កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ដើម្បីដាក់ក្រុមហាម៉ាស់ឲ្យនៅឯកោផ្នែកការទូត ផ្ទុយនឹងតថភាពជាក់ស្តែងដែលថាការឈប់បាញ់គ្នានិងការដោះលែងចំណាំងខ្មាំងអ៊ីស្រាអែល១២៩នាក់ មិនអាចសម្រេចបានដោយមិនពាក់ព័ន្ធនឹងក្រុមដែលទទួលខុសត្រូវចំពោះការសម្លាប់រង្គាលមនុស្សប្រមាណ១ពាន់២រយនាក់កាលពីថ្ងៃទី៧ខែតុលា។
ដោយឈរជាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីចុងខែតុលា នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងថាក្រុមហាម៉ាស់«គួរតែត្រូវបានផាត់ចេញពីសហគមន៍ជាតិនានា។ មិនគួរមានមេដឹកនាំណាជួបក្រុមនេះទេ ហើយក៏គួរតែគ្មានប្រទេសណាផ្តល់ជម្រកដល់ក្រុមនេះដែរ។ ប្រទេសណាដែលធ្វើដូច្នេះ គួរតែរងទណ្ឌកម្ម»។
តែជិត៧ខែក្រោយមក មេដឹកនាំក្រុមហាម៉ាស់ មិនត្រឹមតែមិនត្រូវបានផាត់ចេញទេ ប្រទេសដែលទាក់ទងជាមួយពួកគេក៏មិនប្រឈមនឹងទណ្ឌកម្មអ្វីដែរ។
គោលបំណងពិបាកសម្រេចបាន
នៅចុងខែមេសា តំណាងក្រុមហាម៉ាស់ ស្ថិតនៅទីក្រុងប៉េកាំងពិភាក្សាអំពីការផ្សះផ្សារគ្នាជាមួយក្រុម Fatah ដែលជាភាគីប៉ាឡេស្ទីនមួយទៀត។ មួយសប្តាហ៍មុននោះ មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh បានជួបជាមួយប្រធានាធិបតីតួកគីលោក Tayyip Erdogan ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
លោក Ahmed Fouad Alkhatib អ្នកស្រាវជ្រាវជាន់ខ្ពស់នៅអង្គការAtlantic Council បានប្រាប់វីអូអេជាលាយលក្ខណ៍អក្សរថាគោលបំណងដែលអ៊ីស្រាអែលបានលើកឡើងជាញឹកញាប់គឺការលុបបំបាត់ក្រុមហាម៉ាស់ទាំងស្រុងនោះ «គឺជាគោលបំណងដែលពិបាកសម្រេចបាន»។
អ្នកស្រី Sarah Parkinson សាស្ត្រាចារ្យខាងការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ Johns Hopkins ថ្លែងថា«វាមិនមែនជាគោលដៅយោធាដែលអាចសម្រេចបាននោះទេ»។
តែអ្នកជំនាញខ្លះថាការធ្វើឲ្យក្រុមហាម៉ាស់ខ្សោយដល់កម្រិតដែលក្រុមនេះសុខចិត្តយល់ព្រមទទួលយកដំណោះស្រាយនយោបាយដែលអ៊ីស្រាអែលអាចទទួលយកបាន អាចសម្រេចបាន។
លោក Brian Katulis អ្នកជំនាញនៅវិទ្យាស្ថានមជ្ឈិមបូព៌ា ថ្លែងប្រាប់វីអូអេថា៖«ការកែទម្រង់និងការវិវត្តក្រុមហាម៉ាស់ដែលប្រតិបត្តិការដោយប្រើនយោបាយសន្តិវិធីអាចមានប្រយោជន៍សម្រាប់សន្តិភាពយូរអង្វែង»។
គោលនយោបាយចិននិងអាមេរិក
រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានព្យាយាមដើរតួមួយដែរ។ តែខុសពីសហរដ្ឋអាមេរិក ចិនមិនបានហៅក្រុមហាម៉ាស់ថាជាក្រុមភេរវជននោះទេ។
