សហរដ្ឋអាមេរិកនិងចិនកាលពីថ្ងៃសុក្របានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីកែសម្រួលថ្មីផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងបន្តកិច្ចព្រមព្រៀងនេះសម្រាប់រយៈពេល ៥ ឆ្នាំទៀត។ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (STA) ដែលត្រូវបានចុះហត្ថលេខាលើកដំបូងក្នុងឆ្នាំ ១៩៧៩ ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter និងមេដឹកនាំចិនលោក Deng Xiaoping នៅពេលនោះ មានគោលបំណងសម្របសម្រួលកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានាដូចជាកសិកម្ម ថាមពល អវកាស សុខាភិបាល បរិស្ថាន វិទ្យាសាស្ត្រផែនដី វិស្វកម្ម និងការផ្លាស់ប្តូរការសិក្សាអប់រំនិងការស្រាវជ្រាវជាដើម។
កិច្ចព្រមព្រៀងកែសម្រួលថ្មីនេះ ដែលមន្ត្រីសហរដ្ឋអាមេរិកនិយាយថាមិនបានរាប់បញ្ចូល «បច្ចេកវិទ្យាសំខាន់ៗឬបច្ចេកវិទ្យាកំពុងលេចឡើងថ្មីៗ» បានចូលជាធរមានដោយរាប់ចាប់តាំងពីថ្ងៃទី ២៧ ខែសីហាមកសម្រាប់រយៈពេល ៥ ឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនដោយអ្នកតំណាងមកពីប្រទេសទាំងពីរ។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងថ្មីនេះបង្រួញទំហំនៃកិច្ចព្រមព្រៀងកាលពីលើកមុន និងដាក់ចេញនូវ «ការការពារ» ដើម្បីធានានូវ «គោលការណ៍បដិការ តម្លាភាព និងភាពបើកចំហ»។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានប្រាប់អ្នកយកព័ត៌មានកាលពីខែកុម្ភៈថាលក្ខណៈនៃការផ្លាស់ប្តូរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺជា «ផលប្រយោជន៍ទៅវិញទៅមកនិងជាការឈ្នះទាំងសងខាង»៕