លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងមេដឹកនាំចិន បានឈោងដល់ការយោគយល់គ្នាដែលអាចនាំឆ្ពោះទៅកាន់ការលុបបំបាត់ពន្ធដារលើការនាំចេញទំនិញបច្ចេកវិទ្យាជាន់ខ្ពស់ដូចជាឧបករណ៍បរិក្ខាពេទ្យ និងសម្ភារៈវីដេអូហ្គេម។
លោក Michael Froman តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសនៅក្នុងទីក្រុងប៉េកាំងដែលនៅទីនោះលោកប្រធានាធិបតីអូបាម៉ា បានចូលរួមសន្និសីទកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក។
«នេះជាព័ត៌មានលើកទឹកចិត្តសម្រាប់ទំនាក់ទំនងរវាងអាមេរិកនិងចិន។ វា បង្ហាញថាតើអាមេរិកនិងចិន ធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យមានការជឿនលឿនដល់របៀបវារៈសេដ្ឋកិច្ចទ្វេភាគីយ៉ាងដូចម្តេច ហើយក៏គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីទាំងដែរ»។
ការអភិវឌ្ឍនេះ កើតមានឡើងនៅពេលដែលប្រធានាធិបតី អូបាម៉ា ធ្វើការដើម្បីស្វែងរកមូលដ្ឋានរួមជាមួយចិននៅក្នុងការប្រឈមនឹងការរង្កៀសចិត្តគ្នាលើបញ្ហានានារួមមានការទាមទារដែនសមុទ្ររបស់ចិន និងការមន្ទិលសង្ស័យក្នុងចំណោមមេដឹកនាំចិនថា សហរដ្ឋអាមេរិកកំពុងរាំងខ្ទប់ការងើបឡើងរបស់ចិនជាមហាអំណាចសាកលលោក។
ពួកមន្រ្តីនៃសេតវិមាន បានហៅការយល់នេះថា ជាការបំបែកភាពទាល់ច្រកដ៏សំខាន់មួយដែលពួកគេ សង្ឃឹមថា នឹងធ្វើឲ្យមានការបញ្ចប់ការចរចានៅពេលឆាប់ៗនេះស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបច្ចេកវិទ្យាព័ត៌មានអង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងទីក្រុងហ្សឺណែវ។
ការចរចាស្តីពីកិច្ចព្រមព្រៀងបានត្រូវផ្អាកចាប់តាំងពីឆ្នាំទៅគឺបណ្តាលមកពីការខ្វែងគំនិតគ្នាអំពីថាតើផលិតផលណាត្រូវរួមបញ្ចូលនៅក្រោមកិច្ចព្រមព្រៀងនោះ។
ការប្រកាសនេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីលោកអូបាម៉ា បានបញ្ចេញកិច្ចព្រមព្រៀងថ្មីដើម្បីបន្តសុពលភាពទិដ្ឋាការសម្រាប់ទេសចរចិន ដែលជាចំណាត់ការមួយដែលលោកប្រធានាធិបតីសង្ឃឹមថា នឹងធ្វើឲ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅឡើងហើយនឹងជួយសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
សេចក្តីប្រកាសទាំងពីរ មានផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចហើយវាបានកើតមានឡើងនៅក្នុងជំហានដំបូងនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអូបាម៉ាក្នុងក្របខណ្ឌការងាររបស់អង្គការ APEC។
ពួកអ្នកវិភាគនិយាយថា ការណ៍នេះគឺជាផ្នែកដ៏ស្រួលមួយនៃដំណើរទស្សនៈកិច្ចនេះ។ ជំនួបរបស់ប្រធានាធិបតីអូបាម៉ាជាមួយមេដឹកនាំចិនស៊ី ជីងពីង ស្ថិតនៅក្នុងបរិបទនៃសន្និសីទកំពូលរបស់អង្គការ APEC ដោយមានវត្តមានពួកមេដឹកនាំមកពីតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក។
ប្រធានាធិបតីអាមេរិកបានធ្វើឲ្យលោកស៊ី មេដឹកនាំចិនចាប់អារម្មណ៍ដោយចាប់ផ្តើមពីការទទួលទានអាហារពេលល្ងាចជាលក្ខណៈឯកជនកាលពីយប់ថ្ងៃអង្គារនិងថ្ងៃពុធ នៅពេលដែលដំណើរបំពេញទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោកអូបាម៉ា ចាប់ផ្តើម។
ការណ៍នេះ កើតឡើងនៅពេលដែលបញ្ហាសន្តិសុខដ៏សំខាន់ដែលរួមមានសេចក្តីព្រួយកង្វល់របស់អាមេរិកលើការទាមទារទឹកដីរបស់ចិនក្នុងសមុទ្រចិនខាងកើតនិងខាងត្បូង ទំនាក់ទំនងរវាងយោធានិងយោធា ហើយនឹងការព្រួយកង្វល់សិទ្ធិមនុស្សដែរ។
ក្នុងអំឡុងពេលនៃជំនួបរបស់អង្គការ APEC កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីអូបាម៉ា មានឱកាសមួយចំនួនដើម្បីនិយាយត្រួសៗជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។ មន្រ្តីសេតវិមាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីប្រទេសអ៊ីរ៉ង់ ស៊ីរី និងអ៊ុយក្រែន ក៏ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតទេ។
ក្រោយមក នៅថ្ងៃពុធ លោកប្រធានាធិបតីអូបាម៉ា ធ្វើដំណើរទៅកាន់ប្រទេសភូមាដែលនៅទីនោះ ក្រៅពីការចូលរួមសន្និសីទចំនួនពីរក្នុងតំបន់ លោកប្រធានាធិបតីនឹងលើកទឹកចិត្តពួកមេដឹកនាំភូមាឲ្យបង្កើនល្បឿនកំណែទម្រង់នយោបាយបន្ទាប់ពីប្រទេសនេះចេញផុតពីការគ្រប់គ្រងរបស់ពួកយោធាដែលគ្រប់គ្រងប្រទេសអស់រាប់ទសវត្សរ៍មក៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន