ស.រ.អា​ថ្កោលទោស​លើ​ការ​វាយប្រហារ​ចុង​ក្រោយ​របស់​ក្រុម Boko Haram

កង​កម្លាំង​ពិសេស​នីហ្សេ​​រីយ៉ា​បាន​ធ្វើការ​រៀបចំ​ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​អ៊ី​ស្លាម​​​ជ្រុល​​និយម Boko Haram នៅ​ក្រុងDiffa នាថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៥។

ស.រ.អា​កំពុង​ថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​ក្រុម​អ៊ី​ស្លាម​ជ្រុល​និយម​ Boko Haram ដែល​បាន​សម្លាប់​មនុស្សយ៉ាង​ហោច​ណាស់៣៨​នាក់​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នីហ្សេ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​លោក John Kirby អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​ស.រ.អា​បាន​និយាយ​ថា ​ពួកBoko Haram​បាន​ធ្វើ​ការ​វាយ​ប្រហារ​បង្ក​ហេតុ​រាប់​មិន​អស់​ទៅ​លើ​បុរស ​ស្រ្តី ​និង​កូនក្មេង​នៅ​ក្នុង​ផ្ទះ​សាលា​រៀន ​ទីកន្លែង​សក្ការៈ​បូជា​ និង​ទី​កន្លែង​ប្រកប​របរ​ផ្សេងៗ។

លោក​បាន​និយាយ​ទៀត​ថា ស.រ.អា​បាន​តាំង​ចិត្ត​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​ ដើម្បី​លុប​បំបាត់​ការ​គំរាម​កំហែង​របស់​ក្រុម​នោះ។

ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ភូមិ​២ក្នុង​តំបន់ Diffa នៃ​ប្រទេស​នីហ្សេ ​ដែល​នៅជិ​ត​ព្រំ​ដែន​ជាមួយ​ប្រទេស​នីហ្សេរីយ៉ា។

ការវាយ​ឆ្មក់​នោះ​ជា​ការ​ប៉ុនប៉ង​នៅ​ពេល​ថ្មី​ៗ​បំផុតដោយ​ក្រុម Boko Haramដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ដើម្បី​វាយ​ប្រហារ​នៅ​ខាង​ក្នុង​ប្រទេស​នានា​ ដែល​ជា​ប្រទេស​ជិត​ខាង ដែល​បាន​ចូល​រួម​ជាមួយ​កងទ័ពនីហ្សេរីយ៉ា​ដើម្បី​កំទេច​ក្រុម​នោះ។

​ប្រទេស​ឆាដ រួម​ជាមួយ​ប្រទេស​នីហ្សេ​ និង​ប្រទេស​កាមេរូន​បាន​ដាក់​ពង្រាយ​កងទ័ព​នៅ​ដើម​ឆ្នាំ​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម Boko Haram ​បន្ទាប់​ពីពួក​ជន​សកម្ម​ប្រយុទ្ធ ​នោះ​បាន​ចាប់​ផ្តើម​ធ្វើ​ការវាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ឆ្លង​កាត់​ព្រំ​ដែន៕