សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ​បន្ថែម​ផ្នែក​សន្តិសុខ​ស៊ីវិល​ដល់​អ៊ុយក្រែន

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ចូលរួម​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៧ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ​ផ្នែក​ការ​អនុវត្ត​ច្បាប់​និង​សន្តិសុខ​ស៊ីវិល​ចំនួន ៤៥៧ លាន ៥ សែន​ដុល្លារ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាលពី​ថ្ងៃ​ចន្ទ។

លោក Blinken បាន​និយាយ​ថា រដ្ឋាភិបាល​អាមេរិក​រំពឹង​ថា ជំនួយ​នេះ​រួម​ជាមួយ​នឹង​ជំនួយ​ចំនួន ១៨៧ លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជូន​រដ្ឋាភិបាល​អ៊ុយក្រែន​កាលពី​មុន នឹង​បន្ត​ជួយ​ប្រទេស​អ៊ុយក្រែន​ទប់ទល់​នឹង​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​រយៈពេល ៧ ខែ​កន្លង​មក ហើយ​រដ្ឋាភិបាល​អាមេរិក​នឹង​បញ្ជូន​ជំនួយ​នេះ​ដោយ​ផ្ទាល់​ទៅ​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​និង​នាយកដ្ឋាន​ល្បាត​ព្រំដែន​ជាតិ​របស់​ប្រទេស​អ៊ុយក្រែន។

លោក Blinken បាន​និយាយ​ថា៖ «ឧបករណ៍​ការពារ​ខ្លួន គ្រឿង​បរិក្ខារ​ពេទ្យ និង​រថពាស​ដែក ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជូន [ប្រទេស​អ៊ុយក្រែន] ទាំង​នេះ​បាន​ជួយ​កាត់​បន្ថយ​យ៉ាង​ក្រាស់ក្រែល​នូវ​ករណី​ស្លាប់​និង​រង​របួស​នៃ​ជន​ស៊ីវិល​និង​កង​កម្លាំង​សន្តិសុខ​របស់​អ៊ុយក្រែន»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ថវិកា​មួយ​ចំនួន​នៃ​ជំនួយ​ថ្មី​នេះ​នឹង​ជួយ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​បន្ត​ស៊ើបអង្កេត​និង​កាត់ទោស​ទាហាន​រុស្ស៊ី​ណា​ដែល​បាន​ប្រព្រឹត្តិ​អំពើ​សាហាវ​ឃោរឃៅ​លើ​កងទ័ព​អ៊ុយក្រែន​និង​ជន​ស៊ីវិល។ កន្លង​មក កងទ័ព​និង​ជន​ស៊ីវិល​អ៊ុយក្រែន​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​នេះ។

លោក Blinken បាន​លើកឡើង​នៅ​ពេល​លោក​ប្រកាស​អំពី​កញ្ចប់​ជំនួយ​នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ឈរ​នៅ​កៀក​ជាមួយ​នឹង​ប្រជាពលរដ្ឋ​អ៊ុយក្រែន និង​នៅតែ​តាំងចិត្ត​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ ឯករាជ្យភាព និង​អធិបតេយ្យភាព»៕