរពតាម​ហើយ​យើង​ឱ្យ​ពួកគេធ្វើ​តាម​ហ្នឹង។ សរុប​ទាំងយើង​និង​សហភាព​អឺរ៉ុប​គឺ​យើង​មាន​ពាណិជ្ជកម្ម​៦៥ភាគរយ​ជាមួយ​នឹង​កម្ពុជា។ យើង​ចង់​បន្ត​ការងារនេះ​ហើយ​យើង​ក៏​ចង់​ឱ្យ​កម្ពុជា​បន្ត​អនុវត្ត​តាម​ការសន្យា​របស់​ពួកគេ​ផងដែរ។ ជាពិសេស​គឺ​លោក​ហ៊ុន សែន ដែល​ត្រូវ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។ ការបោះឆ្នោត​កាលពីលើកមុន​មិន​បាន​ត្រឹមត្រូវ​ទេ។

VOA៖ កាលពីលើកមុន​សេចក្តី​ស្នើច្បាប់​នេះ​ដែល​មាន​លេខ​HR5754 ​ក៏ត្រូវ​សភា​តំណាងរាស្រ្ត​អនុម័ត​ដែរ​ប៉ុន្តែ​ខាងព្រឹទ្ធសភា​មិន​បាន​យក​មក​ពិភាក្សា​ទេ។ ដូច្នេះ​តើ​លោក​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ធានា​ថា​សេចក្តីស្នើច្បាប់លើក​នេះ​អាច​នឹង​ត្រូវ​អនុម័ត​បាន?

Ted Yoho៖ យើង​បាន​អស់​ពេលវេលា សម្រាប់​ពិភាក្សា​សេចក្តីស្នើ​ច្បាប់នោះ​។ ឥឡូវយើង​មាន​សេចក្តី​ស្នើ​ច្បាប់​មួយ​ដែល​ស្នើ​ឡើង​ដោយ​ព្រឹទ្ធសភា​ហើយ​វា​ជា​ច្បាប់​ល្អ។ លោក​នឹង​ឃើញ​ថា​សភាជាតិ​អណត្តិ​នេះ​នឹង​អនុម័ត​ច្បាប់នេះ។ ​

VOA៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នឹង​ធ្វើ​បាតុកម្ម​មួយ​នៅ​ខាងមុខ​វិមាន​សភាជាតិ​នៅថ្ងៃពុធ​នេះ​។ តើ​លោក​យល់​ថា​ពួកគេ​គួរ​តែ​ធ្វើ​យ៉ាងម៉េច​ទៀត​ដើម្បី​ជំរុញ​ដំណើរការ​អនុម័តច្បាប់?​

Ted Yoho៖ ​ខ្ញុំគិត​ថា​នេះ​គឺជា​អ្វី​ដែល​ពួកគេ​ត្រូវ​សម្តែង​មតិ​របស់​ពួកគេហើយ​ជាពិសេស​មេដឹកនាំ​កម្ពុជា​គួរតែ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដទៃ​ទៀត​សម្តែង​មតិ​ដែរ។ សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​ធំណាស់​ដែល​មិន​មែន​មាន​តែ​នៅ​សហរដ្ឋ​អាមេរិកទេ​គឺ​មាន​នៅ​កូរ៉ខាងត្បូង អង់គ្លេស អាល្លឺម៉ង់ ហើយ​ពលរដ្ឋ​ទាំង​នេះ​ចង់​បាន​សិទ្ធិ​និង​សេរីភាព​ដែល​នេះ​គឺ​ជា​សិទ្ធិមូលដ្ឋាន​ ដែល​ពួកគេ​ចង់​បាន។ ពួកគេ​ចង់​បាន​សិទ្ធិ​ស្វ័យសម្រេច​និង​មាន​ប្រព័ន្ធ​មួយ​ដែល​ការពារ​សិទ្ធិ​បុគ្គល​។​

VOA៖ ​តើ​លោក​សង្ឃឹម​ថា​សេចក្តី​ស្នើច្បាប់នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ពេល​ណាដែរ?

