គណៈកម្មាធិការ​សភា​​សហរដ្ឋអាមេរិក​បើក​ធ្វើការ​ស៊ើបអង្កេត​​អំពី​ការចោទ​ប្រកាន់​លោក Biden

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងនៅក្នុងពិធីមួយ នៅមជ្ឈមណ្ឌលសិល្បៈ Tempe ក្នុងក្រុង Tempe រដ្ឋ Arizona កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។

កាលពី​ថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការស៊ើបអង្កេត​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រប់គ្រងដោយ​គណបក្ស​សាធារណរដ្ឋ​បាន​បើក​ការ​ស៊ើបអង្កេត​អំពី​ការចោទ​ប្រកាន់​ប្រឆាំងលោក​ប្រធានាធិបតី ​Joe Biden ​ដោយ​ប្រធាន​គណៈកម្មាធិការ​នេះ​បាន​និយាយ​ថា ពលរដ្ឋ​អាមេរិកាំង​ស័ក្តិសមដឹង​ថា​តើ​លោក​ប្រធានាធិបតី​បាន​ចំណេញ​ផ្ទាល់ខ្លួនពី​ប្រាក់​ ២០លានដុល្លារ ដែល​កូនលោកឈ្មោះ Hunter ​បាន​ទទួល​ពី​កិច្ចព្រមព្រៀង​ធុរកិច្ចនៅក្រៅ​ប្រទេស​ឬទេ។

នៅ​ក្នុង​ការថ្លែងពេលបើក​ធ្វើការ​ស៊ើបអង្កេតនេះ លោក​ James Comer ​ប្រធានគណៈកម្មាធិការ​ត្រួតពិនិត្យ​និងទទួលខុស​ត្រូវនៃ​រដ្ឋសភា​អាមេរិក​បានចោទប្រកាន់​ថា​សមាជិក​៩​នាក់​នៃ​គ្រួសារលោក Biden ​បាន​ទទួល​ប្រាក់សុទ្ធ​ពី​កិច្ច​ព្រមព្រៀង​របស់​លោក​ Hunter Biden ​នៅ​ក្នុងប្រទេស​អ៊ុយក្រែន​និង​ប្រទេស​ចិន​ពី​ឆ្នាំ ២០១៤​ ដល់​ឆ្នាំ​ ២០១៩។

លោក Comer ​បាន​សួរ​ថា ​«តើ​គ្រួសារលោក Biden ​លក់ដូរ​អ្វី? ​ជនជាតិ​អាមេរិកាំងទាមទារ​ឱ្យ​មាន​ការទទួល​ខុសត្រូវ​ខ្ពស់​សម្រាប់​វប្បធម៌នៃ​អំពើ​ពុករលួយ​នេះ‍»។​

តែ​លោក Comer ​មិន​បានចោទ​ប្រកាន់​លោកប្រធានាធិបតី Biden ​ដោយ​ផ្ទាល់​ថាលោក​បានធ្វើ​ខុស​ទេ ​ហើយលោកប្រធានាធិបតីបាន​និយាយថា​ លោក​គ្មាន​ទាក់ទិននឹង​ការព្រមព្រៀង​របស់​កូនប្រុស​លោកនៅ​ក្រៅ​ប្រទេស​ទេ​ ហើយលោក​ក៏​មិន​បាន​ផលប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ទាំង​នេះឡើយ។ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ​លោក​បាន​សើច​នឹង​ការនិយាយថា ​គណនេយ្យ​ធនាគារ​លោក​មាន​ទឹកប្រាក់​កើន​ជាង​មុន​ដោយសារ​មាន​ការ​បញ្ចូលលុយ​ពី​កូន​ប្រុស​លោក ​ដោយ​លោក​បាន​សួរ​ថា«តើ​ប្រាក់កាស​នេះ​នៅ​ឯណា?»

តែមាន​ភស្តុតាង​ថាកូនប្រុស​អាយុ​ ៥៣ ​ឆ្នាំ​រូបនេះ​របស់​ប្រធានាធិបតី​ ជួនកាល​បាន​ហៅ​ទូរសព្ទ​ទៅ​ឪពុក​លោក​ពី​ភោជនីយដ្ឋាន ​នៅ​ពេល​លោក​បរិភោគ​អាហារ​យប់​ជាមួយពួក​សហការីធុរកិច្ច ប្រហែល​ដើម្បី​បង្ហាញ​ពួក​គេ​អំពី​អំណាចនយោបាយ​របស់​គ្រួសារ​លោក​នៅ​រដ្ឋធានី Washington។

តែ​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក Devon Archer ​សហការីម្នាក់​របស់លោក Hunter Biden ​បាន​ផ្តល់​សក្ខីកម្មថា​ ការនិយាយ​គ្នា​តាមទូរសព្ទ​ពី​ចម្ងាយ​រវាង​ឪពុក​និង​កូននេះ​ទាក់ទង​នឹងអាកាសធាតុ​ឬ​ភូមិសាស្ត្រ​នៅ​កន្លែង​ដាច់​ស្រយាលដែល​លោក Hunter Biden និង​ពួក​ដៃគូ​ធុរកិច្ចរបស់​លោកកំពុងបរិភោគអាហារ ​មិនមែន​និយាយ​គ្នា​អំពីកិច្ចការ​ជំនួញ​ទេ។​

លោក Jamie Raskin ​អ្នក​ប្រជាធិបតេយ្យ​នាំ​មុខ​គេនៅក្នុងគណៈកម្មាធិការស៊ើបអង្កេត​នេះបាន​និយាយ​ជា​ដំបូងនៅ​ក្នុង​ការស៊ើបអង្កេតរបស់​គណបក្ស​សាធារណរដ្ឋ​ថា​ «គ្មាន​ភស្តុតាង​ណា​មួយប្រឆាំងនឹងលោកប្រធានាធិបតី Biden ​ឡើយ»៕