ក្រុមហ៊ុន​អាមេរិកាំង​ជួប​ពិភាក្សា​ការវិនិយោគ​ទុន​ជាមួយ​កម្ពុជា

ក្រុមហ៊ុន​កូកាកូឡា ស្ថិតក្នុងចំណោម​ក្រុមហ៊ុន​ធំៗទាំង​៨​របស់​សហរដ្ឋ​អាមេរិក​​​ ដែលអ្នក​តំណាង​ក្រុមហ៊ុន​ទាំងនេះ បាន​ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន លោក​សុខ អាន រដ្ឋ​មន្ត្រី​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដទៃទៀត​ក្នុងនោះ​មាន​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ស៊ុន ចាន់​ថុល ផងដែរ នៅខែឧសភា ឆ្នាំ២០១៥។​

ប្រតិភូ​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​និងការ​វិនិយោគ​ទុន​រវាង​ប្រទេស​ទាំងពីរ​ក្នុង​នោះ​រួម​មានការ​លើក​ទឹកចិត្ត​ឱ្យ​អ្នកវិនិយោគទុន​កម្ពុជាមក​ធ្វើ​វិនិយោគ​ទុន​នៅ​សហរដ្ឋ​អាមេរិក​ផងដែរ។

លោកស្រី​ខែតលីន សាន់ទីលឡូ នាយកគ្រប់គ្រង​ថ្នាក់​តំបន់​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្មអាមេរិកនិង​អាស៊ាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រ​ថា៖

«យើង​មាន​ការ​លើក​ទឹកចិត្ត​ដោយ​សារ​ផែនការ​ដ៏​ធំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​បន្ថែម​ទៀត។ កិច្ច​ពិភាក្សា​របស់​យើង​ជាមួយ​នឹង​រដ្ឋាភិបាល​ផ្តល់​នូវ​ព័ត៌មាន​ជាច្រើន​ជាពិសេស​ទាក់​ទង​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម។ ក្រុមប្រឹក្សា​នេះ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ប្រើ​ប្រាស់​ជំនាញ​និង​ភាព​ជាដៃគូ​ដើម្បី​គាំទ្រ​ការរីកចម្រើន​ក្នុង​ពេល​អនាគត​របស់​កម្ពុជា​និង​បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​និង​សហរដ្ឋ​អាមេរិក‍»។

មាន​តំណាងក្រុមហ៊ុន​ធំៗរបស់​សហរដ្ឋ​អាមេរិកចំនួន​៨​ក្នុង​នោះ​មាន​ក្រុមហ៊ុន Bechtel កូកាកូឡា កូនូកូហ្វីលីព អ៊ិកសនម៉ូប៊ីល ហ្វដGeneral Electric RMA Group និង វីសា ​បាន​ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន លោក​សុខ អាន រដ្ឋ​មន្ត្រី​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដទៃទៀត​ក្នុងនោះ​មាន​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ស៊ុន ចាន់​ថុល ផងដែរ។​

លោកផៃ ស៊ីផាន​រដ្ឋ​លេខាធិការ​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្រោយ​ពី​ជំនួប​រវាងលោក​សុខ អាន ជាមួយ​នឹង​ប្រតិភូ​ធុរកិច្ច​ជន​អាមេរិក​ថាកម្ពុជា​មាន​ចំណាប់​អារម្មណ៍​នឹង​ការបើក​ចំហរ​ទីផ្សារ​សហរដ្ឋ​អាមេរិក​សម្រាប់​វិនិយោគិន​កម្ពុជាដែល​ក្រុម​ប្រតិភូ​បាន​លើកឡើង។

