មន្ត្រីសហរដ្ឋអាមេរិកមួយរូបបានឲ្យដឹងថា ពលរដ្ឋអាមេរិក២នាក់ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ហើយត្រូវបានរារាំងមិនឲ្យចាកចេញពីប្រទេសចិនចាប់តាំងពីឆ្នាំ២០១៨មក បានវិលត្រឡប់មកដល់សហរដ្ឋអាមេរិកវិញកាលពីចុងសប្តាហ៍កន្លងទៅ។ ការដោះលែងពួកគេឲ្យវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចប់នូវករណីក្តីក្តាំផ្លូវច្បាប់មួយប្រឆាំងប្រធានប្រតិបត្តិជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុនចិន Huawei ។
អ្នកស្រី Cynthia និងលោក Victor Liu បានវិលត្រឡប់មកកាន់ប្រទេសអាមេរិកវិញបន្ទាប់ពីចំណាយពេលអស់ជាង៣ឆ្នាំនៅក្នុងប្រទេសចិនដែលពួកគេមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសចិនដោយស្ថិតក្រោមបម្រាមនៃការចាកចេញ បើទោះបីជាពួកគេមិនទទួលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយក្តី។ ឪពុករបស់ពួកគេគឺលោក Liu Changming ជាអតីតមន្ត្រីធនាគារដែលបានរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរចិនពីបទលួចបន្លំប្រាក់។
ការយល់ព្រមឲ្យចាកចេញរបស់បងប្អូនទាំងពីរនាក់នេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei អ្នកស្រី Meng Wanzhou អាចចាកចេញពីប្រទេសកាណាដាវិលត្រឡប់ទៅកាន់ប្រទេសចិនវិញបន្ទាប់ពីរដ្ឋអាជ្ញាអាមេរិកបានទម្លាក់ចោលបទចោទប្រកាន់ពីការគេងបន្លំប្រាក់ប្រឆាំងអ្នកស្រីនោះ។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃចន្ទថា ការដោះលែងនោះមិនមែនជាការដោះដូរអ្នកទោសនោះទេ ប៉ុន្តែ ករណីរបស់ពួកគេបានកើតមានឡើងនៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅនេះ។
ក្រសួងយុត្តិធម៌អាមេរិក បាននិយាយថា ការសម្រេចក្នុងការដោះលែងប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន Huawei អ្នកស្រី Meng Wanzhou ត្រូវបានធ្វើឡើងដោយឯករាជ្យ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយថា៖ «យើងស្វាគមន៍ដល់ការវិលត្រឡប់របស់អ្នកស្រី Cynthia និងលោក Victor Liu មកកាន់សហរដ្ឋអាមេរិកវិញកាលពីថ្ងៃអាទិត្យកន្លងទៅនេះ»។ អ្នកនាំពាក្យរូបនេះបន្តថា មន្ត្រីកុងស៊ុលអាមេរិកក្នុងទីក្រុងសៀងហៃ បានជួយសម្របសម្រួលក្នុងការចាកចេញរបស់បងប្អូនទាំងពីររូបនេះ។
អ្នកស្រី Sandra Han ដែលជាម្តាយរបស់អ្នកស្រី Cynthia និងលោក Victor Liu កំពុងបន្តស្ថិតក្នុងការឃុំឃាំងក្នុងប្រទេសចិននៅឡើយពីបទព្រហ្មទណ្ឌ៕