រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសចិនបានបង្កើនកម្រិតការិយាល័យប្រមូលព័ត៌មានចារកម្មរបស់ខ្លួននៅក្នុងប្រទេសគុយបា ក្នុងឆ្នាំ២០១៩។
លោក Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មានថា នៅពេលដែលរដ្ឋបាលលោក Biden ចូលកាន់តំណែងក្នុងឆ្នាំ២០២១នោះ ខ្លួនបានទទួលព័ត៌មានស្តីពីកិច្ចប្រឹងប្រែងដ៏រសើបមួយចំនួន ដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងប៉េកាំងនៅជុំវិញពិភពលោក ដើម្បីពង្រីកប្រតិបត្តិការប្រមូលព័ត៌មានចារកម្មនៅក្រៅប្រទេស។
លោក Blinken បន្តទៀតថា រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trumpបានដឹងពីរឿងនេះ ហើយរដ្ឋបាលរបស់លោកBiden សន្និដ្ឋានថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានធ្វើការងារលើបញ្ហានេះឱ្យបានប្រសើរនោះឡើយ។
លោក Blinken និយាយទៀតថា ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានអនុវត្តនូវយុទ្ធសាស្ត្រថ្មីមួយ ដែលទទួលបានផលល្អ។
លោកនិយាយដូចនេះថា៖ «ខ្ញុំមិនអាចនិយាយលម្អិតជុំវិញចំណាត់ការដែលយើងបានធ្វើនោះឡើយប៉ុន្តែយុទ្ធសាស្ត្រនេះចាប់ផ្តើមជាមួយនឹងសកម្មភាពការទូត»។
លោក Blinken ថា សហរដ្ឋអាមេរិក បានចូលរួមពាក់ព័ន្ធក្នុងកម្រិតខ្ពស់ជាមួយបណ្តារដ្ឋាភិបាលនានា ដែលពិចារណាទទួលចិនធ្វើជាមូលដ្ឋានរបស់ខ្លួន។ លោកបន្ថែមថា អ្នកជំនាញសហរដ្ឋ អាមេរិក បានកំណត់ពីកិច្ចប្រឹងប្រែងការទូតមួយចំនួន ដែលជួយពន្យឺតដល់ការប្រឹងប្រែងរបស់ចិន ក្នុងការពង្រីកសកម្មភាពប្រមូលព័ត៌មានចារកម្មរបស់ខ្លួន។
ប្រទេសចិនបានបដិសេធការចោទប្រកាន់ ដែលថា ខ្លួនបានអនុវត្តប្រតិបត្តិការប្រមូលព័ត៌មានសម្ងាត់ នៅក្នុងប្រទេសគុយបា ដែលជាកោះមួយ ដែលស្ថិតនៅចម្ងាយប្រមាណតែ១៦០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋ Florida ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការចោទប្រកាន់ពីកិច្ចប្រឹងប្រែងប្រមូលព័ត៌មានចារកម្មរបស់ចិនក្នុងប្រទេសគុយបានោះ ជារឿងមិនពិតនោះឡើយ ហើយថា សហរដ្ឋអាមេរិកបានលើកឡើងនូវព័ត៌មានផ្ទុយគ្នានិងមិនស៊ីសង្វាក់គ្នាជុំវិញបញ្ហានេះ៕
ប្រធានការិយាល័យព័ត៌មានវីអូអេប្រចាំក្រសួងការបរទេសអ្នកស្រី Nike Ching និងអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំក្រសួងការពារជាតិអាមេរិកអ្នកស្រី Carla Babb រួមចំណែកដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារព័ត៌មាន Associated Press និង Reuters។