លោកបន្ថែមថា៖​

«ដូច្នេះ​ការ​ស្វាគមន៍​ ការលើកទឹកចិត្ត​ឱ្យ​ពាណិជ្ជករ​កម្ពុជា​ទៅ​បណ្តាក់ទុន​រកស៊ីនៅ​សហរដ្ឋ​អាមេរិក​ក៏​បង្ហាញ អំពី​មោទនភាព​របស់​កម្ពុជា​ បង្ហាញ​ពី​សមត្ថភាព​នៃ​ពាណិជ្ជករ​កម្ពុជា​ដែល​អាច​បើក​ចំហរ​ជើង​មេឃ​ទៅ​បណ្តាក់​ទុននៅ​កន្លែង​នោះដែរ​ដូច្នេះ​នេះ​ជាការ​រីកចម្រើន​របស់​កម្ពុជា‍»។

លោក​ផៃ ស៊ីផាន​បាន​បន្ថែម​ថា​សក្តានុពល​ដែល​កម្ពុជា​មាន​ក្នុង​ការ​ទៅវិនិយោគ​និង​នាំ​ផលិត​ផល​ទៅ​សហរដ្ឋ​អាមេរិក​គឺ​ផលិតផល​កសិកម្ម។​

ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​ត្រូវ​ខ្ចីដៃ​របស់​វៀតណាម​និង​ថៃ​ដើម្បី​វាយតម្លៃ​គុណភាព​មុន​នឹង​នាំ​ទៅ សហរដ្ឋ​អាមេរិកព្រោះ​នៅ​ទីនោះ​អាមេរិក​មាន​ដាក់​ការិយាល័យ​តំណាង​ទីភ្នាក់ងារ​ម្អូបអាហារ​និង​ថ្នាំពេទ្យ (FDA)។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក​ផៃ ស៊ីផាន។

«ឥឡូវនេះ​យើង​ប្រើ​ការិយាល័យ​នៅ​ប្រទេសវៀតណាម​។ យើង​ប្រើ​ការិយាល័យ​នៅ ប្រទេស​ថៃ​ដោយសារ​អីវ៉ាន់​ដែល​យើង​មាន​ដូច​ជា​ត្រីសាច់​ អ្វីៗ​ទាំងអស់​ជាផលិត​ផល​កសិកម្ម​ហ្នឹង​ត្រូវ​តែ​លក់​ទៅ​ឱ្យ​វៀតណាម​ដើម្បី​វៀតណាម​និង​ថៃ​វេចខ្ចប់​ដោយសារ​គេ​ទាំងអស់​ហ្នឹង​មាន​ការិយាល័យ​ដែល​មក​ពីស្រុក​អាមេរិក​។ នៅ កម្ពុជា​យើង​មាន​ FDA ​មក​ពី​ EU សហភាព​អឺរ៉ុប​ របស់​ចិន​ក៏​មាន​នៅ កន្លែង​យើង​ដែរ​ ដូច្នេះ​យើង​នៅ ខ្វះ​តែ​សហរដ្ឋ​អាមេរិក‍»។

ក្នុង​អំឡុងពេល​ទស្សនកិច្ច​នោះ​ ប្រតិភូ​សហរដ្ឋអាមេរិក​ក៏​បាន​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​អំពី​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ប្រទេស​ដ៏ក្រីក្រ​មួយ​នេះ​ក្នុង​ការ​កែប្រែ​មុខមាត់​ប្រទេស​កម្ពុជា និង​វិធីសាស្រ្ត​ក្នុង​ការ​ពង្រីក​ការពិភាក្សា​ជាមួយ​នឹង​ដៃគូពាក់​ព័ន្ធ​ក្នុង​អំឡុងពេល​នៃ​ការ​តាក់តែង​គោលនយោបាយ​ផងដែរ។ ក្រុមបេសកកម្មនេះ​ក៏ បាន​ពិភាក្សា​ពី​លទ្ធភាព​នៃកិច្ច​សហប្រតិបត្តិការ​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​រៀបចំខ្លួន​ចូល​ក្នុងសហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​ចូល​ជា​ធរមាន​នៅចុង​ឆ្នាំ​២០១៥៕