Ted Yoho៖ នៅខាងព្រឹទ្ធសភា​ពួកគេ​កំពុង​ដំណើរការហើយ​។ មាន​សមាជិកព្រឹទ្ធសភា​ជាច្រើន​រូប​កំពុងតែ​ធ្វើ​កិច្ចការ​នេះ​ហើយ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ប្រាប់ឈ្មោះ​អស់​នៅឡើយ​ទេ។ ខ្ញុំ​គិត​ថា​លោក​សមាជិក​ព្រឹទ្ធសភា​Cory Gardner មានច្បាប់​នេះ។ មាន​សកម្មភាព​ច្រើន​ណាស់​នៅ​ខាង​ព្រឹទ្ធសភា។ ខ្ញុំ​អាច​ប្រាប់​លោក​នៅពេល​ក្រោយ​ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​មិន​អាច​ប្រាប់​លោក​បាន​នៅ​ឡើយ​ទេ។

VOA៖ ​សំណួរចុងក្រោយ។ មេដឹកនាំ​ក្រុម​ប្រឆាំង​គឺ​លោក​សម រង្ស៊ី បាន​សម្រេច​វិល​ត្រឡប់​ទៅ ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​ គឺ​ប្រហែល​ជា​នៅ​ក្នុង​ខែ​កញ្ញា ហើយ​មាន​អ្នក​តំណាងរាស្ត្រ​សហភាព​អឺរ៉ុប​ខ្លះ​បាន​សន្យា​ថា​នឹង​អម​ដំណើរ​លោក​ទៅ​ប្រទេស​កម្ពុជា​។ ដូច្នេះ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ខ្លះ​ដូច​ជា​រូប​លោក​គួរតែ​ដើរតួនាទី​យ៉ាង​ម៉េចខ្លះដែរ។ តើ​ត្រូវ​តាម​ដាន​សង្កេត​ការណ៍​ទេ?

Ted Yoho៖ ​ខ្ញុំ​នឹង​គាំទ្រ​លោក​ហើយ​ជូនពរ​លោក​ឱ្យ​មាន​សំណាងល្អ។ បើ​និយាយ​វិល​ត្រឡប់​មក​រឿង​ដើម​វិញ​គឺ​នេះ​ឯង​ជា​អ្វី​ដែល​លោក​ហ៊ុន សែន​បាន​ធ្វើ​ គឺ​គាត់​បាន​ដាក់​គណបក្ស​ប្រឆាំង​ឱ្យ​នៅ​ក្រៅ​ច្បាប់​ ដោយសារតែ​ពួកគេ​ឈ្នះ​អាសនៈ​កាន់តែ​ច្រើន​ហើយ​គាត់​ដូច​ជាមិនស្រួល​ក្នុង​ចិត្ត​។ អីចឹង​ហើយ​គាត់​ចាប់​គេ​ដាក់​ពន្ធនាគារ ខ្លះ​ដោះលែង​មក​វិញ ហើយ​ខ្លះ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។ ដូច្នេះ​សម្រាប់​លោកសម រង្ស៊ី​ដែល​ហ៊ាន​ចេញ​មុខដូច្នេះ​គឺ​ពិត​ជា​សកម្មភាព​ក្លាហាន​ណាស់។ នេះ​គឺជា​សកម្មភាព​ក្លាហានខ្លាំងណាស់​ហើយ​ខ្ញុំ​សូមគាំទ្រ​គាត់។

VOA៖ តើ​លោក​នឹងពិចារណា​អម​ដំណើរ​លោក​ទៅដែរ​ទេ?

Ted Yoho៖ ​ខ្ញុំ​មិន​អាច​ទៅ​ទីនោះ​ជាមួយគាត់​បាន​ទេ​ប៉ុន្តែ​នឹង​ចូលរួម​តាម​ស្មារតី។

VOA៖ ​សូមអរគុណ​លោក​តំណាងរាស្ត្រ​ដែល​ផ្តល់​បទសម្ភាស​ន៍ដល់ VOA។

Ted Yoho៖ ​បាទ​សូមជម្រាបលា!