នៅខែមេសា ចិនបានគាំទ្រសេចក្តីសម្រេចមួយដែលអំពាវនាវឲ្យ«រដ្ឋប៉ាឡេស្ទីន» មានឋានៈជាសមាជិកពេញសិទ្ធិនៅអង្គការសហប្រជាជាតិ។ តែសហរដ្ឋអាមេរិក បានបោះឆ្នោតវ៉េតូសេចក្តីសម្រេចនោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅខែមេសាថា ចិនគាំទ្រម៉ឺងម៉ាត់ចំពោះ«ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ» ព្រោះការគ្មានរដ្ឋប៉ាឡេស្ទីនឯករាជ្យនេះជាឫសគល់នៃវិបត្តិប៉ាឡេស្ទីនដែលមិនចេះចប់។
ខណៈដែលសហរដ្ឋអាមេរិកក៏គាំទ្រដំណោះស្រាយរដ្ឋពីរចំពោះទំនាស់ដ៏យូរអង្វែងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទទូចថាក្រុមហាម៉ាស់មិនគួរក្លាយជាអ្នកគ្រប់គ្រងរដ្ឋប៉ាឡេស្ទីននៅពេលអនាគតនោះទេ។
លោក Blinken បានថ្លែងនៅថ្ងៃទី១៩ខែមេសាថា៖«យើងប្តេជ្ញាចិត្តដូចអ៊ីស្រាអែលដែរ ក្នុងការធានាថាក្រុមហាម៉ាស់មិនអាចគ្រប់គ្រងតំបន់ហ្កាហ្សាទេ»។
មន្ត្រីសហរដ្ឋអាមេរិក ទទួលស្គាល់ឥទ្ធិពលចិនក្នុងតំបន់នោះហើយលើកឡើងថារដ្ឋាភិបាលក្រុងប៉េកាំងគួរតែប្រើឥទ្ធិពលនោះប្រកបដោយការស្ថាបនា។
លោក Blinken ថ្លែងថាចិន«គ្មានប្រយោជន៍អ្វីក្នុងតំបន់មជ្ឈិមបូព៌ាមួយដែលឆេះសន្ធោសន្ធៅ ពោរពេញដោយជម្លោះ ហើយដើម្បីផលប្រយោជន៍ចិនផ្ទាល់ ខ្ញុំគិតថាចិនកំពុងសំឡឹងរកមើលវិធានការសមស្រប»។
អ្នកជំនាញថាទោះបីចិនមានប្រយោជន៍ច្រើននៅក្នុងតំបន់នោះក៏ដោយ ក៏ឥទ្ធិពលចិន មិនស្មើឥទ្ធិពលអាមេរិកទេ។
លោក Katulis នៃវិទ្យាស្ថានមជ្ឈិមបូព៌ា និយាយថា៖«ប្រទេសភាគច្រើនក្នុងតំបន់នោះ នៅតែសំឡឹងមើលសហរដ្ឋអាមេរិកជាជម្រើសដៃគូយុទ្ធសាស្ត្រព្រោះអាមេរិកផ្តល់ការគាំទ្រផ្នែកសន្តិសុខនិងចូលប្រឡូកខាងការទូតនិងសេដ្ឋកិច្ចយ៉ាងក្លៀវក្លា»។
ខណៈសហរដ្ឋអាមេរិកនិងចិន ព្យាយាមជះឥទ្ធិលលើស្ថានការណ៍នៅដែនដីប៉ាឡេស្ទីន ការបញ្ចប់សង្គ្រាមនៅហ្កាហ្សានិងការត្រួសត្រាយផ្លូវឆ្ពោះទៅមុខទៅរករដ្ឋប៉ាឡេស្ទីនមួយ អាស្រ័យជាចម្បងលើការសម្រេចចិត្តរបស់អ៊ីស្រាអែល ពលរដ្ឋប៉ាឡេស្ទីន និងប្រទេសដទៃទៀតក្នុងតំបន់។
មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press នៅចុងខែមេសាថាក្រុមនេះនឹងឈប់តស៊ូប្រដាប់អាវុធរយៈពេល៥ឆ្នាំឬយូរជាងនេះ បើរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានបង្កើតដោយកំណត់យកតាមព្រំដែនមុនឆ្នាំ១៩៦៧។ ធម្មនុញ្ញក្រុមហាម៉ាស់និងសេចក្តីប្រកាសបន្តបន្ទាប់មកទៀត អំពាវនាវឲ្យមាន«ការរំដោះ»ទឹកដីទាំងអស់នៅចន្លោះទន្លេ Jordan និងសមុទ្រមេឌីទែរ៉ាណេ។
លោក Netanyahu បានសម្តែងការជំទាស់របស់លោកម្តងហើយម្តងទៀតចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន ជាពិសេសរដ្ឋដែលក្រុមហាម៉ាស់មានតួនាទីមួយនៅក្នុងនោះ។
ប្រែសម្រួលដោយលោកសាយ មុន្នី