ប្រទេស​ចិន​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​​ប្រឆាំង​ការ​រឹត​បន្តឹង​ទិដ្ឋាការ​​របស់​​អាមេរិក

ទង់ជាតិ​ចិន​​និង​ទង់ជាតិ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ នៅ​មុន​ពេល​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​ចិន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក​នៅ​ក្រុង Arlington រដ្ឋ Virginia ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ ប្រទេស​ចិន​នឹង​ចាត់​វិធាន​ការ​ «ចាំបាច់​និង​សម ស្រប» ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ឆ្លើយ​តបទៅ​កាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​វិញ​ ជុំ​វិញ​ការ​រឹត​បន្តឹង​ទិដ្ឋាការនា​ពេល​ថ្មី​ចុង​ក្រោយ​នេះ​ ទៅ​លើ​មន្ត្រីចិន​ ដែល​ត្រូវ​អាមេរិក​សង្ស័យ​ថា​ បាន​រំលោភសិទ្ធិមនុស្ស​នោះ​។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សហរដ្ឋអាមេរិក បាន​រឹត​បន្តឹង​នូវ​គោល​ការណ៍​ចូល​ទឹក​ដី​អាមេរិក ដល់​មន្ត្រី​និង​និស្សិត​ចិន ក្នុង​រយៈ​ពេលប៉ុន្មាន​ខែ​ចុង​ក្រោយ​ថ្មីៗ​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការប្រឆាំង​រដ្ឋាភិបាល​ក្រុងប៉េកាំង​ ដែលក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ បាន​ក្លាយ​ជាគូ​សត្រូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​អាមេរិក​នោះ។

ក្រសួង​ការបរទេស​អាមេរិក​ កន្លង​មក​បាន​លុប​ចោល​ទិដ្ឋាការ​និស្សិត​និង​អ្នកស្រាវជ្រាវ​ចិន​ប្រមាណ​ជាង​១០០០​នាក់​ ដោយ​បាន​សង្ស័យ​ថា ពួកគេ​ធ្វើ​ចារកម្ម​នៅ​លើ​ទឹក​ដី​អាមេរិក​។​

រដ្ឋមន្តី្រ​ការបរទេស​អាមេរិក លោក Mike Pompeo បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ ការ​រឹត​បន្តឹង​នា​ពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​មន្ត្រី​ចិន​មួយ​ចំនួន​ ដែល​គេ​ជឿ​ជាក់​ថា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​នូវ​គោល​នយោបាយ​និងសកម្មភាព គាប​សង្កត់​ទៅ​លើ​អ្នក​គោរព​សាសនា​ សមាជិក​ក្រុម​ជនជាតិ​ភាគ​តិច​ អ្នក​ប្រឆាំង​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន។

ជា​ការ​ឆ្លើយ​តប​វិញ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក Wang Wenbin បាន​ចោទ​សហរដ្ឋ​អាមេរិក​ ថា​បាន​យក​គោល​នយោបាយ​ទិដ្ឋាការ​មក​ធ្វើ​ជា​អាវុធ និង​ជ្រែក​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន។

អ្នក​នាំ​ពាក្យ​ចិន​រូប​នេះ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​អង្គារ​ថា «​ចិនប្រឆាំង​ និងប្រកាស​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​នេះ​»។ អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា ​ចិន​ នឹង​បន្ត​ចាត់​វិធានការចាំ​បាច់​និង​សមស្រប​ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន៕​