សហរដ្ឋអាមេរិកបានជម្លៀសមនុស្ស២នាក់ចេញពីមូលដ្ឋានទ័ពអាកាសមួយនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីថែទាំសុខភាពបន្ថែមបន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃចន្ទដែលបានធ្វើឱ្យមនុស្ស៧នាក់រងរបួស។
មន្ត្រីការពារជាតិម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សទាំងអស់៧នាក់ ដែលមាន៥នាក់ជាទាហាននិងអ្នកធ្វើការជាប់កិច្ចសន្យា២ នាក់បានរងរបួសបន្ទាប់ពីគ្រាប់រ៉ុក្កែត២គ្រាប់បានធ្លាក់ចូលក្នុងមូលដ្ឋានយោធា al-Asad នៅក្នុងតំបន់ខាងលិចប្រទេសអ៊ីរ៉ាក់។
មន្ត្រីរូបនោះបាននិយាយទៀតថាមនុស្សទាំង៧នាក់នោះមានស្ថានភាពនឹងនរ ក៏ប៉ុន្តែ មនុស្ស២នាក់បានត្រូវ«យកទៅព្យាបាលបន្ថែម»។
រហូតមកទល់ពេលនេះមិនមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហាររ៉ុក្កែតនេះដែលកើតមានឡើងនៅពេលផ្នែកភាគច្រើននៃតំបន់រង់ចាំលទ្ធភាពនៃការវាយប្រហារដោយអ៊ីរ៉ង់និងសាខារបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែលនៅក្នុងការសងសឹកចំពោះការសម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមភេរវកម្ម Hezbollah និងក្រុមហាម៉ាស់ដែលគាំទ្រដោយអ៊ីរ៉ង់។
ក៏ប៉ុន្តែ យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានរកឃើញរថយន្តធុនធ្ងន់និងប្រដាប់បាញ់គ្រាប់រ៉ុក្កែតបានប្រើប្រាស់នៅក្នុងការវាយប្រហារនោះក្នុងទីក្រុង Haditha នៅក្បែនោះ។
យោធាអ៊ីរ៉ាក់ក៏បាននិយាយដែរថាខ្លួនបានខិតជិតទៅនឹងការរកឃើញជនដៃដល់៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters